មន្ត្រីស៊ីមបាវ៉េជាច្រើនរួមបញ្ចូលទាំងលោក Oppah Muchinguri រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងសត្វព្រៃផងនោះ កំពុងទះដៃអបអរសាទរបន្ទាប់ពីពួកគេបានទទួលឧបករណ៍ប្រឆាំងការប្រម៉ាញ់សត្វព្រៃ មានតម្លៃ១០ម៉ឺនដុល្លារពីសមាគមមួយដែលហៅខ្លួនឯងថាជា «សមាគមមូលនិធិសត្វព្រៃ ចិន-ស៊ីមបាវ៉េ»។
«ខ្ញុំចង់អរគុណដល់ចិនជាមិត្តរបស់យើង ដែលបានចូលរួមចំណែកក្នុងការផ្តល់ស្នាមញញឹមដល់ពួកយើង។ ដូច្នេះ យើងខ្ញុំសូមអរគុណអ្នកខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នក ហើយនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយប៉ុណ្ណោះ»។
រថយន្តសម្រាប់ដើរល្បាតមួយ និងឯកសណ្ឋានសម្រាប់មន្រ្តីប្រឆាំងការប្រម៉ាញ់សត្វព្រៃ ក៏ស្ថិតនៅក្នុងចំណោមជំនួយឧបត្ថម្ភនោះដែរ។
លោក Li Song ដែលជាស្ថាបនិកនៃក្រុមនេះ បានពន្យល់អំពីហេតុផលសម្រាប់ការផ្តល់ជំនួយនេះថា៖
«នៅក្នុងប្រទេសស៊ីមបាវ៉េ ដែលជាឋានសួគ៌មួយនៃសត្វព្រៃនោះ កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដោយសារការប្រម៉ាញ់យកពានរង្វាន់ដែលសកម្មភាពបែបនេះធ្វើឡើងដោយក្រុមហ៊ុនធ្វើអាជីវកម្ម ឬក៏ដោយសារតែការប្រម៉ាញ់យកសាច់ធ្វើឡើងដោយអ្នកភូមិ។ សម្ពាធនៃការប្រម៉ាញ់ខុសច្បាប់នេះ បានធ្លាក់ទៅលើអាជ្ញាធរមានសមត្ថកិច្ច នៅចំពេលដែលធនធានដែលពួកគេមាន នៅមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការគាំទ្រដល់ការអភិរក្សសត្វព្រៃរបស់ខ្លួន។ ដូច្នេះ គោលបំណងរបស់សមាគមមូលនិធិសត្វព្រៃ ចិន-ស៊ីមបាវ៉េ គឺសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ចិន ទាំងរដ្ឋ និងឯកជន ដើម្បីសម្របសម្រួលក្នុងការប្រមូលផ្ដុំធនធាន និងការគាំទ្រសម្រាប់ការអភិរក្សសត្វព្រៃនៅប្រទេសស៊ីមបាវ៉េនេះ»។
រដ្ឋាភិបាលចិនបានផ្តល់ជំនួយបន្ថែមទៀតដែលមានទឹកប្រាក់២,៣លានដុល្លារដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សនោះ។
ក្រុមការងារអភិរក្សរបស់ប្រទេសស៊ីមបាវ៉េ ធ្លាប់បានចោទប្រកាន់ប្រទេសចិនពីការបំផ្លិចបំផ្លាញសត្វព្រៃរបស់ប្រទេសនេះ។ ក្រុមអ្នកអភិរក្សឯករាជ្យមួយនេះ បានត្អូញត្អែរអំពីកូនដំរីដែលត្រូវបានយកទៅកាន់សួនសត្វនៅប្រទេសចិន។ ប្រទេសចិនត្រូវបានគេស្គាល់ថា ជាទិសដៅដ៏សំខាន់សម្រាប់ការប្រម៉ាញ់ខុសច្បាប់ដើម្បីយកភ្លុកដំរីនិងផលិតផលពីសត្វព្រៃផ្សេងទៀត។
ប៉ុន្តែ ក្រុមអ្នកអភិរក្សសង្ឃឹមថា ការផ្លាស់ប្តូរកំពុងតែកើតមានឡើង។ ប្រទេសចិនកាលពីដើមឆ្នាំនេះ បានប្រកាសការហាមឃាត់រយៈពេលមួយឆ្នាំលើការនាំចូលភ្លុកដំរី។ ប្រទេសនេះក៏បានសន្យាផងដែរក្នុងការបញ្ឈប់ជាដំណាក់កាលនូវឧស្សាហកម្មភ្លុកដំរីនៅក្នុងស្រុករបស់ខ្លួន៕
ការគាំទ្រនេះបានមានឡើងបន្ទាប់ពីការសម្លាប់សត្វតោដែលជានិមិត្តរូបនៃប្រទេសស៊ីមបាវ៉េ គឺសត្វតោឈ្មោះCecil កាលពីខែកក្កដា។ សត្វតោនោះ ត្រូវបានសម្លាប់ដោយទន្តពេទ្យជនជាតិអាមេរិក នៅក្រៅតំបន់ការពារនៅក្នុងប្រទេសស៊ីមបាវ៉េ ដែលការសម្លាប់នោះបានបង្កឲ្យមានភ្លើងកំហឹងនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង