នាយក​ទី​ភ្នាក់​ងារ​​ចារកម្ម​​​​​អង់គ្លេស​ថា​ ចិន​​ជា​ការ​គំរាម​កំហែង​ធំ​បំផុត​​ក្នុង​រយៈ​ពេល​វែង​សម្រាប់​​ប្រទេស​អង់គ្លេស

រូបឯកសារ៖ ទង់ជាតិចិនត្រូវបានដាក់នៅក្បែរបង្គោលដែលមានបំពាក់ដោយប្រព័ន្ធកាមេរ៉ាតាមដាននៅក្បែរទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

នាយក​ទីភ្នាក់ងារ​ប្រឆាំងចារកម្ម​ក្នុង​ស្រុក​របស់​ប្រទេស​អង់គ្លេសបាន​លើក​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​តុលា​កន្លង​ទៅ ​ពី​ការ​គំរាម​កំហែងផ្សេងៗ​ដែល​ប្រទេស​អង់គ្លេស​កំពុង​ប្រឈម​មុខ​នោះ រួម​មាន​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម ​និង​ក្រុម​ស្តាំ​ជ្រុល​និយម​ ដែល​កំពុង​តែ​កើន​ឡើង​ ប៉ុន្តែ​លោកសង្កត់ធ្ងន់​ថា​ ការ​គំរាម​កំហែងដ៏ធំ​បំផុត ក្នុងរយៈ​ពេល​វែង​នោះ ​គឺ​ប្រទេស​ចិននោះទេ​។

លោក Ken McCallum នាយក​ទី​ភ្នាក់​ងារ​ប្រឆាំងចារកម្ម MI5 ក្នុងប្រទេសអង់គ្លេស បានប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រុង​ឡុងដ៍​ ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​ ក្នុង​ឋានៈ​ជា​ប្រធាន​ទី​ភ្នាក់ងារ​នេះ​ថា ពេល​បច្ចុប្បន្ន​ប្រទេស​រុស្ស៊ី​បង្ក​ជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​មួយ​សម្រាប់ប្រទេស​អង់គ្លេស​ បើ​និយាយ​ក្នុង​បរិបទ​រវាងរដ្ឋ​និង​រដ្ឋ​នោះ។ ក៏​ប៉ុន្តែ​ប្រទេស​ចិន​វិញនឹង​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ជាង​នេះ​ សម្រាប់​ប្រទេស​អង់គ្លេសក្នុង​ពេល​អនាគត​។

លោក​បាន​បន្ត​ថា​ ខណៈ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បង្ក​ «ព្យុះភ្លៀង​ម្តងម្កាល​នោះ​» ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងកំពុង «ផ្លាស់​ប្តូរ​អាកាស​ធាតុ​ទាំង​មូល​តែ​ម្តង»។​

លោក​ McCallum វ័យ ៤៥​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ក្រុង​ Glasgow បាន​និយាយ​ថា លោក​គ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​នៃទីភ្នាក់ងារ​របស់​លោក ដើម្បី​ទប់​ទល់​នឹង​សកម្មភាព​ខុសច្បាប់​របស់​ប្រទេស​ចិន។ លោកបាន​ចូល​កាន់​តួនាទី​នៅ​ក្នុង​ផ្នែក​នេះ​ ចាប់តាំង​ពី​ខែ​មេសា​មក​។ ​

លោក McCallum បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​លួច​យកកម្មសិទិ្ធ​បញ្ញារបស់ក្រុម​ហ៊ុន​អាជីវកម្ម​នានា ​ក្នុ​ងប្រទេស​អង់គ្លេស ដែល​រួម​មាន​គ្រឹះស្ថានឱសថ និង​សាកលវិទ្យាល័យ​ផ្សេងៗ​ជា​ដើម​។

លោក​បាន​បន្តថា៖ «ចក្រភព​អង់គ្លេស​ចង់​សហការ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ដោះស្រាយបញ្ហាធំៗជា​សាកល ដូចជា​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាដើម​ ហើយ​ស្រប​ពេល​ជា​មួយគ្នា​នេះ​ដែរ ត្រូវ​មាន​ភាព​រហ័សរហួស ដើម្បី​ទប់​ទល់​នឹង​សកម្មភាពដ៏គឃ្លើន​នានា ពេល​ដែល​យើង​ជួប​ប្រទះ​»។

