ការហាមឃាត់​ការផ្សាយ​វីដេអូ​ផ្ទាល់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អាច​បន្ទុចបង្អាក់​ការកើន​ឡើង​នៃ​តារា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

<p align="LEFT"><font color="#000000"><font face="Tahoma"><font size="3">ប៉ូលិស​កូបកម្ម​ឥណ្ឌូណេស៊ី​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​និស្សិត​បាតុករ​អំឡុង​ការ​ប៉ះទង្គិច​មួយ​នៅ​ខាង​ក្រៅ​សភា​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអង្គារ​​ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។</font></font></font><br /> &nbsp;</p>

ប្រជាប្រិយភាព​តារា​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ចិន ដោយ​នេះ​បាន​បង្កើត​ជា​វិស័យ​ដ៏​ធំ​មួយ ដែល​បាន​ប្រែផ្លាស់​បុគ្គល​មួយ​ចំនួន​ឲ្យ​ទៅ​ជា​សេដ្ឋី។

ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ប្រជាប្រិយភាព​នៃ​តារា​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​បាន​បង្កើត​វិស័យ​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាង​ធំ​មួយ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ក្លាយ​ទៅ​ជា​សេដ្ឋី។

ប៉ុន្តែ​ ស្រប​ពេល​ដែល​វិស័យ​នេះ​កំពុង​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង អាជ្ញាធរ​ក៏​កំពុង​អនុវត្ត​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ ដែល​ធ្វើ​ឲ្យ​វិស័យ​ដែល​កំពុង​លូតលាស់​យ៉ាង​រហ័ស​នេះ​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្រ្កាប​របស់​មន្ត្រី។

ការកើន​ឡើងនៃ​តារា​អ៊ីនធឺណិត​ បាន​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​របស់​ប្រទេស​ចិន​ ជាពិសេស​ចាប់ពី​យុវវ័យ​ដែល​កើត​នៅក្នុង​ទសវត្សរ៍​៩០ ឡើង​ទៅ​ឲ្យ​មាន​គំនិត​ឈោង​ចាប់​ប្រជាប្រិយ​ភាព​នៅ​ក្នុង​ទីផ្សារទស្សនា​វីដេអូផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ស្រុក។ គេហទំព័រ​ទិន្នន័យ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ឈ្មោះ​ថា Statista បាន​ព្យាករណ៍​ថា​ វិស័យ​នេះ​នឹង​មានតម្លៃ​យ៉ាងតិច​៩​រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ ដែល​កើន​ឡើង​៥៥ ភាគរយ​ពី​ឆ្នាំ​២០១៥​ ជាមួយ​នឹង​ក្រុមទស្សនិកជន​លើស​ពី​៥រយលាន​នាក់។

តារា​ល្បី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ភាសា​ចិន​ហៅ​ថា Wang Hong

តារាតាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ជា​ភាសា​ចិន​ហៅ​ថា​ «Wang Hong»​ សំដៅ​ទៅ​លើ​អ្នក​ដែល​ក្លាយ​ជា​តារា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​បង្វិល​ប្រជាប្រិយ​ភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ពួកគេ​ឲ្យ​ទៅជា​ជំនួញ​ជាក់​ស្តែង​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ​មិន​ត្រឹមតែ​នៅ​ក្នុង​វិស័យកម្សាន្ត​ សម្ផស្ស​ និង​ម៉ូដ​ទាន់សម័យ​។

តារា​ល្បី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន​នាង Furong Jiejie ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ថា Sister Furong រាំ​នៅ​លើ​ដំបូល​មួយ​ក្នុង​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា​ ឆ្នាំ​២០០៥។

