ចិន​ខឹង​សម្បារ​នឹង​ស.រ.អា​ ដែល​បញ្ជូន​នាវា​ចម្បាំង​ទៅ​ជិត​កោះ​មាន​ជម្លោះ

នាវា​ចម្បាំង​អាមេរិក USS Lassen  ធ្វើ​ដំណើរ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្នុង​រូបថត​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ដែល​ផ្តល់​ឲ្យ​ដោយ​កងទ័ព​ជើង​ទឹក​អាមេរិក។

ចិន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​នឹង​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​បញ្ជូន​នាវា​ចម្បាំង​ទៅ​ជិត​កោះ​ និង​តំបន់​ថ្មប៉ប្រះទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​ទាមទារ​ ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សន្យា​ថា ​នឹង​ធ្វើ​បេសកកម្ម​ល្បាត​បន្ថែម​ទៀត។​

ក្រសួង​ការបរទេសចិនបាន​និយាយ​នៅ​ថ្ងៃពុធ​ថា​ ខ្លួន​បាន​កោះហៅ​លោក​ Max Baucus ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​មក​ជួប​ ដើម្បី​ប្រគល់​ការតវ៉ា​ជាផ្លូវការ​លើ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​អង្គារ។ សកម្ម​ភាព​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញនូវ​កាយវិការ​ដ៏​ក្លាហាន​របស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទល់​នឹង​ការ​ប្រកាស​ទាមទារ​របស់​ចិន​លើ​ដែន​ដី​ដ៏​ចម្រូងចម្រាស​នេះ។​

មន្ត្រី​យោធា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​ការចូល​ទៅ​កៀក​តំបន់​ថ្មប៉ប្រះទឹក​ស៊ូប៊ី (Subi) ដែល​ចិន​គ្រប់​គ្រង​គឺ​ជា ការ​អនុវត្តសេរីភាព​នៃ​ចរាចរណ៍​នាវា​ ហើយ​មិន​ទាក់​ទង​ទៅ​នឹង​បញ្ហា​អធិបតេយ្យ​ភាព​ពីលើ​តំបន់​នោះ ដែល​ប្រទេស​វៀតណាម​និង​ហ្វីលីពីន​បាន​ប្រកាស​ទាមទារ​ផង​ដែរ​នោះ​ទេ។​

មន្ត្រី​ការពារ​ជាតិអាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ​កាលពីថ្ងៃ​អង្គារ​ថា​ សហរដ្ឋ​អាមេរិក​ទំនង​ជា​នឹង​ធ្វើ​ដំណើរ​ល្បាត​ថែម​ទៀត​នៅ​ក្នុង​តំបន់​នោះ​។​

សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​ក៏​ស្វាគមន៍​ការ​ឆ្លងកាត់​របស់​នាវា​អាមេរិក​នៅ​ជិត​ប្រជុំ​កោះ​ Spratly ​ដែល​កំពុង​មាន​ជម្លោះ​ បើ​ទោះ​បីជា​ពួកគេ​នៅ​ប្រើប្រាស់​ពាក្យពេចន៍​ប្រយ័ត្ន​ប្រយែង​ក៏​ដោយ៕