ចិន​និង​អ៊ីរ៉ង់​ជិត​សម្រេច​បាន​នូវ​កិច្ចព្រម​ព្រមព្រៀង​​ដ៏សំខាន់​មួយ​ ខណៈទំនាក់​ទំនង​ចិន​និងអាមេរិក​កំពុង​ធ្លាក់​ចុះ

រូ​បឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif អំឡុងពេលជំនួបមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេរាយការណ៍មក​ថា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​កា​រ​អនុម័ត​កិច្ច​ព្រម​ព្រៀងមួយ​ជា​មួយរដ្ឋាភិបាលក្រុង​តេហេរ៉ង់​ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ប្រមាណ ​៤០០​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​វិស័យ​ន្តិសុខ​និង​សេដ្ឋ​កិច្ច​។

អ្ន​ក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​អាច​ផ្តល់​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ប្រភព​ដ៏ធំ​និង​មា​ន​សុវត្ថិភាពនៃ​ថាមពល​ និង​ជា​បង្អែក​យុទ្ធ​សាស្រ្តមួយ​ដ៏សំខាន់​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ។​

រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​ កិច្ចព្រម​ព្រៀង​ដែល​មាន​សក្តានុពល​នេះ​ រួម​មាន​ការ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​មាន​សារៈសំខាន់​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ជិត​ស្និទ្ធលើ​វិស័យ​ការពារជាតិនិង​ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ជា​ដើម​។​ មាន​ពាក្យ​ចចាម​អារាម​ថា​ កិច្ច​ព្រម​ព្រៀង​នេះមាន​រួម​បញ្ចូល​ការបញ្ចុះ​តម្លៃ​ប្រេង​របស់​អ៊ីរ៉ង់​ផង​ដែរ។

កិច្ច​ព្រម​ព្រៀង​នេះ​ជា​ជំហាន​ថ្មី​បំផុត​ក្នុងកិច្ច​ប្រឹង​ប្រែងរបស់​ក្រុង​ប៉េកាំង ដើម្បី​ពង្រីកមហិច្ឆតា​តំបន់​របស់​ខ្លួន​ ដើម្បី​ឲ្យ​ក្លាយ​ជា ​ប្រទេស​មហា​អំណាច​មួយ​នៅ​លើ​ពិភព​លោក​តាម​រយៈគំនិត​ផ្តួច​ផ្តើម​នៃ​កម្មវិធី​ផ្លូវ​ក្រវ៉ាត់ដែល​ខ្លួន​បាន​ដាក់​ចេញ​។​

កិច្ច​ព្រម​ព្រៀង​ចិន​-អ៊ីរ៉ង់

គេនៅ​ពុំ​មាន​សេចក្តី​លម្អិតណា​មួយ​ទាក់​ទង​នឹង​កិច្ចព្រម​ព្រៀង​នោះ​ទេ ប៉ុន្តែ​សេចក្តី​រាយការណ៍​រហូត​មក​ដល់​ពេល​នេះ​អំពីអ្វី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សាគ្នានៅ​ឡើយ​នោះ​ គឺ​បង្ហាញ​ពី​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​យ៉ាង​ធំសម្បើម​។​ ប្រទេស​ចិន​ត្រូវ​គេ​រាយការណ៍​មក​ថា ​កំពុង​ពិចារណា​ក្នុង​ការ​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ២៨០ពាន់លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រេង​ ​ឧស្ម័ន​ និង​សារធាតុគីមី​ដែល​បំលែង​ចេញ​ពី​ប្រេង ក៏ដូច​ជា​ ទឹក​ប្រាក់​ប្រមាណ​១២០ពាន់លាន​ដុល្លា​រ​ផ្សេង​ទៀត​ ក្នុង​ការ​លើក​កម្ពស់​ការ​ផលិតហេដ្ឋារចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​ទី​ក្រុង​តេហេរ៉ង់​។​

ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បានពន្យល់បន្ថែម​ទៀត​ នៅ​ពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ប្រាប់​សភាអ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៥​កក្កដា​ថា​ ប្រទេស​អ៊ីរ៉ង់​កំពុង​ចរចារ​ជាមួ​យ​ប្រទេ​សចិន​ក្នុង​ការ​សម្រេច​បាននូវ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​រយៈពេល​២៥ឆ្នាំ​ និង​ប្រកប​ដោយ​«ភាព​ជឿជាក់​និង​ទំនុកចិត្ត»។​

សេចក្តី​រាយការណ៍មួយ​របស់ទស្សនាវដ្តី Petroleum Economist ​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​ផ្តល់នូវ​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយសក្តានុពល​នៃ​តុល្យភាព​ពិភពលោក​សម្រាប់វិស័យ​ប្រេង​និង​ឧស្ម័ន ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​សន្យា​ជាមួយ​ចិន​ថា ខ្លួន​នឹង​បញ្ចុះ​តម្លៃ​ប្រេង​និង​ឧស្ម័ន​ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ចិន​អាច​ពន្យារពេល​ការ​បង់​ប្រាក់​នូវ​ផលិតផល​ប្រេង​អ៊ីរ៉ង់​រហូត​ដល់​២ឆ្នាំ។

ប្រទេស​ចិន​ជា​ដៃគូពាណិជ្ជ​កម្មធំ​មួយ​របស់អ៊ីរ៉ង់​ និង​ជា​ទី​ផ្សារមួយ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់ ដែលមាន​ការប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្មរបស់​អាមេរិក​នោះ​។​

តើអាមេរិក​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ដោយ​របៀបណា​

ប្រទេ​ស​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​វិវត្តនៃកិច្ច​ព្រម​ព្រៀង​នេះ​ក្នុង​ពេល​ដែល​ទំនាក់​ទំនង​អាមេរិក​និង​ចិន​កំពុង​មា​ន​ការ​ធ្លាក់​ចុះ​យ៉ា​ង​លឿន​ ដែល​នាំ​ឲ្យ​មានសំណួរ​ថា​តើរដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​កំពុង​តែ​រួម​កម្លាំង​គ្នា​ជាមួយរដ្ឋាភិបាលក្រុង​ប៉េកាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏ធំ​ ដើម្បី​ប្រឆាំង​នូវ​ឥទ្ធិពល​អាមេរិក​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ឬយ៉ាង​ណា។

កិច្ច​ព្រម​ព្រៀងនេះ​ហាក់ដូច​ត្រូវ​បាន​ចាប់​ផ្តើមចេញ​ជា​រូប​រាងតាំង​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ នៅ​ពេល​ដែល​ប្រទេស​ចិន​និង​អ៊ីរ៉ង់​បាន​ប្រកាស​នូវ​ «ភាព​ជា​ដៃ​គូយុទ្ធសាស្រ្តដ៏ទូលំទូលាយ​មួយ»​ ដែល​មាន​រយៈពេល​២៥ឆ្នាំ​ នៅ​ពេល​ដែលប្រធានាធិបតី​ចិន​លោក ​Xi Jinping បាន​ទៅ​ធ្វើ​ទស្សនកិច្ចក្នុង​ទី​ក្រុង​តេហេរ៉ង់​នៅ​ពេល​នោះ។

លោក Alex Vatanka​ នាយក​កម្មវិធី​អ៊ីរ៉ង់​របស់​វិទ្យាស្ថាន​កិច្ចការ​មជ្ឈឹមបូព៌ា​ដែល​មាន​ស្នាក់ការ​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​បាន​ប្រាប់វីអូអេ​ថា​ កិច្ចព្រម​ព្រៀង​នេះ​ មុន​ដំបូង​ឡើយ​ មិនមាន​ន័យ​សម្រាប់​ការ​ប្រឆាំងគំនិតផ្តួច​ផ្តើម​របស់​អាមេរិក​នោះទេ។​

លោក​បន្ត​ក្នុង​សម្តី​ដើម​ថា​៖ «​សូម​ចាំ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​តាំង​ក្នុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ។ ខ្ញុំ​គិត​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​ដ៏ធំ​របស់​ចិន​ សំរាប់​តំបន់​អាស៊ី-អឺរ៉ុប។ បើ​អ្នក​សម្លឹង​ទៅ​មើល​កម្មវិធី​គំនិត​ផ្តួចផ្តើម​ផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់​ចិន​នោះ អ៊ីរ៉ង់​ហាក់​ដូចក្លាយ​ជាប្រទេស​មួយ​ដ៏សំខាន់​នៅ​ក្នុង​កម្មវិធីនេះដែរ។​

ទោះ​ជាយ៉ាងណា​ក៏ដោយ​ លោក Vatanka ​លើក​ឡើង​ថា​ ពេល​វេលា​នៃ​ការ​ប្រកាស​របស់​ប្រទេស​អ៊ីរ៉ង់ទាក់ទង​នឹង​កិច្ច​ព្រ​មព្រៀង​នេះ​មាន​សារៈសំខាន់ ព្រោះ​ដោយ​សារ​តែ​ប្រទេស​អ៊ីរ៉ង់​ចង់កេងយក​ចំណេញ​ពី​ទំនាក់​ទំនង​អាមេរិក​-ចិន​ដែល​កំពុង​តែ​ធ្លាក់ចុះ​ ហើយ​ខ្លួន​ត្រូវ​បញ្ចប់​នូវ​ដំណាក់កាលចុង​ក្រោយ​ដើម្បី​ឲ្យ​សម្រេច​បាន​នូវកិច្ច​ព្រម​ព្រៀង​នេះ​។​

លោក​ Vatankaបន្ត​ទៀត​ថា៖​ «គេចង់​បង្ហាញ​ដល់​ពលរដ្ឋ​អ៊ីរ៉ង់ថា​ ប្រទេសអ៊ីរ៉ង់​មិន​ឯកោនៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ។ ផ្ទុយ​ទៅវិញ​គឹ​ ពល​រដ្ឋ​អាមេរិកកាំងទេ​ ​ដែល​នៅ​ឯកោ​។ ទាំង​អស់​នេះ​ភាគ​ច្រើន​ជា​ល្បែង​ចិត្តសាស្រ្ត​តែ​ប៉ុណ្ណោះ​។ មេ​ដឹក​នាំ​អ៊ីរ៉ង់​មិន​ចង់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មើល​ឃើញ​ថា​ ខ្លួន​បាន​ដឹក​នាំ​ប្រទេស​ទៅ​រក​ភាព​ឯកោ​ទាំង​ស្រុង​នោះ​ឡើយ»។​

កាលពី​ឆ្នាំ​២០១៨ រដ្ឋ​បាល​របស់​លោក ​Trump បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាវុធ​នុយ​ក្លេអ៊ែរ​ឆ្នាំ​២០១៥​ ជាមួយ​ប្រទេស​អ៊ីរ៉ង់​ និង​បាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀតទៅ​លើ​វិស័យ​យោធា​ ហិរញ្ញវត្ថុ​ និង​ថាមពល​របស់​ប្រទេស​អ៊ីរ៉ង់​ជាដើម។

លោក Benjamin Friedman​ នាយកគោលនយោបាយ​នៃអង្គការ​ស្រាវ​ជ្រាវ​ស្តី​ពី​អាទិភាព​នៃ​វិស័យ​ការពារ​យោធា​ លើ​ក​ឡើង​ថា​ គោលនយោបាយ​នេះ​ជា​ផ្នែក​មួយ​លើក​ទឹក​ចិត្ត​ដល់​អ៊ីរ៉ង់​ក្នុង​ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន។

លោក​បន្ត​ថា៖ «នេះ​ជា​ឱកាស​មួយ​ដ៏ល្អ​សំរាប់​ចិន​ ព្រោះ​ដោយ​សារ​តែ​អាមេរិក​បាន​ដាក់​ទ័ណ្ឌ​កម្ម​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់​កំពុង​មាន​ការ​លំបាកខ្លាំងនា​ពេល​នេះ ដូច្នេះហើយ​ទើប​ប្រទេស​នេះ​ត្រូវ​តែលក់​ប្រេង​របស់​ខ្លួន​ក្នុង​តម្លៃថោកជាង​តម្លៃ​ទី​ផ្សារ​»៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា​ វណ្ណារិទ្ធ