Huang Xianer​ ជា​និស្សិត​មហាវិទ្យាល័យ​ ក្នុង​ជំនាញ​ការ​ផ្សព្វផ្សាយ។ និស្សិតអាយុ​២០​ឆ្នាំ​រូប​នេះ​ ​ជា​យុវវ័យ​ម្នាក់​ក្នុង​ចំណោម​យុវវ័យ​ផ្សេងទៀត​ដែល​មាន​សុបិន​ចង់​ក្លាយ​ជា ​«Wang Hong» ហើយ​ក្នុង​នោះ​ក៏​មាន​មិត្តភ័ក្ដិ​របស់​នាង​ផង​ដែរ​។

Huang​ បាន​ប្រាប់​ VOA ​ថា​៖ «ក្រោយ​ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​[ពី​មហាវិទ្យាល័យ​នៅ​រដូវ​ក្តៅ​] យុគសម័យ​អ៊ីនធឺណិត​បាន​រីក​ដុះដាល​ខ្លាំង​ ហើយ​វិស័យ​ទស្សនា​វីដេអូ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ចាប់​ផ្តើម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​មួយ​ចំនួន​ ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ផង​ដែរ»។

ស្រប​ពេល​ដែល​តារា​អ៊ីនធឺណិត​ស្រីៗ​វ័យក្មេង​ជាច្រើន​បាន​ច្រៀង​ ឬ​រាំ​ និង​និយាយ​សាសង​ជាមួយ​បុរស​ៗ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ Huang​បាន​រក​ឃើញ​ប្រធានបទ​ផ្សេង​។​ នាង​បាន​ប្រើប្រាស់​ការហ្វឹកហាត់​របស់​នាង​ក្នុង​នាម​ជា​អ្នក​ជំនាញ​ទេសចរណ៍​មួយ​រូប​ ដើម្បី​ផលិត​វីដេអូ​ទេសចរ​ខ្នាត​ខ្លី​ក្នុង​ទីក្រុង​។ វីដេអូ​ទាំងនេះ​ បាន​ថត​ និង​ផលិតមុន​ពេល​បង្ហោះ​ចូល​ប្រព័ន្ធ​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​នាង​ក្នុង​បណ្ដាញ ​Youku​ ដែល​ជា​Youtube​ របស់​ប្រទេស​ចិន។

ចំណូល​ពី​ចំនួន​អ្នក​ចូល​ទស្សនា​(ចំនួន​ចូល​មើល​គេហទំព័រ​អ៊ីនធឺណិត) និង​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ជា​ប្រភព​ចំណូល​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​វាមិនទាន់​ក្លាយ​ជា​ផល​ចំណេញ​ទេ ព្រោះ​ Huang​ ទើប​តែ​ចាប់​ផ្ដើម​ទាក់ទាញ​អ្នក​តាមដាន​ទស្សនា​រាប់ពាន់​នាក់​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​របស់​នាង​ ដែល​មាន​ឈ្មោះ​ថា​ Vermodel។ ក្រុមហ៊ុន​ខ្នាត​តូច​ ដែល​មាន​បុគ្គលិក​១០នាក់​មួយ​នេះ​ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​មនុស្សលើ​អ៊ីនធឺណិត​ ជាង​៣០នាក់។​

វិថី​ទៅ​កាន់​តារា

ជំនាន់​ដំបូង​នៃ​តារា​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ល្បី​បំផុត​នៅ​ប្រទេស​ចិន​ មាន​ទាំង​អ្នក​ផ្នែក​អក្សរសាស្រ្ត​ ដូចជា​ អ្នកនិពន្ធ​តាម​អ៊ីនធឺណិត Han Han​ ដែល​បាន​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​ជាងគេ​ប្រចាំ​ឆ្នាំ​២០១០​ ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ Time​។

លោក Han Han អាយុ ២៧ឆ្នាំ ដែល​ជា​អ្នកសរសេរ​ប្លុក​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​ចិន ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អំឡុងពេល​ពិព័រណ៍​សៀវភៅ​នៅ​កោះហុងកុង​ កាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១០។

