ចិន​បង្កើន​ជំនួយ​​ដល់​កម្ពុជា​សម្រាប់​វិស័យ​កម្ចាត់​មីន​ ខណៈ​ដែល​អាមេរិក​រឹត​បន្តឹង​ជំនួយ

រូបឯកសារ៖ ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក​ សេរី កុសល្យ​ អនុប្រធាន​ទី​មួយ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​បា្រប់​មិត្ត​ចិន​ថា​ កម្ពុជា​ ត្រូវ​ការ​ថវិកា​ប្រមាណ​ជា​ ៤០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​ឲ្យ​អស់​មុន​ឆ្នាំ​ ២០២៥។

មួយ​សប្តាហ៍​ក្រោយ​ជំនួប​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​ លី ខឺឈាង​ (Li Keqiang ) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ដែល​បាន​ពិភាក្សា​អំពី​ការ​បោស​សម្អាត​កាក​សំណល់​សល់​ពី​សង្គ្រាម​ក្នុង​ទសវត្សរ៍​១៩៦០​ និង​១៩៧០មក ​រដ្ឋាភិបាល​ចិន​បាន​ប្រគល់​សម្ភារៈ ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​ជា ច្រើន​ដល់​អាជ្ញាធរ​ដោះ​មីន​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​បោស​សម្អាត​មីន​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាទទួល​បន្ទុក​កិច្ចការ​បោស​សម្អាត​មីន។

លោក​ សេរី កុសល្យ​ អនុប្រធាន​ទី​មួយ​នៃអាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន ដែល​ត្រូវ​គេ​ស្គាល់​ដោយ​ខ្លី​ថា​«អាជ្ញាធរ​មីន‍» ​ត្រូវ​គេ​ឃើញ​ក្នុង​វីដេអូ​ឃ្លីប​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​ប្រាប់​ភាគី​ចិន​ គឺ​លោក​ឯកអគ្គរដ្ឋទូត​ សុង ប៉ ​(Xiong Bo) ថា​ ជំនួយ​ចិន​ដែល​បាន​ផ្តល់​ជូន​កម្ពុជា​ ​ក្នុង​ការ​បោស​សម្អាតគ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​ ធ្វើ​ឡើង​នៅ​គ្រា​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ បាន​ត្រៀម​ដក​ជំនួយ​ចេញ​ពី​កម្ពុជា​ ក្នុង​ការ​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ។​

ក្នុង​កម្មវិធី​ប្រគល់​ជំនួយ​ចិន​ដល់​កម្ពុជា​សម្រាប់​សកម្មភាព​បោស​សម្អាត​គ្រាប់​មីន​ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ សេរី កុសល្យ អតីតមន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ​បាន​សម្តែង​ការ​ដឹង​គុណ​ផង​ដែរ ចំពោះ​ជំនួយ​របស់​ចិន​ ​ហើយ​សង្ឃឹម​ថា ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​បន្ថែម​ដើម្បី​សម្អាត​ផ្ទៃដី​ដែល​នៅ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម។​ លោក​ សេរី កុសល្យ​ បាន​ចាត់​ទុក​ប្រទេស​ចិន​ថា​ ជា​មហាមិត្តរបស់​កម្ពុជា​ ដែល​តែងតែ​តាម​ជួយ​កម្ពុជា​ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។

