រដ្ឋាភិបាលចិនយល់ថា ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏តឹងតែងមួយ នៅពេលដែលក្រុមហ៊ុនចិនបានព្យាយាមធ្វើពាណិជ្ជកម្មនៅតាមបណ្ដោយព្រំដែនភាគខាងត្បូងនៃប្រទេសនេះ។
សភាវៀតណាម ដែលរងការជំទាស់ពីសាធារណជន បានពន្យារពេលការបោះឆ្នោតលើសេចក្ដី ព្រាងច្បាប់មួយរហូតដល់ខែឧសភា ឆ្នាំ ២០១៩។ ប្រសិនបើអនុម័ត ច្បាប់នេះនឹងអនុញ្ញាតឲ្យវិនិយោគិនចិន និងវិនិយោគិនបរទេសផ្សេងទៀតអាចវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់វៀតណាមបាន។
រដ្ឋាភិបាលវៀតណាមក៏បានព្រមានប្រឆាំងផងដែរទៅនឹងការលុបចោលកម្ចីដែលមានអាទិភាពពីប្រទេសចិនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាងនេះទៀត រដ្ឋាភិបាលវៀតណាមក៏រំឭកផងដែរឲ្យមានការប្រយ័ត្នប្រយែងចំពោះជំនួយអភិវឌ្ឍរបស់ចិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមនៅតែអនុញ្ញាតឲ្យមានការបង្កើតអាជីវកម្មឯកជនរបស់ចិនបន្ថែមទៀតនៅក្នុងប្រទេស ដោយសារតែវៀតណាមទទួលបានផលប្រយោជន៍ពីអាជីវកម្មទាំងនោះ។
សញ្ញាមួយនៃទំនោរនេះគឺថា ក្រុមហ៊ុនចិនកំពុងបង្កើតរោងចក្រនានានៅក្នុងប្រទេសវៀតណាមដើម្បីគេចពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក Maxfield Brown សមាជិកជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នៅក្នុងករណីមួយផ្សេងទៀត ចាប់ពីខែតុលាខាងមុខនេះតទៅ ក្រុមហ៊ុននានានៅតាមព្រំដែនអាចចុះកិច្ចព្រមព្រៀងជាទឹកប្រាក់យ័នរបស់ចិនតាមការទាមទាររបស់ប្រជាពលរដ្ឋបាន ស្របពេលដែលការធ្វើអាជីវកម្មមានការកើនឡើង។ នេះបើតាមការផ្សាយរបស់កាសែត Viet Nam News កាលពីខែសីហា។
លោក Adam McCarty សេដ្ឋវិទូចម្បងនៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Mekong Economics នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បាននិយាយថា៖ «គំនិតរបស់ខ្ញុំគឺថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំឡើងនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលមួយផ្នែកគឺដោយសារតែគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងការផ្ដល់អាទិភាពលើសហរដ្ឋអាមេរិកជាមុន ប៉ុន្តែចំណុចសំខាន់គឺផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏ច្រើនដែលប្រទេសទាំងពីរទទួលបានពីទំនាក់ទំនងនេះ»។
ដៃគូពាណិជ្ជកម្មដ៏តឹងតែង
កិច្ចព្រមព្រៀងពាណិជ្ជកម្មណាដែលជួយវៀតណាមបានលឿន ដោយមិនខ្លាចចិនត្រួតត្រាលើសេដ្ឋកិច្ចរបស់ខ្លួន នឹងដំណើរការទៅមុខ។ រីឯកិច្ចព្រមព្រៀងផ្សេងទៀតនឹងប្រឈមនឹងការជំទាស់។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
អ្នកវិភាគបានបញ្ជាក់ថា ករណីនេះអាចបង្អាក់ទឹកចិត្តប្រទេសចិន ដែលជាប្រទេសមួយធ្លាប់ធ្វើឲ្យជម្លោះនយោបាយមានភាពធូរស្រាលឡើងជាមួយនឹងបណ្ដាប្រទេសនានាតាមរយៈការផ្ដល់ផលប្រយោជន៍ផ្សេងៗដល់ប្រទេសទាំងនោះ ដែលផលប្រយោជន៍ទាំងនេះគឺបានមកពីសេដ្ឋកិច្ចរបស់ខ្លួនដែលមានទំហំជាង ១២ លានលានដុល្លារអាមេរិក។