តាំង​ពី​ពេល​នោះ​មក​ ជាមួយ​នឹង​ការ​រីក​ចម្រើន​ដល់​កំពូល​របស់​បណ្ដាញ​សង្គម​ ដែល​បាន​គាំទ្រ​ដោយ​បច្ចេកវិទ្យា​សម្រាប់​វីដេអូ​តាម​ប្លុក(Blog)​ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចែករំលែក​រូបភាព​និង​វីដេអូ​ ដែល​បង្កើត​ដោយ​អ្នកប្រើប្រាស់​ ដើម្បី​បង្កើន​ប្រជាប្រិយភាព​។ នេះ​ជា​សម្តី​របស់​លោក​ Meng Deming​ ប្រធាន​នៃ Qingdao Micro Innovation Marketing Planning Co. ។

លោក​Mengនិយាយ​ថា​៖ តាមរយៈ​ការវាយលុក​នៃ​គ្រឿង​អេឡិចត្រូនិច​កាន់​នឹង​ដៃ​បាន​ ការ​រីកសាយ​របស់​វីដេអូ​អ៊ីនធឺណិត​បាន​កើន​ឡើង​នូវ​សន្ទុះ​ដែល​ធ្វើឲ្យ​វិថី​ទៅ​កាន់​តារា​របស់​ Wang Hong ​កាន់តែ​ងាយស្រួល​ជាង​មុន។

លោក​បន្ថែម​ទៀត​ថា​ ភាពជោគជ័យ​របស់​ Papi Jiang​ ដែល​ការសម្ដែង​កំប្លែង​និយាយ​ក្នុង​ចង្វាក់​ញាប់​របស់​គាត់បាន​បង្កើត​ជា​និន្នាការ​ថ្មី​មួយ ​ក្នុង​វិស័យ​ដែល​ទើបតែ​លេច​ចេញ​នេះ​។

លោក​ Meng​ និយាយ​ថា​៖ «ក្នុងឆ្នាំ​២០១៦​ សេដ្ឋកិច្ច​ នៃ​តារា​អ៊ីនធឺណិត(Wang Hong)​នេះ​ បាន​រីក​ចម្រើន​ខ្លាំង​ ដោយសារ​តែ​[ការកើន​ឡើង​]​នៃ​ការ​បង្ហោះ​វីដេអូ។ ឧទាហរណ៍​ Papi Jiang​ ដែល​បាន​ប្រមូល​មូលនិធិ​សម្រាប់​នាង​ក្នុង​ដើម​ឆ្នាំ​នេះ​ ហើយ​នាង​បាន​ក្លាយ​ជា​ប្រធានបទ​ដែល​មនុស្ស​គ្រប់​គ្នា​ចាប់​អារម្មណ៍»។

វីដេអូ​កំប្លែង​និយាយ​ម្នាក់ឯង​របស់​Jiang​ បាន​បង្កើត​ភាព​សើច​ក្អាកក្អាយ​ក្នុង​ប្រធានបទ​សាមញ្ញ​ ដែល​មាន​ទាំង​ទំនាក់ទំនង​រវាង​បុរស​ និង​ស្ត្រី​នៅ​ប្រទេស​ចិន។

ក្នុង​រយៈពេល​បួន​ខែ​ វីដេអូ​របស់​នាង​ត្រូវ​បាន​ចុច​មើល​លើស​ពី​២៩០លាន​ដង​។

នាង​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅៗ​ក្នុង​រយៈពេល​មួយ​យប់​នៅ​ខែ​មីនា​ នៅ​ពេល​ដែល​អ្នក​បណ្តាក់​ទុន​មូលធន​និយម​ម្នាក់​បាន​បណ្ដាក់​ទុន​១,៧លាន​ដុល្លា​ និង​អ្នក​ដេ​ញ​ថ្លៃ​បាន​ឲ្យ​ថ្លៃ​រហូត​ដល់​៣លាន​ដុល្លារ​ ដើម្បី​បាន​តារា​អ៊ីនធឺណិត​រូប​នេះ​ផ្សាយពាណិជ្ជកម្ម​យីហោ​របស់​ពួកគេ​ ក្នុង​កម្មវិធី​ដេញ​ថ្លៃ​វីដេអូ​ពាណិជ្ជកម្ម​មួយ​នៅ​ខែ​មេសា។

បុគ្គលិក​ម្នាក់​ដើរកាត់​ស្លាក​របស់​គេហទំព័រ Youku.com ពី​លើ​តុ​ទទួលភ្ញៀវ​នៅ​ឯ​ក្រុមហ៊ុន​នោះ​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០១០។

ដូចនេះ​ ស្ថានភាព​សេដ្ឋកិច្ច​របស់​តារា​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​ នឹង​អាច​ជោគជ័យ​ជាង​នេះ​ទៅទៀត​ ប្រសិនបើ​វិសាលភាព​របស់​តារា​អ៊ីនធឺណិត​ពង្រីក​ដោយ​រួម​បញ្ចូល​ទស្សនៈ​របស់​អ្នក​មាន​ឥទ្ធិពល​នៅ​ក្នុង​វិស័យ​ផ្សេងៗ ដែល​ទ្រទ្រង់​គំរូ​ពាណិជ្ជកម្ម​ដែល​អាច​សម្រេច​បាន​តាម​អ៊ីនធឺណិត។ នេះ​បើ​តាម​សម្តី​របស់​អ្នកវិភាគ។

ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត

ប៉ុន្តែ​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ទ្រង់ទ្រាយ​ធំ​ ដែល​មាន​ទាំង​ការ​ហាម​ឃាត់ការ​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ពេល​ថ្មីៗនេះ​ បាន​វាយ​ប្រហារ​ដល់​ស្ថានភាព​វិស័យ​នេះ​ទាំង​មូល​ ទោះបី​ជា​ឥទ្ធិពល​ជះ​លើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ មាន​កម្រិត​នៅឡើយ។ នេះ​ជា​ការ​ពិពណ៌នា​បន្ថែម​របស់​លោក Meng។

ក្នុង​កម្រិត​បុគ្គល​ ឧទាហរណ៍​ដូចជា​Jiang ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​លុបចោល​ខ្លឹមសារ​មួយ​ចំនួន​ដែល​នាង​បាន​បង្ហោះ។ ហើយ​ក្នុង​នោះ​ អាជ្ញាធរ​បាន​សន្មត​ថា​នាង​បាន​ប្រើ​ភាសា​ជេរប្រមាថ​ ឬ​ភាសា​រំលោភ​បំពាន។

Vermodel​ និយាយ​ថា​ ទេពកោសល្យ​របស់​ពួកគេ​មិនទាន់​ទទួល​បាន​ការ​ព្រមាន​អ្វី​នៅ​ឡើយ​ទេ ក្រៅ​ពី​ការដាស់តឿន​ពី​បណ្ដាញ​សង្គម​ផ្ទាល់​ ដើម្បី​ធានា​ការផ្សាយផ្ទាល់​វីដេអូ​របស់​ពួកគេមាន​«យុវវ័យ​ភាព​ និង​មិនមាន​ការ​ប៉ះពាល់​ផ្សេងៗ»។

បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ពី​ក្រសួង​វប្បធម៌​នៅ​ដើម​ខែ​ធ្នូ​ ក្នុង​វិស័យ​ទាំង​មូល​ គ្មាន​វីដេអូ​ផ្សាយ​ផ្ទាល់​ណា​នឹង​ត្រូវ​បាន​អនុញ្ញាត​ទេ​ ប្រសិនបើ​បណ្តាញ​ណា​មួយ​ក្នុង​បណ្ដាញផ្សាយផ្ទាល់​ទាំង​២០០​ក្នុង​ប្រទេស​ មិន​អាច​ធានា​តាម​លិខិត​អនុញ្ញាត​។

