ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលទទួលបន្ទុកខាងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិព្រមានថា ទេសចរណ៍ផ្លូវភេទកុមារនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវគេមើលឃើញថា នឹងកាន់តែមានសភាពអាក្រក់ឡើងដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នៃតំបន់នេះ ត្រូវគេរំពឹងថា នឹងកើតមានឡើងក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គម្រោងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានផ្សព្វផ្សាយថា ជាជំហានគន្លឹះមួយ ដើម្បីបង្កើនផលិតកម្មនៅក្នុងតំបន់នេះ និងដើម្បីឲ្យសមស្របទៅតាមសេដ្ឋកិច្ចសាកល។
របាំងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងត្រូវដកចេញ។ ពាណិជ្ជករនិងអ្នកដែលមានជំនាញ ត្រូវគេរំពឹងថា នឹងមានឱកាសកាន់តែច្រើនឡើងក្នុងការឆ្លងដែនទៅធ្វើការនៅក្នុងឧស្សាហកម្មដែលត្រូវការពួកគេ។
ចំណែកឯវិស័យទេសចរណ៍ក៏ត្រូវគេរំពឹងថា នឹងកើនឡើងផងដែរ ដោយចំនួនទេសចរបរទេសទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ នឹងកើនទ្វេដងនៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ការណ៍នេះ ក៏នាំឲ្យមានភាពអវិជ្ជមានផងដែរ នេះបើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម ដែលហៅកាត់ថា (UNODC)។
នៅក្នុងរបាយការណ៍ថ្មីមួយស្តីអំពីបទល្មើសផ្លូវភេទលើកុមារ ការិយាល័យអង្គការសហប្រជាជាតិ UNODC ឲ្យដឹងថា ជនល្មើសដែលបំពានលើកុមារ នឹងឆ្លៀតឱកាសធ្វើសកម្មភាពឧក្រិដ្ឋរបស់ខ្លួន នៅពេលដែលចលភាពកើនឡើង និងការណ៍ដែលអាជ្ញាធរបន្តអសមត្ថភាពក្នុងការដោះស្រាយឧក្រិដ្ឋកម្មទាំងនេះ។
លោកស្រី Margaret Akullo ជាអ្នកសរសេររបាយការណ៍ម្នាក់ដែលមានចំណងជើងថា «ការពារអនាគត៖ ពង្រឹងការឆ្លើយតបទៅនឹងបទល្មើសផ្លូវភេទលើកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ថ្លែងថា៖
«សេដ្ឋកិច្ចកើនឡើងដោយសារវិស័យទេសចរណ៍ មិនអាចថាជាឱកាសល្អគ្រប់ពេលសម្រាប់មនុស្សម្នាដែលរស់នៅក្នុងតំបន់ទេសចរណ៍ទាំងនេះទេ។ ដូច្នេះ កុមារដែលគេឃើញរស់នៅក្នុងតំបន់នេះ អាចត្រូវគេជួលឲ្យធ្វើការនៅក្នុងតំបន់ឧស្សាហកម្មកំសាន្តទាំងនេះ ឬ កុមារដែលរស់នៅ ឬធ្វើការនៅតាមផ្លូវ ងាយរងការបំពានពីសំណាក់ទេសចរណ៍ទាំងនោះ»។
របាយការណ៍នេះ ដែលវីអូអេបានទទួលមួយច្បាប់ ក៏ប៉ុន្តែ មិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយនោះ បានឲ្យដឹងថា ដើម្បីបង្ក្រាបការកេងចំណេញ ផ្នែកផ្លូវភេទលើកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គេត្រូវការឲ្យមានការប្តេជ្ញាតាមទម្រង់ថ្មី។ របាយការណ៍នោះ ក៏កត់សម្គាល់ដែលថា ការធ្វើការរបស់ប៉ូលិសជាប្រពៃណី ដែលមានតិចតួចស្រាប់នៅតាមជនបទនោះ គឺមិនដំណើរការទេ។
លោកស្រី Akullo ដែលជាអ្នកសម្របសម្រួលកម្មវិធីម្នាក់ផងដែរនោះ បានប្រាប់ វីអូអេថា ការិយាល័យអង្គការសហប្រជាជាតិ UNODC បានធ្វើការស្រាវជ្រាវមួយលើប៉ូលិស រដ្ឋអាជ្ញា និងចៅក្រមនៅក្នុងតំបន់នេះ ដើម្បីកំណត់ថា ហេតុអ្វី បានជាមានជនល្មើសតិចតួចប៉ុណ្ណោះ ដែលត្រូវបាននាំមកប្រឈមមុខនឹងច្បាប់។
«ឧបសគ្គដ៏សំខាន់ដែលរារាំងការនាំយកជនល្មើសដែលរួមភេទជាមួយកុមារមកកាត់ទោសឲ្យបានដោយជោគជ័យនោះ គឺដោយសារការខ្វះការយល់ដឹង ជំនាញ និងធនធាន សម្រាប់ឲ្យប៉ូលិសអាចកំណត់អត្តសញ្ញាណ ស៊ើបអង្កេត និងកាត់ទោសជនល្មើសបានដោយប្រសិទ្ធភាព»។
បញ្ហានេះ កាន់តែមានភាពធ្ងន់ធ្ងរឡើងថែមទៀត ដោយសារការខ្វះចំណេះដឹងក្នុងការដោះស្រាយឧក្រិដ្ឋកម្មដែលប្រើប្រាស់កុំព្យូទ័រ។
នៅក្នុងប្រទេសខ្លះ ដូចជាហ្វីលីពីន កុមារដែលគេកេងចំណេញ មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយជនល្មើសឲ្យកុមារសំដែងកាយវិការរួមភេទ ហើយភ្ញៀវដែលអាចមើលតាមអ៊ីនធឺណេតនៅប្រទេសផ្សេងៗនោះ ជាអ្នកបង់ប្រាក់។
បញ្ហាប្រឈមមួយទៀត គឺអំពើពុករលួយ ហើយនៅក្នុងករណីខ្លះ ដែលគួរឲ្យកត់សម្គាល់នោះ គឺប្រទេសថៃ ដែលមន្រ្តីអនុវត្តច្បាប់ខ្លួនឯង ជាប់ពាក់ព័ន្ធនៅក្នុងការរកកុមារឲ្យទេសចរដើម្បីរួមភេទ ឬបានទទួលសំណូកពីជនល្មើស ដើម្បីឲ្យមើលរំលងអំពើឧក្រិដ្ឋទាំងនោះ។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ UNODC បានលើកសរសើរប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការផ្តួចផ្តើមកិច្ចសហការណ៍ក្នុងតំបន់ស្តីអំពី ការឃ្លាំមើលនិងការរារាំងជនបរទេសណាដែលមានប្រវត្តិពាក់ព័ន្ធនឹងការបំពានផ្លូវភេទ មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន។ ប្រទេសទាំងអស់ខាងលើនេះ ក៏អាចប្រើប្រាស់ទិន្នន័យជារូបភាពនៃជនកេងប្រវ័ញ្ចផ្លូវភេទកុមារអន្តរជាតិ ដែលបានបង្កើតដោយប៉ូលិសអន្តរជាតិInterpol ដើម្បីកំណត់អត្តសញ្ញាណជនទាំងនោះផងដែរ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់