រដ្ឋាភិបាលចិនបានគាំទ្រចលនា«ជីវិតជនជាតិស្បែកខ្មៅមានសារៈសំខាន់» ឬ Black Lives Matter ក្នុងសហរដ្ឋអាមេរិកដោយនិយាយថា ការប្រកាន់ពូជសាសន៍ក្នុងសហរដ្ឋអាមេរិកមានរាប់ទសវត្សរ៍មកហើយ ហើយត្រូវតែដោះស្រាយបញ្ហានេះ។
នាពេលថ្មីៗនេះ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង Guangzhou នៃប្រទេសចិន បានរៀបចំពិធីសន្ទនាដើម្បីពន្យល់ពួកអ្នកចូលរួមពីគោលបំណងនៃចលនានេះ។ អាជ្ញាធរចិនចោទប្រកាន់ថា ស្ថានកុងស៊ុលអាមេរិកបានប៉ុនប៉ងញុះញង់ឲ្យមានចលាចលក្នុងចំណោមពលរដ្ឋអាហ្វ្រិកដែលរស់នៅក្នុងទីក្រុងនោះ។
បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់ចិនកំពុងចោទប្រកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងមូលដ្ឋានពីការប៉ុនប៉ងញុះញង់ឲ្យមានភាពចលាចលក្នុងចំណោមពលរដ្ឋអាហ្វ្រិកនៅក្នុងទីក្រុង Guangzhou បន្ទាប់ពីពលរដ្ឋអាមេរិកាំងបានធ្វើការរៀបចំការពិភាក្សាស្តីពីចលនា«ជីវិតជនជាតិស្បែកខ្មៅមានសារៈសំខាន់» ឬ (BLM) កាលពីចុងសប្តាហ៍មុន។ កម្មវិធីនៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងក្រុង Guangzhou ដែលមានចំណងជើងថា «ជីវិតជនជាតិស្បែកខ្មៅមានសារៈសំខាន់» ឬ Black Lives Matter ដោយបានអញ្ជើញអ្នកចូលរួមចំនួន ៦០ នាក់ដើម្បីស្តាប់ពលរដ្ឋអាមេរិកាំង២នាក់ពិភាក្សាពីប្រវត្តិនៃចលនានេះនិងទស្សនៈរបស់ពួកគេថាតើការប្រកាន់ពូជសាសន៍ជាប្រព័ន្ធបន្តប៉ះពាល់ជនជាតិអាមេរិកាំងស្បែកខ្មៅដូចជា ការទិញឬជួលផ្ទះ ការថែទាំសុខភាព និងការងារយ៉ាងដូចម្តេច។ ការពិភាក្សានេះបានកំណត់ឲ្យអ្នកចូលរួមចំនួន៦០នាក់ដើម្បីធ្វើឲ្យប្រាកដថា ពួកអ្នកចូលរួមមានកន្លែងគ្រប់គ្រាន់ដើម្បីស្ថិតនៅឆ្ងាយពីគ្នាដើម្បីរារាំងការរាលដាលនៃជំងឺកូវីដ ១៩។
មន្ត្រីកិច្ចការសាធារណៈរបស់អគ្គស្ថានកុងស៊ុលអាមេរិកក្នុងក្រុង Guangzhou បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ VOA ថា ពួកវាគ្មិនទាំងនោះបានបំភ្លឺការយល់ច្រឡំជាទូទៅដែលមនុស្សមានអំពីគោលដៅនៃចលនានេះគឺ សមភាព និងយុត្តិធម៌ខាងជាតិសាសន៍។
អត្ថបទមួយជាភាសាអង់គ្លេសក្នុងកាសែត Global Times ដែលជាបណ្តាញព័ត៌មានរដ្ឋចិនអះអាងអំពីព្រិត្តិការណ៍នៅស្ថានកុងស៊ុលថា ព្រឹត្តិការណ៍នេះបាន«ញុះញង់ឲ្យមានចលាចល»ក្នុងចំណោមពលរដ្ឋអាហ្វ្រិកដែលកំពុងរស់នៅក្នុងទីក្រុង Guangzhou។ ជនអន្តោប្រវេសន៍អាហ្វ្រិកនៅក្រៅប្រទេសរាប់ពាន់នាក់បានតាំងទីលំនៅក្នុងទីក្រុង Guangzhou ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះដោយបានបង្កើតអ្វីដែលមនុស្សជាច្រើនជឿថា ជាសហគមន៍ដ៏ធំបង្អស់របស់ជនជាតិអាហ្វ្រិកនៅក្រៅប្រទេសក្នុងតំបន់អាស៊ី។
នៅដើមឆ្នាំនេះ ពួកពាណិជ្ជករនិងនិស្សិតអាហ្វ្រិកដែលកំពុងរស់នៅក្នុងតំបន់នោះបានត្អូញត្អែរពីការរើសអើងពួកគេក្នុងអំឡុងនៃការផ្ទុះឡើងនូវមេរោគកូរ៉ូណាយ៉ាងខ្លាំងដោយនិយាយថា ពួកគេត្រូវបានគេបណ្តេញចេញពីផ្ទះ បដិសេធមិនឲ្យចូលភោជនីយដ្ឋាន និងត្រូវបានគេប្រាប់ឲ្យទៅធ្វើតេស្តមេរោគកូរ៉ូណាដែលនាំឲ្យមានការត្អូញត្អែរពីស្ថានទូតរបស់ពួកគេ។
ចាប់តាំងពីការតវ៉ាប្រឆាំងបានផ្ទុះឡើងបន្ទាប់ពីលោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកបានស្លាប់នៅក្រោមសមត្ថកិច្ចរបស់ប៉ូលិសកាលពីថ្ងៃទី២៥ ខែឧសភា ក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ចលនាជីវិតពលរដ្ឋស្បែកខ្មៅមានសារៈសំខាន់ បាននាំឲ្យមានការចាប់អារម្មណ៍ក្នុងពិភពលោកចំពោះការជំរុញឲ្យមានការដោះស្រាយការប្រកាន់ពូជសាសន៍ជាប្រព័ន្ធនៅក្នុងប្រទេសអាមេរិក។
