ចិន​ថ្កោល​ទោស​អាមេរិក​រឿង​ឲ្យ​យន្តហោះ​យោធា​​ខ្លួន​ហោះ​ពី​លើ​កោះ​តៃវ៉ាន់

រូបភាព​ឯកសារ៖ យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​ដែលបាន​ហោះកាត់​នតៃវ៉ាន់ស្រដៀង​មនឹង​យន្តហោះ​សហរដ្ឋអាមេរិក​ U.S. Air Force C-40 Clipper ដែល​បាន​ចត​នៅអាកាសយានដ្ឋាន Zurich កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ចិន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោល​ទោស​យោធាសហរដ្ឋ​អាមេរិក​ ចំពោះ​សកម្មភាព «បង្ក​ហេតុ» ដោយ​ឲ្យយន្តហោះ​យោធា​អាមេរិក​មួយ​គ្រឿងហោះពី​លើ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់​ទុក​ថា​ជា​ដែនកោះ​របស់​ខ្លួន ដោយ​ចិន​ថា​ ទង្វើ​របស់​អាមេរិកនេះ​បាន​រំលោភ​លើ​អធិបតេយ្យភាព​ចិន ​និង​ច្បាប់​អន្តរជាតិ។​

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា យន្តហោះ​យោធា​អាមេរិក​ប្រភេទ​ C-40A បាន​ទទួល​ការ​អនុញ្ញាត ឲ្យ​ចូល​ដែន​អាកាស​តៃវ៉ាន់ ប៉ុន្តែ​យន្តហោះ​នេះ​មិន​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​លើ​កោះ​នេះ​ទេ។ យន្តហោះ​យោធា​អាមេរិក​នេះ​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ហោះ​ពី​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​កោះ Okinawa ក្នុង​ប្រទេស​ជប៉ុន ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ឆ្លង​កាត់​កោះតៃវ៉ាន់។

កងទ័ព​អាកាស​សហរដ្ឋអាមេរិក​មិន​ទាន់​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​ទេ​ ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នេះ។

ប្រទេស​ចិន​ចាត់​ទុក​កោះតៃវ៉ាន់​ ដែល​មាន​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ថា​ជា​ដែនដី​របស់​ខ្លួន និង​ជា​រឿង​រសើប​បំផុត​មួយ​របស់​ខ្លួន ដោយ​តែង​ថ្កោល​ទោស​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​កោះ​ដែល​គ្រប់គ្រង​ខ្លួន​ឯង​មួយ​នេះ៕