ចិន​ឈប់​បន្ត​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នក​កាសែត​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ ឈរនៅក្បែរស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរ​ប្រទេស​ចិន​បាន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នក​កាសែត​បរទេស ​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាមេរិក ​ក្នុង​ប្រទេស​ចិន។ នេះ​គឺជា​វិធានការ​ថ្មី​ចុង​ក្រោយ​បំផុត​ នៃ​ការ​បន្ត​សងសឹក​គ្នា​ទៅវិញ​ទៅ​មក​ រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន ទាក់ទិន​នឹង​ជម្លោះ​សេដ្ឋកិច្ច​និង​ការទូត។

អ្នក​កាសែត​ដែល​បាន​ដាក់​ពាក្យ​ កាល​ពី​ពេល​ថ្មី​ៗនេះ​ ស្នើ​សុំ​បន្ត​ប័ណ្ណ​សារព័ត៌មាន​របស់​ពួកគេ​ដែល​មាន​សុពលភាព​ពេញ​មួយ​ឆ្នាំ​នោះ ពេល​នេះ​បាន​ទទួល​បាន​ប័ណ្ណ​សារព័ត៌មាន​បណ្តោះ​អាសន្ន​ជំនួស​វិញ និង​ទិដ្ឋាការ​ថ្មី​ដែល​មាន​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ។

បណ្តាញ​ព័ត៌មាន CNN របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​របស់​ខ្លួន លោក David Culver ដែល​កើត​ក្នុង​សហរដ្ឋ​អាមេរិក គឺជា​អ្នក​កាសែត​ម្នាក់ ​ក្នុង​ចំណោម​អ្នក​កាសែត​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន​នេះ។

សារព័ត៌មាន The New York Times បាន​បញ្ជាក់​ថា ក្រៅ​ពី​អ្នក​កាសែត CNN នោះ អ្នក​កាសែត​ផ្សេង​ទៀត​ដែល​រង​ការ​ប៉ះពាល់​នេះ​ដែរ គឺ​អ្នក​កាសែត​ដែល​ធ្វើការ​ឲ្យ​សារព័ត៌មាន The Wall Street Journal និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ Getty Images ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​រូបថត​ឌីជីថល​ដល់​ស្ថាប័ន​ព័ត៌មាន​នានា​ជុំវិញ​ពិភពលោក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មាន​ការ​រំខាន​ចិត្ត​ដោយ​ការ​សម្រេច​របស់​ប្រទេស​ចិន​នេះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ចិន​កាន់តែ​អាក្រក់​ឡើង៕