អ្នក​សម្ដែង​តាម​វីដេអូ​ផ្សាយផ្ទាល់​ ក៏​តម្រូវ​ឲ្យ​ចុះឈ្មោះ​ពិត​របស់​ពួកគេ​ក្នុង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ពួកគេ​បង្ហោះ​។ នេះ​បើ​តាម​ការ​បន្ថែម​នៅ​ក្នុង​សេចក្ដី​ប្រកាស​ ដែល​ដើរ​ទន្ទឹម​នឹង​បទបញ្ជា​ដែល​រដ្ឋបាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​បោះពុម្ព​ វិទ្យុ​ និង​ទូរទស្សន៍​ បាន​ធ្វើ​ការកែ​តម្រូវ​ចុងក្រោយ​នៅ​ខែ​សីហា។

អតិថិជន​នៅ​ហាង​កាហ្វេអ៊ីនធឺណិត​មួយ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ការ​រៀបចំ​ឡើង​វិញ​នៃ​វិស័យ​នេះ​គឺ​មិន​អាច​ចៀស​ផុត​ឡើយ​ ស្រប​ពេល​ដែល​បណ្ដាញ​ផ្សាយ​ផ្ទាល់​ទាំង​២០០​ក្នុង​ប្រទេស​ ដែល​មាន​ទាំង ​douyu.com​, ​live.bilibili.com​ និង​huya.comអាច​ស្ថិត​នៅ​ក្រោយ​រ៉ាដា​ឃ្លាំមើល​របស់​រដ្ឋបាល។

ការ​រារាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ​Qiao Mu​ សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ​សិក្សា​បរទេស​ប៉េកាំង​(Beijing Foreign Studies University)​ បាន​លើក​ឡើង​ថា​ គោលដៅ​ពិតប្រាកដ​នៃ​ការ​រឹត​បន្តឹង​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ គួរ​តែ​ជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​ការ​អភិវឌ្ឍ​នយោបាយ​ និង​ព្រឹត្តិការណ៍ចម្រូង​ចម្រាស​ក្នុង​សង្គម។

លោក​ Qiaoនិយាយ​ថា​៖ «អ្វី​ដែល​អាជ្ញាធរ​ចង់​គ្រប់គ្រងពិតប្រាកដ​នោះ​ គឺ​ខ្លឹមសារ​នយោបាយ​ ដោយសារ​កម្មវិធី​ផ្សាយ​ផ្ទាល់​ខ្លះ​ ឬ​ក្រុម​ពិភាក្សា​ខ្លះ​អាច​មាន​ខ្លឹមសារទាក់ទង​នឹង​នយោបាយ​ ឬ​បញ្ហា​សង្គម។ នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ ដែល​អាជ្ញាធរ​ព្យាយាម​បង្ក្រាប​»។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា​ ការ​ហាមឃាត់​ការ​ផ្សាយផ្ទាល់​ថ្មីៗ​នេះ​ នឹង​ដើរ​ទន្ទឹម​នឹងការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ទ្រង់ទ្រាយ​ធំ​ ដែល​អាជ្ញាធរ​បាន​ដាក់​បញ្ចូល​គ្នា​ ដើម្បី​រារាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ក្រៅ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត។

តាម​សម្តី​របស់ ​Qiao​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ វិស័យ​កម្សាន្ត​នឹង​ទទួល​ឥទ្ធិពល​មាន​កម្រិត​ ខណៈ​ពេល​ដែល​បណ្ដាញ​ទំនាក់ទំនង​នឹង​មិន​គាំទ្រ​ខ្លឹមសារ​នយោបាយ​ ដែល​ពួកគេ​នឹង​តម្រូវ​ឲ្យ​អនុវត្តការរិតត្បិត​ខ្លឹមសារ៕

កំណត់សម្គាល់៖ សេចក្តី​រាយការណ៍​នេះ មាន​ការចូលរួម​ចំណែក​រាយការណ៍​ពី​លោក Bill Ide នៃ​VOA​ ដែល​ប្រចាំការ​នៅ​ទីក្រុង​ប៉េកាំង។

ប្រែសម្រួល​ដោយ វិញ សុជាតា