ចិន​សរសើរ​ជំហរ​កម្ពុជា​អំពី​សាលក្រម​តុលាការ​អន្តរជាតិ​អំពី​បណ្តឹង​របស់​ហ្វីលីពីន

លោករដ្ឋមន្ត្រីការបរទេស​​ចិន Wang Yi ចូលរួម​ក្នុង​កិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ កាលពី​ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ការ​កោត​សរសើរ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​គឺ​លោក ​Wang Yi ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​ក្រៅ​ផ្លូវ​ការ​រវាង​លោក និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​គឺ​លោក ​ប្រាក់ សុខុន ខណៈ​ដែល​ពួក​គេ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​ទី​ក្រុង​វៀងចន្ទ​ ប្រទេស​ឡាវ។

ប្រទេស​ចិន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្តែង​ការ​កោត​សរសើរ​ដល់​ជំហរ​អនុប្បវាទ​របស់​កម្ពុជា​ ចំពោះ​សាល​ដីកា​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ ដែល​កាត់​សេចក្តី​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស។​ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ​ ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី​២៥​ ខែ​កក្កដា​នេះ។

ការ​កោត​សរសើរ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​គឺ​លោក ​Wang Yi ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​ក្រៅ​ផ្លូវ​ការ​រវាង​លោក និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​គឺ​លោក ​ប្រាក់ សុខុន ខណៈ​ដែល​ពួក​គេ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​ទី​ក្រុង​វៀងចន្ទ​ ប្រទេស​ឡាវ។ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​នេះ​ គឺ​ជា​ជំនួប​ផ្លូវការដំបូងបង្អស់​មួយ​ គិត​ចាប់​តាំងតុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ទីក្រុង​ឡាអេ​ ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន​កាលពី​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា​កន្លង​ទៅ។​

ប្រទេស​កម្ពុជា​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​សាល​ដីកា​របស់​តុលាការ​ដូច​ប្រទេស​ចិន​ ដែល​ជា​មិត្ត​ជិតដិត​ និង​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។​ ហើយ​ជា​រឿយៗ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គួរតែ​ដោះស្រាយ​រវាង​ប្រទេស​ចិន​ និង​បណ្ដា​រដ្ឋ​ជា​ភាគី​ជម្លោះ​ មិនមែន​អាស៊ាន​ទាំង​មូល​នោះ​ទេ។​

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ បញ្ជាក់​ប្រាប់​ VOA ​ថា​ ជំហរ​អនុប្បវាទ​របស់​កម្ពុជា​នេះ​ គឺ​ឆ្លើយ​តប​ទៅ​ហ្នឹង​គោលការណ៍​អាស៊ាន​ដែល​ដោះស្រាយ​បញ្ហា​តាម​ការងារ​ការ​ទូត ​និង​ឈរ​លើ​មូលដ្ឋាន​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​ប្រកាន់​យក​អព្យាក្រឹត្យ​ភាព។​

«អនុប្បវាទ​ហ្នឹង​ កម្ពុជា​សម្រេច​ចិត្ត​មិន​លូក​ជ្រៀតជ្រែក​ការ​សម្រេច​របស់​តុលាការ​ ព្រោះ​កម្ពុជា​មិន​ចង់ឃើញ​មាន​អ្នក​ឈ្នះ​ ឬ​ចាញ់​ទេ។ ​វិវាទ​សមុទ្រ​ចិនខាង​ត្បូង​មិនមែន​ជា​ផល​ប្រយោជន៍​កម្ពុជា។ កម្ពុជា​មាន​ពិសោធន៍​ជាមួយ​ប្រទេស​ថៃ​ នៅ​ពេល​វិវាទ​គ្រឿង​អាវុធ​ហ្នឹង​ តើ​មាន​អ្នក​ណា​មក​នៅ​ជាមួយ​កម្ពុជា​ទេ?​ អត់មាន! ​មាន​តែ​តុលាការ​ឲ្យ​កម្ពុជា​ដោះស្រាយ​ជាមួយ​ថៃ។​ បទ​ពិសោធន៍​នេះ​ធ្វើ​ឲ្យ​កម្ពុជា​យល់​ច្បាស់ពី​គោល​នយោបាយ​បរទេស»។​

ក្រៅ​ពី​ទំនាស់​រវាង​ចិន​ និង​ហ្វីលីពីន​ក្នុង​ការ​ដណ្តើម​គ្នា​កាន់កាប់​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​មាន​ប្រទេស​ចំនួន​បួន​ផ្សេង​ទៀត​ រួមមាន​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​វៀតណាម​ ក៏​កំពុង​ប្រទាញ​ប្រទង់​គ្នា​ដណ្តើម​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។​

ប៉ូលិសម្នាក់​ព្យាយាម​ហាម​ឃាត់​ក្រុម​បាតករដែល​បាន​លើ​បដាប្រឆាំង​នឹង​ជំហរ​របស់​ចិន​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅទីក្រុងហាណូ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

ភាព​ចម្រូង​ចម្រាស​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​គេ​ដឹង​ថា​ បាន​បង្ក​ភាព​តាន​តឹង​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ នយោបាយ​ ពាណិជ្ជកម្ម ​និង​ទំនាក់​ទំនង​អន្តរជាតិ​ជា​ដើម។​ ហើយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៀត​សោត​ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​គ្មាន​គោល​ជំហរ​រួមក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នោះ​ទេ។​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត ​និង​អ្នក​វិភាគ​គោល​នយោបាយ​កម្ពុជា​មួយរូប ​បាន​ឲ្យ​ដឹង​ថា​ ជំហរ​របស់​កម្ពុជា​ក្នុង​ការ​មិន​ចូលរួម​ចេញសេចក្តី​ថ្លែងការណ៍​អាស៊ានរួមគ្នា​នេះ​ ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ ​ជា​ការ​ដោះដូរ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ ដោយសារ​កន្លង​មក​កម្ពុជា​ជា​មិត្ត​ជិតស្និទ​នឹង​ចិន​ទទួល​បាន​ជំនួយ​យ៉ាង​សន្ធឹកសន្ធាប់​ពី​ប្រទេស​កុម្មុយនីស​មួយ​នេះ។​

«ប្រទេស​កម្ពុជា​យើង​ក៏​បាន​ផល​ប្រយោជន៍​ដែរ​ ដោយសារ​កម្ពុជា​បាន​ជំនួយ​ពី​ចិន​ច្រើន​ជាង​គេ​ ដោយសារ​អញ្ចឹង​បាន​ពិភព​លោក​គិត​ថា​ កម្ពុជា​ ដោយសារ​ជំនួយ​ហ្នឹង​ សុខចិត្ត​ដោះដូរ​ជាមួយ​គោល​ជំហរ​ទាក់ទង​រឿង​ជម្លោះ​សមុទ្រ​ចិន»។​

លោកបន្ត​ថា​ ទោះ​ជា​យ៉ាងណា​ កម្ពុជា​មិន​គួរ​ទាត់​ចោល​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​ទេ ​ដោយសារ​កម្ពុជា​ក៏​ធ្លាប់​ស្វែង​រក​យុត្តិធម៌​ពី​តុលាការ​អន្តរជាតិ​ក្នុង​ករណីប្រាសាទ​ព្រះ​វិហារ​ដូចគ្នា​ដែរ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ ការប្រើ​សំឡេងអនុប្បវាទ​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ មិន​មាន​ជា​ផល​អវិជ្ជមាន​អ្វី​ដល់​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ​ តែ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​នា​ពេល​អនាគត​ចំពោះ​កិច្ចការ​នយោបាយ​អន្តរជាតិ​កម្ពុជា។​

លោក​ ​ឈាង វណ្ណារិទ្ធ​ អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ យល់​ថា​ ការ​សម្រេច​របស់​កម្ពុជា​នេះ​គឺ​ជា​ការ​ថ្លឹង​ថ្លែង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ផល​ប្រយោជន៍​ជាតិ​ដែល​កម្ពុជា​ទទួល​បាន។​

«កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ។ ជា​ប្រទេស​តូច​ យើង​ត្រូវឲ្យ​តម្លៃ​ខ្ពស់​ទៅ​ឯកភាព ​និង​តួនាទី​អាស៊ាន​ស្នូល​ ហើយ​ជំរុញ​ការ​គោរព​ច្បាប់​អន្តរជាតិ​ដើម្បី​ធានា​ស្ថិរភាព ​និង​សន្តិសុខ​ក្នុង​តំបន់។ ​កម្ពុជា​មាន​ទំនាក់​ទំនង​ជាមួយ​ចិន ​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ តែ​កម្ពុជា​ក៏​មិន​ត្រូវ​ពឹង​ចិន​ទាំង​ស្រុង​ដែរ​ នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​តាម​កាលៈទេសៈ ​ទៅ​តាម​ផល​ប្រយោជន៍​សេដ្ឋកិច្ច ​និង​ជាតិ»។​

ក្រៅ​ពីមើល​ឃើញ​ថា​ កម្ពុជា​មាន​ជំហរ​ងាក​ទៅ​ប្រទេស​ចិន​បន្តិច​ ដោយសារ​កត្តា​សេដ្ឋកិច្ច​នោះ លោក​ ឈាង វណ្ណារិទ្ធ ​ក៏​មើល​ឃើញ​ដែរ​ថា​ កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំណាច​ដទៃ​ទៀត​ផង​ដែរ៕