រដ្ឋាភិបាលចិនបានប្រកាសកាលពីល្ងាចថ្ងៃពុធម្សិលមិញថា ខ្លួននឹងយកពន្ធគយចំនួន ២៥ ភាគរយ បន្ថែមទៀតលើទំនិញនាំចូលមកពីសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ ១៦ ពាន់លានដុល្លារអាមេរិក។
ការយកពន្ធគយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ ដោយយកចំនួនស្មើនឹងការយកពន្ធគយជុំថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញចិន ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ។
ការយកពន្ធទៅវិញទៅមកនេះ បានធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើងថែមទៀតរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក ដែលសង្គ្រាមនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី ៦ ខែកក្កដាមក នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសយកពន្ធគយជាផ្លូវការចំនួន ២៥ ភាគរយលើទំនិញរបស់ចិនជាង ៨ រយប្រភេទ ដែលមានទឹកប្រាក់ចំនួន ៣៤ ពាន់លានដុល្លារអាមេរិក។
បន្ទាប់មក រដ្ឋាភិបាលក្រុងប៉េកាំងបានសងសឹកវិញដោយយកពន្ធគយក្នុងចំនួនដូចគ្នានេះដែរលើទំនិញរបស់សហរដ្ឋអាមេរិកចំនួន ៥៤៥ ប្រភេទ ដែលមានទឹកប្រាក់ចំនួន ៣៤ ពាន់លានដុល្លារអាមេរិកដូចគ្នាដែរ។
រដ្ឋបាលរបស់លោក Trump ក៏បានគំរាមយកពន្ធគយចំនួន ២៥ ភាគរយបន្ថែមទៀតលើទំនិញចិនដែលមានទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិក។
លោក Donald Trump បានលើកឡើងថា ដោយសារតែការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នារបស់ចិន និងការណ៍ដែលចិនលួចកម្មសិទ្ធិបញ្ញា បានជាលោកចាត់វិធានការយកពន្ធគយថ្មីទាំងនេះ៕