នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសចិនបានអំពាវនាវឲ្យមានការចាប់ផ្ដើមឡើងវិញនូវការចរចាជាមួយសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលដឹកនាំរបស់លោក Joe Biden ដែលត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅបន្តធ្លាក់ចុះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជាប់គាំងលើបញ្ហានានាតាំងពីបញ្ហា ពាណិជ្ជកម្ម និងប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសចិន រហូតដល់បញ្ហាមហិច្ឆតាវាតទីនិយមរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន (USCBC) នៅថ្ងៃចន្ទនេះថា៖ «ភាគីទាំង ២ គួរតែធ្វើការជាមួយគ្នា»។
លោក Wang Yi បានបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវខំប្រឹងចាប់ផ្តើមឡើងវិញនូវការចរចា វិលត្រឡប់ទៅកាន់ផ្លូវត្រូវវិញ និងកសាងឡើងវិញនូវការទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក»។ នេះ បើយោងតាមសុន្ទរកថារបស់លោកដែលបង្ហោះនៅលើវិបសាយរបស់ក្រសួងការបរទេសចិន។
ការលើកឡើងរបស់លោក Wang Yi បានធ្វើឡើងប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញការដាក់កំហិតលើការធ្វើដំណើរចំពោះសមាជិកគណបក្សកុម្មុយនីស្តចិន ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំង ២ បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ការដាក់ទណ្ឌកម្មបន្ថែមទៀតត្រូវគេរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍នេះ ដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកមានគម្រោងដាក់ទណ្ឌកម្មលើមន្ត្រីចិនយ៉ាងហោចណាស់រាប់សិបនាក់ ដោយការបង្កកទ្រព្យសម្បត្តិទាក់ទិននឹងតួនាទីរបស់ពួកគេនៅក្នុងការដកសិទ្ធិសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង៕