ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជាបានរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារអ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានផ្តោតលើការសាងសង់ថ្មីរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។
អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានស្វែងរកការបំភ្លឺអំពីការវាយកម្ទេចអគារចំនួន២ដែលឧបត្ថម្ភដោយថវិកាសហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាមដោយគ្មានការជូនដំណឹងឬការពន្យល់ហើយ«បានសង្កេតឃើញថា មូលដ្ឋានយោធាចិននៅកម្ពុជានឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា»។ នេះបើតាមក្រសួងការបរទេសអាមេរិក។
នៅទីក្រុងប៉េកាំងលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាប្រទេសចិននិងកម្ពុជារីករាយនឹង«មិត្តភាពជាប្រពៃណី»និងជា«ដៃគូយុទ្ធសាស្ត្រនិងសហប្រតិបត្តិការទូលំទូលាយ»។
លោក Wang បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតប្រចាំថ្ងៃថា៖ « ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរនិងបានរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់»។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អ្នកស្រី Shermanបានជំរុញឱ្យថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជារក្សានូវគោលនយោបាយការបរទេសឯករាជ្យនិងមានតុល្យភាពដើម្បីផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
អ្នកស្រី Sherman បានលើកឡើងពីបញ្ហានេះម្តងទៀតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃកាលពីថ្ងៃពុធដោយនិយាយថា អ្នកស្រីមានការសន្ទនាដោយស្មោះត្រង់ជាមួយលោកហ៊ុន សែនអំពីទិសដៅរបស់ប្រទេសរួមទាំងវត្តមានរបស់ចិននៅមូលដ្ឋានរាមនិងបញ្ហាសិទ្ធិមនុស្សកំណត់ត្រាប្រឆាំងលទ្ធិប្រជាធិបតេយ្យ៕