ប្រទេសអូស្ត្រាលីកំពុងពិចារណាលើការប្ដឹងប្រទេសចិន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ទាក់ទិននឹងការសម្រេចរបស់ចិនលើការដាក់គំនាបពន្ធគយខ្លាំងក្លាលើផលិតផលស្រូវបាឡេរបស់ខ្លួន។
ប្រទេសចិនបានប្រកាស កាលពីថ្ងៃច័ន្ទម្សិលមិញថា ខ្លួនបានដាក់គំនាបពន្ធគយចំនួន ៨០,៥% លើការនាំចូលស្រូវបាឡេរបស់អូស្ត្រាលី បន្ទាប់ពីខ្លួនបានអះអាងថា ការដាំដុះស្រូវបាឡេនេះ គឺទទួលបានចំណែកឧបត្ថម្ភភាគច្រើនបំផុតពីរដ្ឋាភិបាលអូស្ត្រាលី។
ការយកពន្ធគយ ដែលចូលជាធរមាននៅថ្ងៃអង្គារនេះ ត្រូវគេរំពឹងថា នឹងធ្វើឲ្យកសិករអូស្ត្រាលីខាតបង់ថវិកាចំនួនជាង ៣០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham បានបញ្ជាក់នៅថ្ងៃអង្គារនេះថា វិធានការរបស់ចិននេះគឺជា «ការដ៏គួរឲ្យសោកស្ដាយជាខ្លាំង» និងមិនបានធ្វើឡើងស្របតាមច្បាប់ប្រឆាំងនឹងទំនិញបង្ខូចតម្លៃទីផ្សារនោះទេ។
ប៉ុន្តែលោក Birmingham បាននិយាយថា អូស្ត្រាលីនឹងមិនប្រឡូកនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ដែលជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ខ្លួននោះទេ៕