លោក សេរី កុសល្យ ថ្លែង​ក្នុង​វីដេអូ​នោះ​ថា៖​

​«មិត្ត​មាន​ពីរ​ប្រភេទ​ មិត្ត​ មិត្ត​មួយ​ គឺ​ដូច​ខ្ញុំ​បាន​លើក​ឡើង​ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ​ គ្នា​គ្រា​លំបាក​ ហើយ​ក៏​មាន​មិត្ត​មួយ​ទៀត​ដែរ​ ដែល​ខ្មែរ​យើង​ហៅ​ថា ​មិត្ត​តាម​ស៊ី​តាម​ផឹក​នោះ ​គឺ​អត់​បាន​ការ​ទេ​ បាន​តែ​ដើរៗ​ផឹកស៊ី​ទេ​ ផុត​ពី​ហ្នឹង​គឺ​ចប់​ មហាមិត្ត​ចិន​ ​គឺ​ជា​មិត្ត​ដែល​ស្ថិត​នៅ​ក្នុង​ ​លំដាប់​មួយ​ ដែល​យើង​បាន​ដឹង​ថា​ ជា​មិត្ត​ ដែល​ជួយ​ប្រទេស​កម្ពុជា​ ​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ​ នៅ​ពេល​ដែល​កម្ពុជា​ ជួប​ការ​ពិបាក​ស្មុគស្មាញ​ សូម​អរគុណ​ដល់​មិត្ត​ចិន»។​

លោក​ សេរី កុសល្យ​ បាន​បា្រប់​មិត្ត​ចិន​ថា​ កម្ពុជា​ ត្រូវ​ការ​ថវិកា​ប្រមាណ​ជា​ ៤០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​ឲ្យ​អស់​មុន​ឆ្នាំ​ ២០២៥។ លោក​បាន​ប្រាប់​ពី​សេចក្តី​ប្រាថ្នា​ចង់​បាន​របស់​កម្ពុជា​ ​នូវ​ម៉ាស៊ីន​ Drone និង​រថយន្ត​ Jeep របស់​ចិន​ និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​របស់​ចិន​ថ្មីៗ​ក្នុង​ការ​ដោះ​មីន​នៅ​កម្ពុជា។​

ពិធី​ប្រគល់​អំណាយ​ចិន​ជា​សម្ភារៈ​ ដែល​រួម​មាន​ម៉ូតូ​៤០គ្រឿង​ ​កុំព្យូទ័រ​លើ​តុ ​និង​យួរ​ដៃ​ ​ហើយ​និង​ iPad ​ជាង​២០​គ្រឿង​ ​បូករួម​នឹង​ឧបករណ៍​បម្រើ​ឲ្យ​វិស័យ​ដោះ​មីន​ផ្សេងៗ​ទៀត​ដូច​ជា​ ​ឧបករណ៍​រុក​រក​ជាតិ​ដែក​ ​និង​ឧបករណ៍​កម្ទេច​គ្រាប់​ កើត​មាន​ឡើង​ ក្រោយ​សហរដ្ឋ​អាមេរិក​ ​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ​បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​នឹង​បញ្ចប់​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​(CMAC)​ ​ត្រឹម​ឆ្នាំ​២០១៧​ ក៏​ប៉ុន្តែ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​តាម​មូលដ្ឋាន​ប្រកួត​ប្រជែង​ ​ដើម្បី​បោសសម្អាត​គ្រាប់​មីន​ទាន់​ផ្ទុះ​នេះ។​

លោក​ឯកអគ្គរដ្ឋ​ទូត​ចិន Xiong Bo​ ​បាន​លើក​ឡើង​ ក្នុង​ពិធី​ប្រគល់​ជំនួយ​ចិន​សម្រាប់​សកម្មភាព​កម្ទេច​ចោល​គ្រាប់​មិន​ទាន់​ផ្ទុះ​ថា​ ប្រទេស​ចិន​តែង​តែ​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​បញ្ហា​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ ខណៈ​ដែល​ពល​រដ្ឋ​កម្ពុជា​នៅ​បន្ត​រងគ្រោះ​ ដោយ​កាកសំណល់​សល់​ពី​សង្គ្រាម។

លោក Xiong​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ លី ខឺឈាង​ (Li Keqiang)​ ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ ក្នុង​ជំនួប​លោក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មេដឹកនាំ​កម្ពុជា​ ​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ហ្វីលីពីន​ថា​ ​ចិន​បាន​ប្តេជ្ញា​នឹង​បង្កើន​ជំនួយ​ដល់​កម្ពុជា​ក្នុង​កិច្ចការ​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ។​ ​

លោក​ Xiong​ បាន​ថ្លែង​អំពី​ការ​គំាទ្រ​របស់​ចិន​ដល់​កម្ពុជា​ ក្នុង​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ តាម​អ្នក​បក​ប្រែ​យ៉ាង​ដូច្នេះ៖​

