សភាចិន អនុម័ត​យល់ព្រម​លើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ក្រុង​ហុងកុង

ការចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​នូវ​ការថ្លែង​របស់​ប្រធាន​ប្រតិបត្តិ​ក្រុងហុងកុង​អ្នកស្រី Carrie Lam ក្នុង​សន្និសីទ​កាសែត នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃអង្គារ​ទី៣០ ខែមីនា ឆ្នាំ២០២១។

សភា​ប្រទេស​ចិន បាន​អនុម័តយល់ព្រម​លើ​ការផ្លាស់ប្តូរជាច្រើន​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ក្រុងហុងកុង​ដែល​នឹង​រារាំង​កម្លាំង​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ទីក្រុង​នេះ​ នៅ​ក្នុង​សភា​ក្រុងហុងកុង។​

ការផ្លាស់ប្តូរ​មួយ​ចំនួន ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ហើយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដើម្បី​ឲ្យ​ក្លាយ​ជា​ច្បាប់ដោយ​ប្រធានាធិបតី​ចិន​ លោក Xi Jinping ​នោះ ​រួមមាន​ការបង្កើត​គណៈ​កម្មាធិការ​ពិសេស​ដែល​នឹង​ត្រួត​ពិនិត្យ​មើលនូវ​លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​សភា​ក្រុងហុងកុង​ដើម្បី​ធានា​ថា ​ក្រុងហុងកុង​នឹង​ត្រូវ​គ្រប់គ្រង​ដឹកនាំ​ដោយ​«អ្នកស្នេហា​ជាតិ»។

ច្បាប់​ថ្មី​នេះ​ ក៏​នឹង​កាត់​បន្ថយផង​ដែរ​នូវ​ចំនួនសមាជិក​សភាដែល​ត្រូវបាន​ជាប់ឆ្នោត​ដោយផ្ទាល់​នៅ​ក្នុង​សភា​ក្រុងហុងកុង​ស្រប​ពេលដែលចំនួន​អាសនៈ​របស់​សភា​មួយ​នេះ​ ក៏​ត្រូវ​បានពង្រីក​បន្ថែម​ពី​ចំនួន​៧០​ ទៅ​៩០​អាសនៈ។​ ​ទន្ទឹម​នឹង​នេះ​ដែរ​សមាជិក​គណៈ​កម្មការ​បោះឆ្នោត​ក្រុង​ហុងកុង​ដែលជា​អ្នកជ្រើសរើសប្រធាន​ប្រតិបត្តិ​របស់​ក្រុង​នេះ ត្រូវ​បាន​ពង្រីក​ពី​ចំនួន​១២០០​នាក់​ ដល់​១៥០០​នាក់។

ការផ្លាស់ប្តូរប្រព័ន្ធ​បោះឆ្នោតនេះ​ ទទួល​បាន​ការអបអរ​សាទរ​ពីប្រធាន​ប្រតិបត្តិ​ក្រុងហុងកុង​ អ្នកស្រី Carrie Lam ​ដោយអ្នកស្រី​លើក​ឡើង​ថា​ ការមាន​អ្នក​ស្នេហា​ជាតិ​កាន់តែ​ច្រើនក្នុង​សភា​ហុងកុង​បង្ហាញ​ថា «ការយក​សង្គម​ធ្វើ​ជារឿង​នយោបាយច្រើន​ហួសហេតុ​និង​ជម្លោះ​ផ្ទៃ​ក្នុងដែលធ្វើ​ឲ្យ​ទីក្រុង​បែក​បាក់គ្នា​នោះ​ អាច​ត្រូវ​បញ្ចៀស​បាន​ដោយ​សន្តិវិធី»។ ​

អ្នកស្រី ​Lam​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការបោះឆ្នោត​សភា​ក្រុងហុងកុង​នៅ​ក្រោមប្រព័ន្ធ​ច្បាប់​ថ្មី​នេះ​ នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០២១​ ខាង​មុខ​នេះ។ ​ក្រុងហុងកុង​ មាន​គម្រោង​ត្រូវ​បោះ​ឆ្នោត​សភា​របស់​ខ្លួន​កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​ ក៏​ប៉ុន្តែត្រូវ​បាន​លើក​ពេល​ ដោយសារ​ការរាត​ត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩៕​