ប្រទេស​ចិន​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

បាតុករ​ម្នាក់​មកពី​គណបក្ស​គាំទ្រ​ចិន​ក្នុង​ស្រុក​បាន​ពាក់​ពាក្យ​ស្លោក​ប្រឆាំង​នឹង​សហរដ្ឋអាមេរិកដែល​គាំទ្រ​នឹង​សេចក្តី​សម្រេច​តុលាការ​អន្តរជាតិដែល​បដិសេធការ​ទាម​ទារ​របស់​ចិន​លើ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ខាង​ក្រៅ​ស្ថានីយ​កុងស៊ុល​របស់​ស.រ.អា ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី ១៤ កក្កដា ២០១៦។

ជិត​មួយ​សប្តាហ៍​មក​ហើយ បន្ទាប់ពី​ប្រទេស​ចិន​ចាញ់​ក្តី​ទាក់ទិន​នឹង​ការ​ទាមទារ​ដែន​ទឹក​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន​គ្រោង​នឹង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធានៅ​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង នា​សប្តាហ៍​នេះ។

រដ្ឋបាល​ទទួល​បន្ទុក​កិច្ចការ​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចេញ​នូវ​សេចក្តី​ព្រមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា តំបន់​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះ​ ហៃណាន (Hainan) ដែល​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន នឹង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ធ្វើ​ចរាចរ​ចេញ​ចូល​ទេ​ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​នេះ​រហូត​ដល់​ថ្ងៃព្រហស្បតិ៍។

តុលាការ​អាជ្ញារ​កណ្តាល​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​ច្រានចោល​នូវ​ការ​ទាមទារ​របស់​ប្រទេស​ចិន​លើ​ដែនទឹក​ទំហំ​ជិត ៣ លាន ៥ សែន គីឡូម៉ែត្រ​ការ៉េ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។ ការសម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ ដែល​បាន​ប្តឹង​កាលពី​ឆ្នាំ ២០១៣ ពាក់ព័ន្ធ​នឹង​សកម្មភាព​គឃ្លើន​របស់​ចិន​នៅលើ​ថ្មប៉ប្រះទឹក Scarborough Shoal ស្ថិត​នៅ​ចំងាយ​ប្រមាណ​ ២២៥ គីឡូម៉ែត្រ ពីឆ្នេរ​សមុទ្រ​ហ្វីលីពីន។

តុលាការ​បាន​កាត់សេចក្តី​ថា ការទាមទារ​របស់​ប្រទេស​ចិន​លើ​តំបន់​ដែលហៅថា​ «ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដែល​ចែក​ជា ៩ ចំនុច» នោះ គឺ​រំលោភ​ទៅលើ​អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ​ ដែល​ហៅកាត់​ជាភាសា​អង់គ្លេស​ថា UNCLOS។ អនុសញ្ញា​នេះ​កំណត់​ថា ព្រំដែន​ទឹក​របស់​ប្រទេស​មួយ​មាន​ប្រវែង ២២ គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​របស់​ខ្លួន ហើយ​ប្រទេស​នោះ​អាច​គ្រប់គ្រង​សកម្មភាព​សេដ្ឋកិច្ច​របស់់​ខ្លួន​រហូត​ដល់ ៣៧០ គីឡូម៉ែត្រ រាប់​ចាប់​ពី​ឆ្នេរសមុទ្រ​របស់​ខ្លួន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​ចូលរួម​នៅក្នុង​រឿងក្តី​នេះ​ ដោយ​អះអាង​ថា តុលាការ​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ណាមួយ​ក្នុង​ការសម្រេច​លើ​រឿងក្តី​នេះ​ទេ ទោះបីជា​ប្រទេសចិន​ជា​ប្រទេស​ហត្ថលេខី​មួយ​នៅក្នុង​អនុសញ្ញា UNCLOS នេះ​ក៏ដោយ។ មិនតែប៉ុណ្ណោះ ប្រទេសចិន​ក៏បាន​បដិសេធ​នូវការសម្រេច​របស់​តុលាការ​ផងដែរ៕