ពួកមន្ត្រីចិនក៏បានគាំទ្រចលនានេះដែរ ដោយមើលឃើញចលនានេះថា ជាវិធីមួយដើម្បីរិះគន់សហរដ្ឋអាមេរិកចំពោះប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន បន្ទាប់ពីការឃ្លាំមើលអស់ពេលជាច្រើនខែលើការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើពួកអ្នកតវ៉ាប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «ការរើសអើងពូជសាសន៍ជាបញ្ហាយូរអង្វែងក្នុងសហរដ្ឋអាមេរិក។ ចលនា «ជីវិតជនស្បែកខ្មៅមានសារៈសំខាន់» និង «សិទ្ធិមនុស្សរបស់ពួកគេត្រូវតែទទួលបានការធានា»។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជូនសារតាម Twitter ថា «ខ្ញុំ មិនអាចដកដង្ហើមទេ» ដោយនិយាយសំដៅដល់ពាក្យសម្តីចុងក្រោយរបស់លោក George Floyd នៅពេលដែលលោកស្រីឆ្លើយតបទៅនឹងការរិះគន់របស់លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកពីគោលនយោបាយក្រុងហុងកុងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនបានអះអាងក្នុងសេចក្តីរាយការណ៍ថា «សហរដ្ឋអាមេរិកកំពុងមានការឈឺចាប់និងមានការចលាចលយ៉ាងខ្លាំង ដោយសារអំពើអយុត្តិធម៌ខាងជាតិសាសន៍អស់ពេលរាប់ទសវត្សរ៍កន្លងមក។ ទីភ្នាក់ងារព័ត៌មានស៊ីនហួនោះបានរាយការណ៍បន្ថែមទៀតថា ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកបានឈឺចាប់ ដោយមានអត្រាស្លាប់ខ្ពស់ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។
បណ្តាញព័ត៌មានចិន បានរាយការណ៍យ៉ាងច្រើនអំពីការតវ៉ាប្រឆាំងនិងចលាចលក្នុងប្រទេសអាមេរិកដោយបានពណ៌នាថាជាការបរាជ័យនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។
អ្នកនាំពាក្យស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង Guangzhou បានប្រាប់ VOA តាម email ថា ពួកគេបានរៀបចំពិធីនានាជាធម្មតាលើប្រធានបទនានាដែលទាក់ទិននឹងប្រវត្តិសាស្ត្រវប្បធម៌និងព្រឹត្តិការណ៍នាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «យើង បានរកឃើញថា ពិធីទាំងនេះជា ឱកាសដ៏មានតម្លៃបំផុតសម្រាប់យើង ដើម្បីឆ្លើយទៅនឹងសំណួរពីសាធារណជនចិនអំពីស្ថាប័នអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រជាពលរដ្ឋអាមេរិកាំង ហើយនៅពេលជាមួយគ្នានោះដែរ យើងក៏ពេញចិត្តចំពោះការរៀនសូត្រអំពីប្រទេសចិនពីភ្ញៀវរបស់យើងដែរ»។
ក៏ប៉ុន្តែនៅក្នុងប្រទេសចិនដែលការចាប់ពិរុទ្ធរបស់រដ្ឋាភិបាលជាការធម្មតា ទោះបីការពិភាក្សារបស់ស្ថានទូតសម្រាប់មនុស្សមួយចំនួនតូចអំពីចលនាសង្គមនៅឯនាយសមុទ្រមានភាពចម្រូងចម្រាសក៏ដោយ។ លោក Zhu Feng ជាសាស្ត្រាចារ្យទំនាក់ទនងអន្តរជាតិនៅឯសាកលវិទ្យាល័យ Nanjing បានប្រាប់ VOAថា ថ្វីបើប្រធានបទនេះជាការពិភាក្សាមានសារៈសំខាន់ក៏ដោយ វាជាពេលវេលាមិនត្រឹមត្រូវ។
លោកបានប្រាប់ VOA ថា «ខ្ញុំគិតថា យើងគួរតែបញ្ចៀសប្រធានបទដែលនាំឲ្យមានការបែកបាក់បែបនេះក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសទាំងអស់ត្រូវតែបញ្ចៀសប្រធានបទចម្រូងចម្រាសដែលអាចធ្វើឲ្យចលាចលសង្គម»។
ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងការចុះផ្សាយលើខ្ទង់គណនីយផ្លូវការ Weibo របស់ខ្លួនបានបង្ហាញនូវការឆ្លើយតបដល់ការរិះគន់ជុំវិញពិធីនេះដោយនិយាយថា «ការសិក្សាអប់រំជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ការរើសអើង»៕
ប្រែសម្រួលដោយជឹង ប៉ូជីន