ប្រទេសចិននិងកម្ពុជាបានជម្នះនឹងនិន្នាការនៅជុំវិញពិភពលោកក្នុងសប្តាហ៍នេះនៃការលុបចោលព្រឹត្តិការណ៍នានា ដោយប្រទេសទាំងពីរបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីបង្ហាញទៅពិភពលោកថាប្រទេសទាំងពីររួចផុតពីវិបត្តិការផ្ទុះរាតត្បាតនៃមេរោគកូវីដ១៩ និងកាន់តែស្និទ្ធស្នាលនឹងគ្នាថែមទៀតបើទោះបីជាមានការបារម្ភពីប្រទេសដទៃក្តី។
ប្រទេសជាមិត្តទាំងពីរដែលជានិច្ចកាលតែងប្រតិកម្មទៅនឹងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាលើកទី៤កាលពីថ្ងៃអាទិត្យទី១៤ ខែមីនាកន្លងទៅនេះ។ សកម្មភាពធ្វើលំហាត់យោធានៅក្នុងខេត្តកំពតរបស់ប្រទេសកម្ពុជាផ្តោតលើកិច្ចការជួយសង្គ្រោះមនុស្សធម៌ និងកិច្ចការប្រឆាំងភេរវកម្ម នៅមុនពេលសមយុទ្ធនេះត្រូវបញ្ចប់នៅថ្ងៃទី១ខែ មេសា ខាងមុខ នេះបើតាមរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua។
ប្រទេសចិននិងដៃគូខាងយោធារបស់ខ្លួនដែលខ្សោយជាងនោះ កំពុងធ្វើការហាត់សមយុទ្ធ «នាគមាសឆ្នាំ២០២០» ខណៈដែលនៅជុំវិញពិភពលោកមានការលុបចោលព្រិត្តិការណ៍គ្រោងទុកជាច្រើនដោយសារមានការផ្ទុះរាតត្បាតនៃកូវីដ១៩ ដែលជាជំងឺបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី។ ប្រទេសចិនខ្លួនឯងមានចំនួនអ្នកឆ្លងជំងឺនេះច្រើនជាងគេចាប់តាំងពីមេរោគនេះលេចមុខដំបូងកាលពីខែធ្នូ ដែលចំនួននេះបានកើនដល់ ៨០.០០០នាក់។ ប៉ុន្តែករណីឆ្លងថ្មីៗក្នុងប្រទេសចិនបានធ្លាក់ចុះជិតដល់កម្រិតសូន្យក្នុងខែមីនានេះ។
មន្ត្រីនៅក្នុងទីក្រុងប៉េកាំងសង្ឃឹមនឹងអាចបង្ហាញពិភពលោកថា ប្រទេសចិនបានរើបឡើងវិញខាងនយោបាយនិងសេដ្ឋកិច្ចពីការផ្ទុះរាតត្បាតនៃមេរោគថ្មីនេះ ដែលនៅបន្តរាលដាលនៅប្រទេសលោកខាងលិច ខណៈដែលប្រទេសកម្ពុជាចង់បង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិនដើម្បីអាចទទួលបានជំនួយពីចិនបន្ថែមទៀត នេះបើតាមការអះអាងរបស់អ្នកវិភាគ។
លោក Alan Chong សាស្ត្រាចារ្យជំនួយនៅសាលា S. Rajaratnam សម្រាប់ការសិក្សាអន្តរជាតិនៅប្រទេសសិង្ហបុរីថ្លែងថា៖ «ខ្ញុំគិតថា ប្រទេសចិនចង់ងាកផុតចេញពីបញ្ហាកូវីដ១៩ ឲ្យបានឆាប់។ ហេតុនេះហើយពួកគេត្រូវធ្វើអ្វីគ្រប់យ៉ាងឲ្យបានឆាប់ដែលអាចធ្វើទៅបាន ដើម្បីពង្រឹងភាពស្របច្បាប់ក្នុងក្រសែភ្នែកអ្នកដទៃនៃរបប[កុម្មុយនិស្តចិន]»។
ប្រទេសចិនធ្លាប់បានជួយទ្រទ្រង់របបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងអំឡុងទសវត្ស១៩៧០ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃប្រទេសវៀតណាមនៅតំបន់ឥណ្ឌូចិន។ បច្ចុប្បន្ននេះប្រទេសកម្ពុជាផ្តល់ដល់ប្រទេសចិននូវសំឡេងក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលជាអង្គការតំបន់មួយដែលមានសមាជិកខ្លះមានជម្លោះដែនអធិបតេយ្យភាពសមុទ្រជាមួយនឹងប្រទេសចិន។ ប្រទេសកម្ពុជាជាសមាជិកមួយនៃសមាជិកទាំង១០របស់អាស៊ាន។
ជាថ្នូរប្រទេសចិនបានផ្តល់ថវិកាជំនួយចំនួន២ពាន់លានដុល្លារដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បើគិតមកត្រឹមឆ្នាំ២០១៨។ ប្រទេសកម្ពុជាដ៏ក្រីក្រ បានប្រើថវិកានេះដើម្បីពង្រីកកំពង់ផែសមុទ្រ សម្ពោធបណ្តាញផ្លូវថ្នល់ថ្មីមួយ និងរៀចចំគម្រោងសម្រាប់សាងសង់ព្រលានយន្តហោះថ្មីចំនួនពីរកន្លែង។ លោក Termsak Chalermpalanupap អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានស្រាវជ្រាវ ISEAS Yusof Ishak នៅក្នុងប្រទេសសិង្ហបុរីថ្លែងថា ពេលនេះប្រទេសកម្ពុជានឹងទំនងទទួលបានជំនួយខាងសុខាភិបាលពីចិនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ នៅអំឡុងជិតដល់ចំណុចធ្ងន់ធ្ងរបំផុតនៃការផ្ទុះរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិន ដែលកាយវិការរបស់លោកនេះ ត្រូវអ្នកជំនាញថា ជាកាយវិការដ៏កម្រនៃការបង្ហាញពីការគាំទ្រខាងស្មារតីដល់ភាគីចិន។