លោក McCallum បាន​ចោទ​ប្រកាន់រដ្ឋបង្ក​អរិភាពនានា ​ដូចជា​ប្រទេស​ចិន និងប្រទេសរុស្ស៊ី​ជាដើមនោះ​ ថាមិន​ត្រឹម​តែ​ធ្វើ​សកម្មភាព​ចារកម្ម​លួច​រឿង​សម្ងាត់​របស់​រដ្ឋាភិបាលប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំណត់​គោល​ដៅចារកម្មលើវិស័យ​សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ព្យាយាម​បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យរបស់​ប្រទេស​អង់គ្លេសផង​ដែរ។​

លោក McCallum ​បាន​គូស​បញ្ជាក់​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ដោយសម្តែង​ពី​ក្តីបារម្ភជុំវិញសកម្មភាព​ចារកម្ម​ពី​ប្រទេស​ខាង​ក្រៅ​ ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​និង​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​របស់​ប្រទេស​អង់គ្លេស ដោយលោកលើកឡើង​ថា​ ទី​ភ្នាក់​ងារ​របស់​លោក​កំពុង​ព្យាយាមបង្អាក់​នូវ​សកម្មភាព​ចូល​លួច​ ឬ​បំផ្លាញ​ទិន្នន័យ​ស្រាវជ្រាវ​វ៉ាក់សាំង​នោះ។

លោក Ken McCallum នាយក​ទី​ភ្នាក់​ងារ​ប្រឆាំងចារកម្ម MI5 ក្នុងប្រទេសអង់គ្លេស ចូលរួមក្នុងសន្និសីទមួយ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

លោក​បាន​បន្ថែម​ថា៖ «វា​ប្រាកដ​ណាស់ លាភ​សក្ការៈ​ជាសាកលពី​ការ​រក​ឃើញវ៉ាក់សាំង​ ដែលអាច​ប្រើប្រាស់​បាន​ប្រឆាំង​នឹង​វីរុស​ដ៏​ប្រល័យ​នេះ​ គឺមាន​ទំហំ​ធំធេង​ណាស់»។​

​លោកមាន​ប្រសាសន៍​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិតថា វា​មាន​ចំណុច​ពីរ​ ដែល​យើង​កំពុង​ប្រយ័ត្ន​ប្រយែង​នោះ​។ ទី​មួយ​ គឺ​ការ​ប៉ុន​ប៉ង​លួច​យក​កម្មសិទ្ធិ​បញ្ញា​ផ្តាច់​មុខ​របស់​យើង ដែល​ជា​សមិទ្ធផលនៃការ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង ឬការ​លួច​ចូល​ដើម្បី​បំផ្លាញទិន្នន័យ»។

លោក​បាន​បន្ថែម​ថា៖ «ហើយ​បន្ទាប់​មក​ហានិភ័យ​ទី​ពីរ​ ដែល​យើង​ត្រូវ​ប្រយ័ត្នប្រយែង​ដែរនោះ​ គឺ​លទ្ធភាព​ដែល​ការ​ស្រាវជ្រាវ​ កំពុង​មាន​សុចរិតភាព​និង​អំណោយ​ផល​ខ្ពស់​នោះ ​ប៉ុន្តែ​ស្រាប់​តែ​មានជនណា​ម្នាក់​ព្យាយាម​បង្ក​ឲ្យ​មាន​ភាព​សង្ស័យ​ទៅ​លើ​សុចរិតភាព​នេះ​ទៅ​វិញ​»។

​កាល​ពី​បី​ខែ​មុន មន្ទីរ​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាតិ​អង់គ្លេស​ បាន​និយាយ​ថា ​ក្រុម​ជន​លួច​ចូលប្រព័ន្ធ​អ៊ីន​ធឺណិត​ដែល​គាំទ្រដោយ​ប្រទេស​រុស្ស៊ី​នោះ​ បាន​ព្យាយាមចូលលួច​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​ពី​សាកលវិទ្យាល័យ​ និង​គ្រឹះស្ថាន​ឱសថ​មួយ​ចំនួន ​ក្នុង​ប្រទេស​អង់គ្លេស​។

លោក McCallum​ បាន​និយាយ​ថា៖ «នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០២០ នេះ​ បញ្ហា​ប្រឈបម​ដ៏​លំបាក​បំផុត​ដែល​ទីភ្នាក់ងារ​ចារកម្ម​ MI5 និង​រដ្ឋាភិបាល​អង់គ្លេសកំពុង​ជួបប្រទះ​នោះ ​គឺ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជាតិ​ផ្សេងៗ​ ដែល​បង្ក​ឡើង​ដោយប្រទេស​រុស្ស៊ី ចិន​ អ៊ីរ៉ង់ ​និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងៗ​ទៀតកំពុង​មាន​សភាពកាន់​តែ​ធ្ងន់​ធ្ងរ ​និង​ស្មុគស្មាញ​ ខណៈ​ពេល​ដែល​ការ​គំរាមកំហែង​ពី​ភេរវករ​ ក៏កើត​មានស្រប​ពេល​ជា​មួយ​គ្នា​នេះផង​ដែរ»។​