«រដ្ឋាភិបាល​ចិន​ក៏បាន​គាំទ្រ​យ៉ាង​សកម្ម​ នូវ​បុព្វហេតុ​បោស​សម្អាត​មីន​នៅ​ប្រទេស​កម្ពុជា។​ នេះ​បាន​ស​បញ្ជាក់​ពី​កាយវិការ​ក្នុង​ការ​ទទួលខុសត្រូវ​នៃ​កាតព្វកិច្ច​ នូវ​មនុស្សធម៌​អន្តរជាតិ​នៅ​ប្រទេស​ចិន​ គឺ​ជា​ ការ​បង្ហាញ​នូវ​មិត្តភាព​ប្រពៃណី​ រវាង​ប្រទេស​យើង​ទាំងពីរ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​យើង​ទាំងពីរ​បាន​មាន​កិច្ច​សហប្រតិបត្តិការ​ កាន់តែ​ស៊ីជម្រៅ​នូវ​វិស័យ​បោស​សម្អាត​មីន។ រដ្ឋាភិបាល​ចិន​ក៏​បាន​ផ្តល់​ការ​គាំទ្រ​ ទៅ​ដល់​ភាគី​កម្ពុជា​ ដោយ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ បោសសម្អាត​មីន​ក៏​ដូច​ជា​ ផ្តល់​សម្ភារៈ​ បោស​សម្អាត​មីន​ និង​ថវិកា​ជាដើម»។​

ខណៈ​ប្រទេស​ចិន​បាន​ប្រកាស​ថា ​ជួយ​កម្ពុជា​ក្នុង​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន សែន​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​បាន​រាយការណ៍​ដល់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ អាន់តូញ៉ូ ហ្គុយ​តេរេស ​(Antonio Guterres)​ ​ថា ​ប្រទេស​កម្ពុជា​ ​បាន​រក​ឃើញ​គ្រាប់​បែក​គីមី​ ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ក្នុង​ចុង​ទសវត្សរ៍​ ១៩៦០​ និង​ដើម​ទសវត្សរ៍​ ១៩៧០។​ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា ​កម្ពុជា​ក៏​បាន​ធ្វើ​លិខិត​ផ្លូវការ​បញ្ជូន​ទៅ​កាន់​អង្គការ​អន្តរជាតិ​ផ្នែក​អាវុធ​គីមី​រួច​ហើយ​ដើម្បី​ជួយ​កម្ពុជា។​

សហរដ្ឋ​អាមេរិកបាន​ឆ្លើយ​តប​ថា​ ខ្លួន​បាន​ដឹង​អំពី​លិខិត​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្ញើ​ទៅ​កាន់​ ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ហៅ​កាត់​ថា​ ​OPCW។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​លោក​ David Josar​ បាន​ប្រាប់​ VOA​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ថា អាមេរិក​ស្វាគមន៍​អ្នក​ជំនាញ​បច្ចេកទេស​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី។​ លោក​ថា​ ស្ថានទូត​នៅ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​បេសកកម្ម​អាមេរិក​នៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ស្ថិត​ក្នុង​ទីក្រុង​ឡាអេ​ (The Hague)​ និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ជំហាន​បន្ត​បន្ទាប់​ទៀត​ ក្នុង​ដំណើរការ​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​នេះ។​

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​ ​David​ Josar បាន​ឲ្យ​ដឹង​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​នៅ​បន្ត​ប្តេជ្ញា​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ភាព​ជា​ដៃ​គូ​របស់​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​ ​នៅ​ក្នុង​ការ​គាំទ្រ​គោលដៅ​របស់​ប្រជាជន​កម្ពុជា​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ពួក​គេ​ ​រួចផុត​ពី​ផល​ប៉ះពាល់​នៃ​គ្រាប់​មីន​នៅ​ត្រឹម​ ​២០២៥​ ​ក៏​ដូច​ជា​សម្រេច​ឲ្យ​បាន​គោលដៅ​រួម​គ្នា​របស់​អាមេរិក​នៃ​ការ​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​មាន​ប្រភព​ចេញ​ពី​សហរដ្ឋ​អាមេរិក។​

ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺ​លោក​ William Heidt​ ធ្លាប់​បាន​បញ្ជាក់​កន្លង​ទៅ​ថា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​ ១៦០​លាន​ដុល្លារ​ ​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​នេះ​ ​សម្រាប់​គម្រោង​បោស​សម្អាត​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។​ ក្រៅ​ពី​នេះ​ ​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​ ​ដោយ​ផ្តោត​លើ​វិស័យ​យោធា​ ពាណិជ្ជកម្ម កសិកម្ម​ សេដ្ឋកិច្ច​ និង​អប់រំ​ជា​ដើម។​

​អ្នក​វិភាគ​បាន​លើក​ឡើងថា​ ការ​សើរើ​បញ្ហា​គ្រាប់បែក​ ​ឬ​អាវុធគីមី​របស់​អាមេរិក​នៅ​ពេល​នេះ​ ​គឺ​មាន​ការ​ជាប់​ទាក់​ទិន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ ​និង​បញ្ហា​រកាំរកូស​នៃ​ចំណង​ការ​ទូត​កម្ពុជា​អាមេរិក ដែល​មិន​ព្រម​ទម្លាក់​ចោល​បំណុល​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ ដែល​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ជំពាក់​ខ្លួន​ក្នុង​របប​សាធារណរដ្ឋ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ លន់ នល់។​

ទោះ​បី​មាន​ការ​ជួយ​ពី​ប្រទេស​ផ្សេងៗ​ក្នុង​កិច្ច​កម្ចាត់​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ លោក​ សេរី​ កុសល្យ ​អនុប្រធាន​ទី​មួយ​នៃ​អាជ្ញាធរ​មីន​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ទើប​តែ​បោសសម្អាត​ផ្ទៃ​ដែល​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ ​១.៦០០​ គីឡូម៉ែត្រក្រឡា​ លើ​ផ្ទៃ​ដី​សរុប​ ៣.៦០០ គីឡូម៉ែត្រ​ក្រឡា​ដែល​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ពី​សំណល់​សល់​ពី​សង្គ្រាម។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​ចិន​ក្នុង​វិស័យ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​នៅ​កម្ពុជា​ សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ ខណៈ​ដែល​ចំនួន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​បាន​កើន​ដល់​ជិត ​១៦​លាន​នាក់។​

លោក​ លី ធុច​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​មីន ​ក៏​បាន​ឲ្យដឹង​បន្ថែម​ អំពី​ការ​ផ្តល់​ជំនួយ​របស់​ចិន​ ​នៅ​ចំពោះមុខ​លោក​ Xiong Bo​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៥​ ​ដោយ​ចិន​បាន​ផ្តល់​ថវិកា​សម្រាប់​ជួសជុលអគារ​នានា​ ដែល​បម្រើ​កិច្ច​ការ​កម្ចាត់​គ្រាប់​មិន​ទាន់​ផ្ទុះ​ ការ​បំពាក់​គ្រឿង​បរិក្ខារ​ផ្សេងៗ​ ​រួម​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ ម៉ាស៊ីន​ GPS ​ជាដើម។​ ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ​ចិន​ក៏​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​បុគ្គលិក​ចំនួន៤០នាក់​របស់​អាជ្ញាធរ​មីន​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិក្នុង​ប្រទេស​ចិន។​ លោក​ ​លី ធុច​ មិន​បាន​ឲ្យ​ដឹង​ពី​តម្លៃ​ជា​ ទឹកប្រាក់​នៃ​អំណោយ​ ដែល​ប្រទេស​ចិន​បាន​ឲ្យ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​នោះ​ទេ។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ លី ធុច​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ៕

កែសម្រួល៖ អត្ថបទដដែល​នេះនៅ​មុន​នេះ​បានសរសេរ​ខុស​ថា លោក​ សេរី កុសល្យ​ ជា​អនុប្រធាន​ទី​មួយ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC)។