លោក Carter៖ ចិន​អាច​នឹង​ឈាន​ទៅ​រក​ការ​សាងសង់​មហាកំផែង​ដែល​ផ្តាច់​ខ្លួន​ចេញ​ពី​ពិភពលោក

រូបភាពបញ្ជាក់ពីការទាមទារទឹកដីនៃសមុទ្រចិនខាងត្បូង

ប្រទេសចិន​នឹង​អាច​ឈាន​ទៅដល់​ការសាងសង់​មហាកំផែង​មួយ​ដែល​ផ្តាច់​ខ្លួន​ចេញ​ពី​ពិភពលោក​ប្រសិន​បើ​ប្រទេស​នេះ​នៅតែ​បន្ត​សកម្ម​ភាព​បង្កហេតុ​ដោយ​យោធា​នៅ​លើ​ដែន​កោះ​តូចៗ​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាមការ​បញ្ជាក់របស់​លោក​ Ash Carter ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៅថ្ងៃសៅរ៍នេះ។

លោក​ Carter ​បាន​ប្រាប់​ក្រុម​រដ្ឋ​មន្ត្រីការពារជាតិ​អាស៊ាន​ ក្រុម​អ្នក​វិភាគ និង​អ្នក​ស្រាវជ្រាវ​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ Shangri-La ​ក្នុង​ប្រទេស​សិង្ហបុរី​ថា មាន​«កើនឡើង‍​នៃ​ការព្រួយបារម្ភ​» ពី​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​លើ​ដែន​ទឹក​យុទ្ធសាស្រ្ត​និង​កន្លែង​ដទៃទៀត។​

ការព្រួយ​បារម្ភ​ជាពិសេស​នោះ​គឺ​ថា​តើ​ចិន​នឹង​ធ្វើ​ការ​បូមខ្សាច់​នៅ​តំបន់​ Scarborough Shoal ​ឬទេ​ដែល​តំបន់​នេះ​មាន​ចម្ងាយ​តែ​២០០គីឡូម៉ែត្រ​នៅ​ភាគ​ខាងលិច​ឈូងសមុទ្រ​ស៊ូប៊ិក ហើយ​ដែល​ប្រទេស​ហ្វីលីពីន​ក៏​អះអាង​ទាមទារ​ផង​ដែរ។

លោក​ Cater ​និយាយ​ថា​សកម្មភាព​បែបនេះ​អាច​ចាត់​ថា​ជា «ការបង្ក​ហេតុ​និង​ធ្វើ​ឱ្យ​អស្ថិរភាព‍»។

ដោយ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នា​ពេល​ក្រោយ​មក​ក្នុង​ថ្ងៃ​សៅរ៍​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី​ការ​ពារជាតិ​បាន​បញ្ជាក់​ថា សកម្មភាព​ដូចនេះ​ត្រូវបាន​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​នឹង​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម។​

លោក​បាន​បន្ថែម​ថា​«មាន​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​កំពុង​សហប្រតិបត្តិការ​គ្នា​ដើម្បី​រក្សា​សន្តិសុខ​ដោយ​ខ្លួន​ឯង​ហើយ​ក៏​បាន​ស្នើ​សុំ​មក​សហរដ្ឋ​អាមេរិក‍​ផង​ដែរ»។​

លោក​ Bonnie Glaser នាយក​នៃ​គម្រោង​អំណាច​របស់​ចិន​នៅ​ឯ​វិទ្យា​ស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​បាន​ប្រាប់ VOA ថា ការឆ្លើយ​តប​មួយ​ដែល​អាចកើតមានឡើង​បាន​នោះ​គឺ​ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រកាស​ជា​សាធារណៈ​ថា​កិច្ចព្រមព្រៀង​ការពារ​ជាតិ​រួមគ្នា​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​គឺ​មិន​មាន​ព្រំដែន​ភូមិសាស្រ្ត​កំណត់ទេ​ដូច្នេះ «ប្រសិនបើ​កងកម្លាំងឬ​ទ្រព្យធនហ្វីលីពីន​ទទួល​រង​ការវាយ​ប្រហារ​នៅ​កន្លែង​ណាក៏ដោយ សហរដ្ឋ​អាមេរិក​នឹង​មាន​កាតព្វកិច្ច​មក​ជួយ‍​ជា​មិនខាន»។​

អ្នក​ស្រាវជ្រាវ​របស់​ចិន​ម្នាក់​ដែល​បាន​ឡើង​ថ្លែង​ពី​កន្លែង​អ្នកចូលរួម​ស្តាប់​លើកឡើង​ថា​ សហរដ្ឋ​អាមេរិក​ជា​អ្នក​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​តានតឹង​គឺ​មិន​មែន​ចិន​ឡើយ ព្រោះ​សហរដ្ឋ​អាមេរិក​បាន​បើក​នាវា​និង​ហោះហើរ​លើ​ដែនដី​របស់​ប្រទេស​ដទៃ​ក្រោម​លេស​ថា​ «សេរីភាព​នៃ​នាវាចរណ៍‍»៕