​លោក​បាន​បន្ថែម​ទៀតថា៖ «យើង​ក៏​ឃើញ​មាន​ការ​លូកដៃ​ចូល​ក្នុង​ឆាក​នយោបាយ​ផង​ដែរ។ ឧទាហរណ៍​ ដូច​ជា​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​ការពិភាក្សា​ផ្សេងៗ ​នៅ​ក្នុងសហគមន៍​អឺរ៉ុប​។ ​ក្នុង​ពេល​ថ្មីៗ​នេះ យើង​បាន​បង្អាក់​សកម្មភាព​ចារកម្ម​ចិន ដែល​ទំនងដូច​ជា​សំដៅ​មក​លើ​សហគមន៍​អឺរ៉ុប​ទាំង​មូល​»។

លោក McCallum ដែល​ធ្លាប់​ធ្វើ​ជា​ភ្នាក់ងារ​បង្កប់​ខ្លួន​ឲ្យទីភ្នាក់​ងារ​ចារកម្ម MI5 អស់រយៈពេល ២៤ ​ឆ្នាំ​ មុន​ពេល​លោកទទួល​បាន​តំណែង​ជា​នាយក​ទីភ្នាក់ងារ​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​បរទេស​ ដែល​តម្រូវ​ឲ្យអ្នក​ចរ​ចារបញ្ចុះ​បញ្ចូល​ទីប្រឹក្សា​ផ្នែក​ជំនួញ​មេធាវី​ និង​ជន​ដទៃ​ទៀត​ដែល​ទទួល​បាន​ការ​ផ្គត់ផ្គង់​ថវិកាពី​បរទេស​នោះ​ ចុះ​បញ្ជីស្តី​សកម្មភាព​របស់​ខ្លួន។ នា​ពេល​បច្ចុប្បន្ន​នេះ​ការចុះ​បញ្ជី​នេះមាន​តែ​នៅ​សហរដ្ឋអាមេរិក ​និង​ប្រទេសអូស្រ្តាលី​ប៉ុណ្ណោះ។

លោក​បញ្ជាក់ថា៖ «ការ​ចុះ​បញ្ជី​នេះ​នឹង​ជួយ​ឲ្យ​ប្រទេសអង់គ្លេសអាច​ប្រយុទ្ធ​តទល់លើ​ «ការ​លូក​ដៃ​និង​ឥទ្ធិពល​បរទេស​ដែលគ្មាន​សុចរិត​ភាព​ ហើយមាន​លក្ខណៈ​ខុស​ពី​ហានិភ័យ​ចារកម្ម។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បានចុះ​ផ្សាយ ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ គណៈ​កម្មការទទួល​បន្ទុក​ចារកម្ម​អន្តរ​គណបក្ស និង​សន្តិសុខ​នៃ​សភា​អង់គ្លេស​ បាន​ព្រមានថា​ «ឥទ្ធិពលរុស្ស៊ីក្នុង​ប្រទេស​អង់គ្លេស គឺ​មាន​ស្ថានភាព​ថ្មី​ជា​ធម្មតា»។ គណៈ​កម្មការនេះ​ក៏​បាន​រិះគន់ «ជន​គំនិត​អាក្រក់និង​ជនអន្ត​រាគមន៍​ខុស​ច្បាប់» ក្នុង​ប្រទេស​អង់គ្លេស​ ដែលរួម​មានសមាជិក​សភា​ជាន់​ខ្ពស់​របស់​អង់គ្លេស ដែល​បាន​ជួយ​សម្រួល​លំហូរ​លុយពី​រុស្ស៊ី​ ចូល​ទៅ​ក្នុង​ប្រទេស​អង់គ្លេស ​អស់រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ទទួលបាន​នូវភាព​មានស្តុក​ស្តម្ភ​ពី​ទង្វើ​នេះ និង​បានប្រែក្លាយ​ទីក្រុង​ឡុងដ៍ទៅ​ជា​«កន្លែង​លាង​លុយ​កខ្វក់​» សម្រាប់ប្រទេសរុស្ស៊ី។

