រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានមកដល់ប្រទេសកម្ពុជា នាថ្ងៃសៅរ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ដែលលោកនឹងក្លាយជាអ្នកការទូតជាន់ខ្ពស់មុនដំបូងគេជួបលោក ហ៊ុន ម៉ាណែត ក្រោយត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជា ដោយនឹងកាន់អំណាច ចាប់ពីថ្ងៃទី២២ ខែសីហា។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចមកកម្ពុជាត្រូវបានមើលឃើញថាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន និងបានជជែកជាមួយមេដឹកនាំថ្មីរបស់កម្ពុជា គឺលោក ហ៊ុន ម៉ាណែត។
ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី នឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ កិច្ចពិភាក្សាជាមួយភាគីកម្ពុជានឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាសប្តាហ៍នេះ។
លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីដែលត្រូវបានទស្សន៍ទាយថានឹងក្លាយជារដ្ឋមន្រ្តីការបរទេសថ្មីនាពេលខាងមុខ។
ដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់បន្ថែមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខណ្ឌ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រ ទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី «ចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ»ជាមួយប្រទេសទាំងនោះ។
លោក លឹម ឆាយ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថាចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិកនិងចិន អាស៊ីអាគ្នេយ៍តែងតែជាអាទិភាពមួយសម្រាប់នយោបាយការបរទេសអ្នកជិតខាងរបស់ចិន ក៏ដូចជាការជំរុញ«អំណាចទន់»នៅក្នុងតំបន់។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថានៅប្រទេសកម្ពុជា ចិនចង់ក្លាយជាអ្នកចាប់ផ្តើមមុនគេនៃការពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាលថ្មី និងធ្វើឲ្យប្រាកដប្រជាថាជំហរនយោបាយការបរទេសកម្ពុជាទៅកាន់ប្រទេសចិនមិនផ្លាស់ប្តូរឡើយ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល ថ្លែងថាជំហរនយោបាយការបរទេសកម្ពុជាទៅកាន់ប្រទេសចិនមិនមានអ្វីផ្លាស់ប្តូរឡើយ បើទោះកម្ពុជាមានអ្នកដឹកនាំថ្មី ដោយសារវាផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ខណៈកម្ពុជារងការរិះគន់លើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពីលោកខាងលិច លោក គិន ភា ជំរុញឲ្យភាគីទាំងពីរព្យាយាមយល់ពីគ្នាទៅវិញទៅមក ហើយបង្ហាញ«សុឆន្ទៈ»នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង។
លោកថ្លែងថា៖ «ការព្យាយាមស្វែងយល់គ្នាទៅវិញទៅមកហ្នឹង គឺជារឿងចាំបាច់ហើយ»។
លោក លឹម ឆាយ អ្នកវិភាគម្នាក់ ថ្លែងមានការរំពឹងថាលោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ ដែលបានសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសយល់ច្បាស់អំពីទស្សនៈរបស់លោកខាងលិច នៅគ្រាដែលទំនាក់ទំនងរវាងកម្ពុជា និងលោកខាងលិចនៅមិនទាន់ល្អនៅឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ថ្លែងថាគោលនយោបាយការបរទេសកម្ពុជាមិនផ្លាស់ប្តូរឡើយ បើទោះមាននាយករដ្ឋមន្រ្តីថ្មីក៏ដោយ ដោយសារវាត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
នៅពេលសួរថាតើលោក ហ៊ុន ម៉ាណែត នឹងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីស្តាទំនាក់ទំនងជាមួយលោកខាងលិច លោក សុខ ឥសាន ថ្លែងថា៖ «យើងចាំមើលសិន បើគាត់មិនទាន់ចូលកាន់ការងារ យើងទៅសន្និដ្ឋានម៉េច? ទុកឲ្យគាត់ចូលកាន់ការងារមួយខែពីរខែ មួយឆ្នាំពីរឆ្នាំសិន បានយើងដឹង»។
ក្នុងគ្រាដែលរដ្ឋមន្រ្តីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសុក្រ បានថ្លែងនៅក្នុងពិធីមួយនៅរដ្ឋ Utah ដោយលើកឡើងថាវៀតណាមនិងកម្ពុជាចង់ក្លាយជាផ្នែកមួយនៃទំនាក់ទំនងជាមួយអាមេរិក ហើយពួកគេចង់ប្រាប់ទៅប្រទេសចិនថាពួកគេមិននៅម្នាក់ឯងនោះទេ។
គួរបញ្ជាក់ថាប្រទេសសមាជិកអាស៊ានមួយចំនួនដូចជាវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មានជម្លោះលើបញ្ហាសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ដែលភាគីចិនបានទាមទារដែនទឹកស្ទើរតែទាំងស្រុង៕