មន្ត្រីចិនម្នាក់និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពិចារណាផ្លាស់ប្តូររដ្ឋធម្មនុញ្ញខ្នាតតូចរបស់ទីក្រុងហុងកុង បន្ទាប់ពីបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនទៅលើទីក្រុងពាក់កណ្តាលស្វយ័តនេះ។
ក្នុងសិក្ខាសាលាមួយនៅទីក្រុងហុងកុងកាលពីថ្ងៃអង្គារ លោក Zhang Xiaoming អនុប្រធានការិយាល័យកិច្ចការហុងកុងនិងម៉ាកាវបាននិយាយថា គោលដៅគឺ«ដើម្បីឱ្យច្បាប់មូលដ្ឋាននៅរស់រវើក» មានន័យថា ជាច្បាប់បើកឱ្យមានការបកស្រាយផ្សេងៗបាន។
ច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងត្រូវបានអនុម័តបន្ទាប់ពីការគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះត្រូវបានអង់គ្លេសប្រគល់ឱ្យចិនវិញក្នុងឆ្នាំ១៩៩៧ តាមគំនិត «ប្រទេសមួយប្រព័ន្ធពីរ» ដែលធានាឱ្យទីក្រុងនេះមានកម្រិតសេរីភាពច្រើនជាងធម្មតា ព្រមទាំងមានប្រព័ន្ធតុលាការឯករាជ្យ។
រដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខជាតិទូលំទូលាយថ្មីមួយកាលពីខែមិថុនា ដើម្បីឆ្លើយតបទៅនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំដែលផ្ទុះឡើងពេញទីក្រុងហុងកុងកាលពីឆ្នាំមុន។ ច្បាប់សន្តិសុខថ្មីនេះ រួមបញ្ចូលទាំងការតម្រូវឲ្យសមាជិកសភានិងមន្រ្តីរដ្ឋការស៊ីវិលស្បថភក្តីភាពចំពោះច្បាប់មូលដ្ឋាននេះ។
ការអត្ថាធិប្បាយរបស់លោក Zhang កើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន៤រូបត្រូវបានបណ្តេញចេញពីក្រុមប្រឹក្សានីតិបញ្ញតិ្តបន្ទាប់ពីគណៈកម្មាធិការនីតិប្បញ្ញត្តិចិនបានសម្រេចថា រដ្ឋាភិបាលហុងកុងអាចដកសិទ្ធិតំណាងរាស្ត្រណាមួយដែលគេជឿថា គំរាមកំហែងដល់សន្តិសុខជាតិ ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។ ការដកចេញនេះបាននាំឲ្យសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ១៥នាក់ផ្សេងទៀតលាឈប់ពីតំណែងដោយធ្វើឲ្យក្រុមប្រឹក្សាដែលមានសមាជិក៧០នាក់នេះនៅសល់តែអ្នកគាំទ្រក្រុងប៉េកាំងប៉ុណ្ណោះ៕