ប្រទេសណាដែលមិនសប្បាយចិត្តជាមួយនឹងប្រទេសចិន ពេលខ្លះបានងាកទៅធ្វើអាជីវកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ចម្បងរបស់ចិន។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវជំនាញខាងតំបន់អាស៊ីខាងកើតនៃអង្គការ Taiwan Strategy Research Association បាននិយាយថា៖ «មូលហេតុដែលថាការកើនឡើងនូវការវិនិយោគរបស់ចិននៅក្នុងប្រទេសវៀតណាមគួរឲ្យកត់សម្គាល់នោះគឺថា វាកំពុងតែកើតឡើង ទោះបីជាប្រជាពលរដ្ឋវៀតណាមមិនពេញចិត្តចំពោះឥទ្ធិពល និងការបញ្ជ្រាបចូលនៃសេដ្ឋកិច្ចរបស់ចិនទៅក្នុងប្រទេសវៀតណាមក៏ដោយ»។
លោកបានបញ្ជាក់ថា៖ «គោលនយោបាយរបស់ចិននៅក្នុងការបញ្ជ្រាបសេដ្ឋកិច្ចចូលក្នុងប្រទេសវៀតណាមបានបង្ហាញឲ្យឃើញពីទស្សនវិស័យរបស់ប្រធានាធិបតីចិនលោក Xi Jinping ចំពោះទំនាក់ទំនងប្រសើរជាងមុនថ្មីមួយជាមួយនឹងប្រទេសវៀតណាម»។
ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងចាញ់ក្ដីនៅក្នុងពាក្យបណ្ដឹងរបស់ហ្វីលីពីនដែលប្ដឹងទៅកាន់តុលាការអាជ្ញាកណ្ដាលអន្តរជាតិកាលពីឆ្នាំ ២០១៦ ទាក់ទិននឹងមូលដ្ឋានផ្លូវច្បាប់សម្រាប់ការទាមទារកាន់កាប់សមុទ្រចិនខាងត្បូងមក ចិនបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសវៀតណាម ដែលជាប្រទេសចេញមុខខ្លាំងជាងគេបំផុតនៅក្នុងការទាមទារកាន់កាប់ដែនសមុទ្រចិនខាងត្បូងនេះ។
ប្រជាពលរដ្ឋវៀតណាមជាច្រើនក៏មានការខកចិត្តជាមួយនឹងប្រទេសចិនផងដែរ ដោយសារតែជម្លោះព្រំដែនកាលពីអតីតកាល ដែលបានឈានដល់ការប៉ះទង្គិចគ្នាកាលពីទសវត្សរ៍ ១៩៧០។
កាលពីឆ្នាំ ២០១៤ ប្រជាពលរដ្ឋវៀតណាមបានធ្វើកុបកម្មប្រឆាំងនឹងក្រុមហ៊ុនចិន បន្ទាប់ពីមានហេតុការណ៍បុកទូកមួយបានកើតឡើងនៅឯសមុទ្រ។
កាលពីខែមិថុនាឆ្នាំនេះ ការតវ៉ាប្រឆាំងនឹងសំណើច្បាប់តំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាមបានធ្វើឲ្យសមាជិកសភាពន្យារពេលពិភាក្សាអនុម័តច្បាប់នេះ។
លោក McCarty នៃក្រុមហ៊ុន Mekong Economics និយាយថា ប្រជាពលរដ្ឋវៀតណាមចង់បាន «ការធ្វើពាណិជ្ជកម្ម» ប៉ុន្តែមិនចង់ឲ្យប្រទេសវៀតណាមក្លាយជា «រដ្ឋចំណុះរបស់ចិន» នោះទេ។
កិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែង
តាំងពីឆ្នាំ ២០០៣ មក ប្រទេសវៀតណាមបានកសាងទំនាក់ទំនងជាមួយនឹងប្រទេសមហាអំណាចនានា លើគោលនយោបាយនៃ «កិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែង»។ នេះបើតាមការបញ្ជាក់របស់លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍ជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី។
លោកបាននិយាយថា៖ «ករណីនេះអាចមានន័យថាជាកិច្ចសហប្រតិបត្តិការ នៅពេលដែលវាស្របទៅតាមផលប្រយោជន៍សេដ្ឋកិច្ច និងការប្រឹងប្រែងរបស់ប្រទេសវៀតណាម។ ប៉ុន្តែវាអាចមានន័យថាជាការប្រឆាំងនឹងប្រទេសមួយ នៅពេលដែលវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់វៀតណាម»។
ប្រទេសវៀតណាមនៅពេលបច្ចុប្បន្ននេះមានការ «ប្រយ័ត្នប្រយែង» អំពីការសុំកម្ចីពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន។ នេះបើតាមការបញ្ជាក់របស់លោក Le Hong Hiep អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី នៅក្នុងអត្ថបទស្រាវជ្រាវរបស់លោកដែលបានចេញផ្សាយកាលពីខែមិនាកន្លងទៅនេះ។
គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិនគឺជាយុទ្ធនាការដែលមានទឹកប្រាក់ ១ លានលានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវពាណិជ្ជកម្មនៅជុំវិញទ្វីបអឺរ៉ុប និងអាស៊ី។ បណ្ដាប្រទេសមួយចំនួនដូចជាកាហ្សាក់ស្ថាន ម៉ាឡេស៊ី និងស្រីលង្កាជាដើម បានអនុញ្ញាតឲ្យប្រទេសចិនប្រឡូកក្នុងកិច្ចការអភិវឌ្ឍក្នុងប្រទេសរបស់ពួកគេ។
លោក Le Hong Hiep បាននិយាយថា ប្រទេសវៀតណាមប្រហែលជាសាកល្បងគម្រោងរបស់ប្រទេសចិននេះ ដោយអនុវត្ត «គម្រោងសាកល្បងមួយចំនួនតូច»។ លោកបានបន្ថែមថា ប្រទេសចិនខ្វល់អំពីវិធីដែលវៀតណាមឆ្លើយតបមកវិញ ដោយលោកនិយាយយ៉ាងដូច្នេះថា៖ «ដោយសារតែគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះគឺជាកេរ្តិ៍ឈ្មោះរបស់ចិនក្នុងនាមជាមហាអំណាចដែលកំពុងលេចមុខឡើងបែបសប្បុរសមួយ ការគាំទ្ររបស់វៀតណាមចំពោះគម្រោងនេះគឺនៅតែជារឿងសំខាន់សម្រាប់ចិនដដែល»។
ការធ្វើពាណិជ្ជកម្មឯកជន និងការវិនិយោគ
អាជីវកម្មឯកជនមកពីប្រទេសចិនកំពុងតែកើនឡើងនៅក្នុងប្រទេសវៀតណាម ហើយរដ្ឋាភិបាលវៀតណាមបានយល់ព្រមសហការជាមួយនឹងក្រុមហ៊ុនទាំងនោះ ដូច្នេះក្រុមហ៊ុនវៀតណាមអាចកាន់តែមានលក្ខណៈ «ប្រកួតប្រជែង» ជាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Maxfield Brown នៃក្រុមហ៊ុន Dezan Shira & Associates។ ក្រុមហ៊ុនរបស់ចិនជារឿយៗ មានទំហំវិនិយោគធំជាង និងមានទំនាក់ទំនងនៅក្រៅប្រទេសប្រសើរជាងក្រុមហ៊ុនវៀតណាម។
ការវិនិយោគរបស់ចិននៅក្នុងប្រទេសវៀតណាមបានកើនដល់ចំនួន ៧,៧ ភាគរយ នៃការវិនិយោគសរុបដែលវៀតណាមទទួលបានពីប្រទេសដទៃទៀតនៅក្នុងឆ្នាំ ២០១៦។ ការកើនឡើងនៃការវិនិយោគរបស់ចិននោះមានចំនួន ១ ពាន់ ៨៨០ លានដុល្លារអាមេរិក បន្ទាប់ពីមានការកើនឡើងថេរតាំងពីឆ្នាំ ២០១២ មក។
ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងកោះតៃវ៉ាន់ ស្ថិតក្នុងចំណោមប្រទេសវិនិយោគសំខាន់ៗរបស់ប្រទេសវៀតណាម។ ការធ្វើពាណិជ្ជកម្មរបស់វៀតណាមជាមួយនឹងចិនមានចំនួន ៩៣ ពាន់ ៨ រយលានដុល្លារអាមេរិកកាលពីឆ្នាំមុន និងបានកើនឡើងចំនួន ២៨,៨ ភាគរយនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨ នេះ។
ក្រុមហ៊ុនចិនកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមជាពិសេសនៅពេលបច្ចុប្បន្ននេះ ដើម្បីជៀសវាងការបង់ពន្ធគយខ្ពស់លើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលជាការតម្រូវរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ទំនិញដែលនាំចូលពីប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានានៅក្នុងប្រទេសវៀតណាម។
ការវិនិយោគទាំងនេះផ្ដល់ផលប្រយោជន៍ដល់ប្រទេសវៀតណាម ស្របពេលដែលប្រទេសវៀតណាមស្វែងរកការវិនិយោគលើរោងចក្រដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងចំនួន ៦,៨ ភាគរយកាលពីឆ្នាំមុន មានកម្រិតថេរ។
លោក Maxfield Brown បាននិយាយថា៖ «សម្រាប់ស្ថានការណ៍ជាក់លាក់នេះ វាហាក់ដូចជាមានការផ្លាស់ប្ដូរ ដោយសារតែប្រទេសចិនដែលកាលពីមុខជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយ និងដោះស្រាយជាមួយនឹងវៀតណាមតាមវិធីដែលខ្លួនរំពឹងថា វៀតណាមចង់ធ្វើការជាមួយនឹងខ្លួននោះ ឥឡូវនេះកំពុងស្ថិតក្នុងជំហរទន់ខ្សោយមួយ»៕
ប្រែសម្រួលដោយ ភី សុភាដា