ប្រទេសចិនបានជំទាស់ទៅនឹងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 ដែលបានរិះគន់ខ្លួនអំពីបញ្ហាសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G-7 ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានអំពាវនាវដល់ប្រទេសចិន «ឲ្យគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ជាពិសេសទាក់ទិននឹងតំបន់ Xinjiang ហើយនឹងសិទ្ធិ សេរីភាព និងស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុងដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមរវាងប្រទេសចិននិងចក្រភពអង់គ្លេស»។ សេចក្ដីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេសនេះចង់សំដៅលើកិច្ចព្រមព្រៀងឆ្នាំ ១៩៩៧ ដែលអង់គ្លេសបានប្រគល់ទីក្រុងហុងកុងឲ្យចិនជាអ្នកគ្រប់គ្រងវិញ។
រដ្ឋាភិបាលក្រុងប៉េកាំងបានរងការចោទប្រកាន់ថាបានប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើជាតិសាសន៍ភាគតិចអ៊ុយហ្គ័រ (Uyghur) នៅតំបន់ Xinjiang និងការរំលោភបំពានផ្សេងៗទៀតនៅក្នុងទីក្រុងហុងកុង។
ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 ថាបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ស្ថានទូតចិននេះបានប្ដេជ្ញាថានឹង «តបតវិញដោយមុះមុតប្រឆាំងនឹងរាល់ភាពអយុត្តិធម៌និងការបំពានគ្រប់បែបយ៉ាងដែលធ្វើមកលើប្រទេសចិន»។
ស្ថានទូតចិននេះក៏បានបញ្ជាក់ផងដែរថា ការស៊ើបអង្កេតរកប្រភពនៃជំងឺកូវីដ ១៩ មិនគួរយកមក «ធ្វើជាបញ្ហានយោបាយ» នោះទេ។ ការបញ្ជាក់ដូច្នេះគឺជាការឆ្លើយតបចំពោះក្រុមប្រទេស G-7 ដែលទាមទារឲ្យអង្គការសុខភាពពិភពលោក (WHO) ធ្វើការស៊ើបអង្កេតលើកទី ២ ដើម្បីរកប្រភពជំងឺកូវីដ១៩ «ឲ្យបានទាន់ពេលវេលា មានតម្លាភាព ដឹកនាំដោយអ្នកជំនាញ និងផ្អែកលើវិទ្យាសាស្ត្រ»៕