តុលាការក្នុងទីក្រុងហុងកុងនៅថ្ងៃចន្ទនេះបានបញ្ជាឱ្យបិទដំណើរការក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិន។ នេះជាវិធានការមួយដែលទំនងជាអាចមានផលប៉ះពាល់ជាបន្តបន្ទាប់លើទីផ្សារហិរញ្ញវត្ថុដ៏ប្រេះស្រាំចុះខ្សោយរបស់ចិន ស្របពេលដែលអ្នកធ្វើគោលនយោបាយប្រឹងប្រែងទប់ទល់នឹងវិបត្តិដ៏មុតជ្រៅនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចនៅក្នុងការបិទដំណើរការក្រុមហ៊ុនដែលជាប់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោកសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិកនេះត្រូវបានធ្វើឡើងដោយអ្នកស្រីចៅក្រម Linda Chan នៃទីក្រុងហុងកុង។
អ្នកស្រីបានបញ្ជាក់ថា ក្រុមហ៊ុន Evergrande មិនអាចផ្ដល់នូវផែនការរៀបចំលក្ខខណ្ឌបំណុលឡើងវិញដ៏ជាក់លាក់បាន ទោះបីជាបានពន្យារពេលរាប់ខែកន្លងមកក៏ដោយ។
ក្រុមហ៊ុន Evergrande ដែលមានទ្រព្យសម្បត្តិចំនួន ២៤០ ពាន់លានដុល្លារ បានធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងត្រដាបត្រដួសនៅក្នុងប្រទេសចិនដាំក្បាលចុះក្រោម នៅពេលដែលក្រុមហ៊ុននេះមិនអាចមានលទ្ធភាពសងបំណុលរបស់ខ្លួនបាននៅក្នុងឆ្នាំ ២០២១។
ជាងនេះទៀត ការសម្រេចរបស់តុលាការនៅក្នុងការបិទដំណើរការក្រុមហ៊ុននេះនឹងទំនងជារុញច្រានទីផ្សារមូលធននិងអចលនទ្រព្យរបស់ចិនដែលទន់ខ្សោយស្រាប់ឱ្យកាន់តែដុនដាបបន្ថែមទៀត។
ប្រទេសចិនកំពុងប្រឹងប្រែងទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចទន់ខ្សោយ ទីផ្សារអចលនទ្រព្យដុនដាបក្នុងពេល ៩ ឆ្នាំចុងក្រោយ និងទីផ្សារភាគហ៊ុនទាបដែលត្រាំត្រែងជិត ៥ ឆ្នាំកន្លងមក។ ដូច្នេះ បញ្ហាថ្មីថ្មោងណាមួយដែលប៉ះពាល់ទីផ្សារអាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងរបស់អ្នកធ្វើគោលនយោបាយនៅក្នុងការធ្វើឱ្យការរីកចម្រើនរស់រវើកឡើងវិញ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះនៅក្នុងទីផ្សារជួញដូររហូតដល់ ២០% មុនពេលតុលាការសម្រេចបិទដំណើរការក្រុមហ៊ុននេះ។ ការជួញដូរត្រូវបានបញ្ឈប់សម្រាប់ក្រុមហ៊ុន Evergrande នេះ ក៏ដូចជាក្រុមហ៊ុន China Evergrande New Energy Vehicle Group និងក្រុមហ៊ុន Evergrande Property Services ដែលជាសាខាចុះបញ្ជីរបស់ក្រុមហ៊ុននេះផងដែរ នៅក្រោយការសម្រេចរបស់តុលាការ៕