ចិន​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ចំ​ពេល​មាន​ការ​បង្ក​ហេតុ​កើន​ឡើង​របស់​កូរ៉េ​ខាង​ជើង

លោក Li Keqiang លោក Shinzo Abe និង​លោក Moon Jae-in ឈរ​ថតរូប​នៅ​មុន​កិច្ចប្រជុំ​មេដឹកនាំ​ត្រីភាគី​លើក​ទី៨ នៅ​ក្នុង​ក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​រៀបចំ​កិច្ច​ប្រជុំ​ត្រី​ភាគី​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​គោល​បំណង​បង្ហាញ​កម្លាំង​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆាំង​នឹង​ការ​បង្កហេតុ​ជា​ថ្មី​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe មក​កាន់​ទីក្រុង Chengdu នៅ​ភាគ​និរតី​ប្រទេស​ចិន គឺ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មុន​ពេល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un គ្រោង​ធ្វើ​ការ​សាកល្បង​អ្វី​ដែល​ហៅ​ថា «កាដូ​ថ្ងៃ​គ្រិស្តម៉ាស»។

លោក Kim Jong Un កំពុង​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​សម្បទាន​ថ្មី​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ចរចា​ដែល​ជាប់​គាំង​ក្នុង​គោល​បំណង​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​នេះ លោក Moon Jae In បាន​និយាយ​ថា ភាព​តានតឹង​ដែល​កើន​ឡើង «មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ទាំង​អស់​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង ចិន ជប៉ុន ឬ​ក៏​កូរ៉េ​ខាង​ជើង​នោះ​ទេ»។

កិច្ច​ប្រជុំ​ត្រីភាគី​នេះ​ក៏​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ជម្លោះ​រាលដាល​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​តូក្យូ ទាក់ទិន​នឹង​ការ​សម្រេច​របស់​តុលាការ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​សំណង​ដល់​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ជប៉ុន​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

ជនជាតិ​កូរ៉េ​ខាង​ត្បូង​នៅតែ​ឈឺចាប់​ជាមួយ​នឹង​ការ​ត្រួតត្រា​ឃោរឃៅ​របស់​យោធា​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។ នៅ​ឆ្នាំ ១៩៤៥ ជប៉ុន​បាន​ចុះចាញ់​កង​កម្លាំង​សម្ព័ន្ធមិត្ត​ដើម្បី​បញ្ចប់​សង្គ្រាម។ ជនជាតិ​កូរ៉េ​ខាង​ត្បូង​រាប់​សែន​នាក់​បាន​រងគ្រោះ​ដោយសារ​អំពើ​ឃោរឃៅ​យង់ឃ្នង​នៅ​ក្នុង​អំឡុង​ពេល​ត្រួតត្រា​របស់​ជប៉ុន ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុម​ស្ត្រី​ដែល​គេ​ហៅ​ថា​ជា «ស្ត្រី​កំដរ​អារម្មណ៍» ផង​ដែរ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​ក្នុង​ផ្ទះ​បន​យោធា​ជប៉ុន៕