លោក Termsak Chalermpalanupap បញ្ជាក់ថា៖ «លោក ហ៊ុន សែន កាលពីខែកុម្ភៈ ខំធ្វើដំណើររហូតដល់ទីក្រុងប៉េកាំងដើម្បីគ្រាន់តែបង្ហាញថាប្រទេសកម្ពុជាមានមិត្តធំៗដែលអាចជួយកម្ពុជាបាន»។ អ្នកវិភាគមួយទៀតគឺ លោក Alan Chong បន្ថែមទៀតថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះចង់បន្តទទួលបានជំនួយខាងហេដ្ឋារចនាសម្ព័ន្ធពីប្រទេសចិន។
ទីតាំងនៃការធ្វើលំហាត់សមយុទ្ធនេះ ចៃដន្យត្រូវធ្វើឡើងនៅជិតមូលដ្ឋានកងទ័ពជើងទឹករាម នៅក្នុងខេត្តព្រះសីហនុ ដែលនៅទីនោះប្រទេសចិនមាន«វត្តមានធំមហិមា» នេះបើតាមការបញ្ជាក់របស់អ្នកវិភាគមួយទៀត គឺលោក Thitinan Pongsudhirak សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកកប្រទេសថៃ។
អ្នកវិភាគទាំងឡាយនិយាយថា ការធ្វើសមយុទ្ធយោធានៅក្នុងខែកុម្ភៈនេះ ទោះបីមិនជាក់ច្បាស់ជាសមយុទ្ធស្ថានភាពពេលសង្ក្រាមក្តី ក៏ត្រូវគេរំពឹងថា នឹងផ្តល់ដល់ប្រទេសចិននូវឥទ្ធិពលខ្លាំងជាងមុននៅក្នុងប្រទេសកម្ពុជានិងតំបន់ឥណ្ឌចិននេះ នៅរយៈពេលយូរ ក្នុងពេលប្រទេសចិនត្រូវការ។
លោក Alan Chong សាស្ត្រាចារ្យជំនួយនៅសាលា S. Rajaratnam សម្រាប់ការសិក្សាអន្តរជាតិនៅប្រទេសសិង្ហបុរីថ្លែងថា ប្រទេសវៀតណាមមានការបារម្ភជាពិសេស។ ប្រទេសនេះមានព្រំដែនជាប់ទាំងប្រទេសចិននិងប្រទេសកម្ពុជា ហើយបានប្រឆាំងទៅនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនភាគខាងត្បូង។ ប្រទេសវៀតណាមដែលជាសមាជិកអាស៊ានផងដែរនោះ មានជម្លោះជាមួយនឹងចិនអំពីតំបន់ដ៏សម្បូរធនធានក្នុងដែនសមុទ្រនេះ។
លោក Stephen Nagy សាស្ត្រាចារ្យជំនួយជាន់ខ្ពស់ផ្នែកនយោបាយនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Christian អន្តរជាតិក្នុងទីក្រុងតូក្យូប្រទេសជប៉ុន និយាយថា សមយុទ្ធរួមគ្នាចិនកម្ពុជានេះ បង្ហាញអំពី«ការប្តេជ្ញា»របស់ចិន ក្នុងការធ្វើឲ្យសមាគមអាស៊ានបែកបាក់ជាស្ថាប័ន ដោយលោកពន្យល់ថា៖
«ដោយបញ្ជូលវត្តមានរបស់ខ្លួនម្តងហើយម្តងទៀត ទៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើបេសកកម្មរួមគ្នា ឬធ្វើតេស្តរួមគ្នា ឬការស្ថាបនាមូលដ្ឋានទ័ព ទាំងនេះជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីរារាំងអាស៊ានពីការធ្វើការជាមួយគ្នា ដូចតាមតួនាទីរបស់អង្គការតំបន់នេះ»។
សមយុទ្ធយោធារវាងចិននិងកម្ពុជានេះកើតមានឡើងក្រោយពី សមយុទ្ធយោធាពហុប្រទេសដឹកនាំដោយសហរដ្ឋអាមេរិក ឈ្មោះ Cobra Gold ត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃដែលជាប់ព្រំដែនជាមួយកម្ពុជា រយៈពេល១២ថ្ងៃ ហើយដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៦ខែមីនាកន្លងទៅ។ ប្រទេសចិនបានប្រឆាំងនឹងការផ្លាស់ទីរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅតំបន់នាវាចរណ៍នេះថាជាដែនសមុទ្ររបស់អន្តរជាតិ ខណៈដែលចិនបានទាមទារ៩០%នៃផ្ទៃសមុទ្រនេះថាជាដែនសមុទ្ររបស់ខ្លួន៕
ប្រែសម្រួលដោយ សឹង សុផាត