កាលពីថ្ងៃចន្ទ ប្រទេសចិនបានចោទប្រកាន់ជនជាតិកាណាដាពីរនាក់ពីបទលួចព័ត៌មានសម្ងាត់របស់រដ្ឋ នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកាណាដាប្រកាសថានឹងបើកសវនាការនៅសប្តាហ៍នេះលើសំណើសុំធ្វើបត្យាប័ននាយកហរិញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនម្នាក់ដែលរងការចោទប្រកាន់ថាបានរំលោភលើទណ្ឌកម្មពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានដាក់លើប្រទេសអ៊ីរ៉ង់។
នៅក្នុងអ្វីដែលអាជ្ញាធរចិនហៅថាជាការវិវត្តន៍ទៅមុខគួរឲ្យកត់សម្គាល់នៅក្នុងករណី ដែលប្រទេសចិនបានចោទប្រកាន់អ្នកការទូតកាណាដាលោក Michael Kovrig ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ក្រោមបទចោទថាបានប្រមូលយក និងលួចព័ត៌មានសម្ងាត់ និងកម្មសិទ្ធិបញ្ញាផ្សេងៗទៀតនៅប្រទេសចិនតាំងពីឆ្នាំ២០១៧មក។
ហើយជនជាតិកាណាដាម្នាក់ទៀតដែលត្រូវបានអាជ្ញាធរចិនចាប់ខ្លួនដែរនោះ គឺលោក Michael Spavor ជាអ្នកជំនួញនិងជាសហគ្រិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យលោក Kovrig។ ប្រទេសចិនបានហៅលោក Spavor ថាជាបុគ្គលទំនាក់ទំនងមួយដ៏សំខាន់របស់លោក Kovrig។
កាលពីពេលកន្លងទៅ លោក Spavor មានទំនាក់ទំនងជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង រួមទាំងមេដឹកនាំ Kim Jong Un ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ចិនបានឲ្យដឹងថា៖ «លោក Kovrig រងការចោទប្រកាន់ពីបទប្រមូលនិងលួចព័ត៌មានសម្ងាត់ និងកម្មសិទ្ធិបញ្ញាផ្សេងទៀតឲ្យទៅបរទេស ដែលជាការរំលោភច្បាប់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ»។
ជនជាតិកាណាដាទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកស្រី Meng Wanzhou នាយកហរិញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Vancouver ប្រទេសកាណាដាតាមសំណើរបស់សហរដ្ឋអាមេរិក។ តុលាការកាណាដានឹងបើកសវនការលើសំណើបញ្ជូនខ្លួនលោកស្រីនៅថ្ងៃពុធស្អែកនេះ។
សហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់បំពានលើទណ្ឌកម្មដាក់លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែការសម្រេចប្តឹងឧទ្ទរណ៍ប្រហែលជានឹងអាចត្រូវការពេលរាប់ខែមុននឹងករណីនេះអាចដោះស្រាយបាន៕