សមាជិក​គណៈ​កម្មការ​ខាង​លើ​បាន​លើកឡើងនៅ​ក្នុង​របាយការណ៍​ថា៖ «ការ​ហូរ​ចូលលុយពី​រុស្ស៊ី​បាន​ជំរុញ​ឲ្យ​ជន​ដែល​មាន​គំនិត​អាក្រក់​ដែល​រួម​មាន​បុគ្គល​ និង​អង្គការ​ដែល​គ្រប់​គ្រង​ និងចរចា​បញ្ចុះ​បញ្ចូល​សម្រាប់​ក្រុម​អភិជន​រុស្ស៊ី​ នៅក្នុង​ប្រទេស​អង់គ្លេស។ មេធាវី​ គណនេយ្យករ​ និង​ទី​ភ្នាក់ងារ​ផ្នែក​អចលនទ្រព្យ​ និង​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ បានប្រើ​ប្រាស់​តួ​នាទីរបស់​ខ្លួន​ ទោះ​ចេតនា​ឬ​អចេតនា​ក្តី នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី ដែល​តែងតែ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​លើក​ស្ទួយ​ផល​ប្រយោជន៍ខុស​ច្បាប់របស់​រដ្ឋ​រុស្ស៊ី​នោះ​»។​

រដ្ឋា​ភិបាលប្រទេសអង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​ធ្វើ​សេចក្តីព្រាង​ច្បាប់​ផ្នែក​សន្តិសុខ​សារធារណៈ​ និង​វិនិយោគ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀងអាជីវកម្ម​ និងការ​ទទួលគ្រប់គ្រង​ពាក់​ព័ន្ធនឹងជំនួញលើវិស័យ​ការពារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ចម្បង​ ដែល​អាច​ត្រូវ​បានរាំង​ខ្ទប់​ដោយអាជ្ញាធរ​ ប្រសិន​បើ​ពួកគេ​ព្រួយ​បារម្ភ​ថា ​វា​អាចមាន​ហានិភ័យ​ដល់​ទ្រព្យ​សម្បត្តិសំខាន់​របស់​អង់គ្លេស​នោះ​។

​ទាក់​ទង​នឹងរឿង​ភេរវកម្ម​វិញ លោក​ McCallum បាន​លើក​ឡើងថា មាន​ការ​គំរាម​កំហែង​កាន់​តែ​ច្រើនពី​ក្រុមជ្រុល​និយមស្តាំ​។ ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ​មក ទីភ្នាក់ងារ​ចារកម្ម​ MI5 បាន​បង្អាក់​ផែនការ​វាយ​ប្រហារ​ភេរវកម្ម​ចំនួន ២៧ លើក​ ដែល​ក្នុង​នោះ​ផែនការ​ចំនួន​ប្រាំ​បី​លើក ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​ស្តាំ​។ លោក​បាន​ព្រមាន​ថា ​«​បច្ចុប្បន្ននេះ​ការ​គំរាមកំហែង​មិនមាន​ទំហំ​ធំដូចក្រុម​ភេរវកម្ម​ឥស្លាមជ្រុល​និយម​នោះ​ទេ។ ប៉ុន្តែ​ការ​គំរាម​កំហែង​នេះកំពុង​តែ​រីក​ធំ​ឡើងៗ​»។​

លោក McCallum​ បញ្ជាក់ថា ការ​រាតត្បាត​វីរុស​កូរ៉ូណា​បាន​បង្ក​ការ​លំបាក​ ដើម្បី​រក្សាការ​តាម​ដាន​លើភេរវជនដែលមាន​ការ​សង្ស័យ ដោយ​លោកកត់​សម្គាល់​ថា​ជា​មួយ​នឹងចំនួនអ្នក​ថ្មើរ​ជើងមាន​តិច​ជាង​មុន​នៅ​លើ​ដង​ផ្លូវនោះ ​«ភ្នាក់​ងារ​ឃ្លាំ​មើល» អាច​ត្រូវ​គេ​ចំណាំបាន​ងាយ​ស្រួល​ជាង​មុន។

លោក​បាន​បន្ថែម​ថា ​ប៉ុន្តែ​រឿង​ដែលល្អពីការ​រាតត្បាតនៃវីរុស​នោះ គឺថា​មាន​ការ​ធ្វើកម្មវិធី​តិច​ជាង​មុន​ ហើយកន្លែង​ដែល​មាន​មនុស្ស​ម្នា​កកកុញ​នោះ​ ក៏មាន​ចំនួន​តិច​ជាង​មុន សម្រាប់ឲ្យ​ពួក​ជន​វាយ​ប្រហារធ្វើ​ការ​កំណត់​ទី​តាំង​នោះ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា