ប្រទេសចិនកំពុងទាមទារឲ្យដោះលែងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ជាបន្ទាន់ ដែលបុគ្គលិកនោះត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា ដែលការណ៍នេះអាចបង្កជាការគំរាមកំហែងដល់សង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
អាជ្ញាធរកាណាដាកាលពីថ្ងៃពុធបានប្រកាសថា លោកស្រី Meng Wanzhou នាយិការផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះត្រូវបានឃាត់ខ្លួននៅទីក្រុងVancouver ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ក្រោមបទសង្ស័យថាព្យាយាមបំពានលើទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លើប្រទេសអ៊ីរ៉ង់។ លោកស្រីត្រូវបានចាប់ខ្លួននៅថ្ងៃតែមួយដែលលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមផ្អាកការដំឡើងពន្ធគយរយៈពេល៩០ថ្ងៃលើទំនិញនាំចេញទៅវិញទៅមកដើម្បីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។
កាលពីថ្ងៃព្រហស្បតិ៍ទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះបន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួននេះ និងការព្រួយបារម្ភនានាថាការចាប់ខ្លួននេះនឹងបង្កើនភាពតានតឹងដល់ពាណិជ្ជរវាងអាមេរិកនិងចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា រដ្ឋាភិបាលរបស់លោកបានស្នើឲ្យមានការបកស្រាយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងអូតាវ៉ាអំពីមូលហេតុនៃការចាប់ខ្លួនលោកស្រី Meng។
លោកស្រី Mengប្រឈមនឹងការបញ្ជូនខ្លួនមកសហរដ្ឋអាមេរិកនៅមុនសវនាការលើសំណើនៅក្រៅឃុំដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ៕