ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ប្រកាស​ឲ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត

គណបក្ស​នយោបាយ​ទាំង២០​ ទទួលបាន​លេខរៀងតំណាង​​សម្រាប់​ឃោសនា​ពេល​បោះឆ្នោត​​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

ខុស​ពី​បណ្តា​ឆ្នាំ​មុនៗ ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​​​បាន​បង្កើន​ការ​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ទូរស័ព្ទ​​ចល័ត​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​នានា​ ទាក់​ទិន​នឹង​ដំណើរ​នៃ​ការ​រៀបចំ​បោះឆ្នោត​ជាតិ​និង​​ក្រើន​រំឭក​ពលរដ្ឋ​អំពី​ការ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា​ខាង​មុខ​នេះ។

លោក ស៊ិក ប៊ុនហុក​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​បាន​អំពាវនាវ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឲ្យពល​រដ្ឋ​ទៅ​បោះឆ្នោត​ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

ការ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នេះ​គឺ​ជា​ការ​វិវត្ត​លើកដំបូងនៃ​ដំណើរ​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​សភា។​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​ក្នុង​ស្រុក។​

តាម​សារ​ទូរស័ព្ទ ​ដែល​ទទួល​បាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ Mobitel ​របស់​លោក​គិត ម៉េង​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាំងពី​ថ្ងៃ​អង្គារ​ និង​នៅ​ថ្ងៃ​ពុធ​នេះ​ តាម​ន័យ​ដើម​ថា៖​

«ប្រធាន​គ.ជ.ប.​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ឲ្យ​ត្រៀម​ខ្លួន​និង​ឯកសារ​ពាក់​ព័ន្ធ​ ដើម្បី​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨»។​

ចំនួន​ប្រជា​ពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោតគឺ​មាន​ជិត​៨​លាន​៤​សែន​នាក់។ នេះបើ​យោង​តាម​លទ្ធផល​ផ្លូវការ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត​ និង​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ដែល​គ.ជ.ប.​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨។​

លោក​ កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​(Comfrel)​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​មន្ត្រី​គ.ជ.ប.​ក្នុង​អាណត្តិ​នេះ​ពិតជា​ធ្វើ​សកម្ម​ភាព​ផុសផុល​ខ្លាំង​ ក្នុង​ការ​ចុះ​បញ្ជ្រាប​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ ដល់​ពលរដ្ឋ​ ដោយ​ថែម​ទាំង​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​មាន​ប្រសាសន៍ថា ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នៅ​ពេល​នេះ​កំពុង​មាន​ការ​បារម្ភ​ ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​បោះឆ្នោត​ ខណៈ​ដែល​មាន​ចរន្ត​ធំៗ​ពីរកើត​ឡើង​នោះ​ គឺ​ការ​អំពាវ​នាវ​របស់មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ និង​ការ​អំពាវ​នាវ​របស់​គណបក្ស​នយោ​បាយ​ផ្សេង​ទៀត​ ដែល​សុំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការ​បោះ​ឆ្នោត។ ​លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​អ្វី​ដែល​សំខាន់​ ឬ​បញ្ហា​ដែល​ធំជាង​គេ​គឺថា​ ជា​ការ​ព្រួយ​បារម្ភ​អំពី​ប្រជា​ពលរដ្ឋ​ហ្នឹង​តែ​ម្តង​ នៅ​ក្នុង​ដំណើរការចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ដែល​យើង​យល់​ ដែល​ភាគី​ទាំងពីរ​ហ្នឹង​យល់​ឃើញ​ថា​ ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​គឺ​ជា​ហេតុ​ គឺ​ជា​លទ្ធផល​មួយ​ ដែល​អាច​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​នេះ​ វា​មាន​ការ​ចូលរួម​តិច​ ឬក៏​ច្រើន​ ឬក៏​ផ្លូវ​ការ​ ឬក៏មិន​ផ្លូវ​ការ។​ អីចឹង​សរុប​រួម​គឺ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នេះ​ឯង​ បាទ»។​

អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​រូប​នេះ​មិន​ធ្វើការ​អធិប្បាយ​ពី​គោល​បំណង​របស់​គ.ជ.ប. ដែល​ប្រឹង​ប្រែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ តែ​លោក​បានបញ្ជាក់​ថា​ ចំនួន​អ្នក​បោះឆ្នោត​ច្រើន ​ឬតិច​ នឹងមិន​មាន​ចំណែក​ណា​មួយ​ដែល​អាច​ប្រើ​ដើម្បី​វាយ​តម្លៃ​ថា​ ការ​បោះឆ្នោត​នោះ​អាច​ទទួល​យក​បាន ឬ​ក៏​អត់​នោះ​ទេ​ ពោល​គឺ​មាន​បញ្ហា​ផ្សេងៗ​ទៀត ​ដែល​ត្រូវ​ពិចារណា ​ក្នុង​នោះ​មាន​បរិយាកាស​នយោបាយ ការ​ចូលរួម​ ការ​ប្រើ​សិទ្ធិ​ និង​ប្រតិ​បត្តិការ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។​

«គេ​មើល​ទៅលើ​គោល​ការណ៍​នៃ​ការ​ចូលរួម​ ទៅ​លើ​ចំណុច​ដែលកើត​ឡើង​អស់​ហ្នឹង​ ពីព្រោះ​ទាំង​អស់​ហ្នឹង​ហើយ​គឺ​ជា​គោល​ការណ៍​ ដូចជា​បរិយាកាស​នយោបាយ​ ការ​ចូលរួម​ សិទ្ធិ​ នែ៎ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ក៏​ចំ​ណុច​ជាច្រើន​ទៀត​ ដែល​ជា​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង។​ គេ​មើល​ទាំង​អស់​ហ្នឹង​ ទើប​អាច​វាយ​តម្លៃ​ថា​ តើ​ការ​បោះឆ្នោត​ហ្នឹងដោយ​សេរី​ ដោយ​យុត្តិធម៌​ ដោយ​ត្រឹមត្រូវ​ឬ​ក៏​យ៉ាង​ណា»។

បន្ថែម​លើការ​អំពាវនាវ​តាម​បណ្តាញ​ប្រព័ន្ធ​ទូរ​គមនាគមន៍​ ឬ​ទូរស័ព្ទ​ដើម្បីឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ គ.ជ.ប. កាលពី​សប្តាហ៍​មុន​ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី​៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ចាប់​ផ្តើម​ពី​ម៉ោង​ ៧​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល។​ គ.ជ.ប.ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ត្រៀម​ខ្លួន​ក្នុង​ការ​នាំយក​ឯកសារ​ពាក់​ព័ន្ធ​ទៅ​តាម សម្តែងឆន្ទៈ​នយោបាយ​របស់​ពួក​គេ​តាម​សន្លឹក​ឆ្នោត​ផង​ដែរ។ ​គ.ជ.ប.បាន​សរសេរ​ក្នុង​លិខិត​អំពាវនាវ​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

«សូម​ប្រជា​ពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧​ទាំងអស់​ត្រៀម​ខ្លួន​ និង​ត្រៀម​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ (អ.ខ.)​ ឬឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះ​ឆ្នោត​ (ឯ.អ.)​ ដើម្បី​ចូលរួម​បោះឆ្នោត​ នៅថ្ងៃ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា។ ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ក្នុងពេលចុះ​ឈ្មោះ​បោះឆ្នោត​ ហើយ​ពុំទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរបាត់​ សូម​ប្រញាប់​រួសរាន់​ទៅ​សុំ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ពី​គណៈកម្មការ​ឃុំ​ សង្កាត់​ រៀបចំ​ការ​បោះ​ឆ្នោត​ និង​អាជ្ញាធរ​ឃុំ​សង្កាត់​ ដែល​ខ្លួន​ត្រូវ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេល​វេលា»។​

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​របស់​អង្គ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec ​មាន​ប្រសាសន៍​ថា​ គ.ជ.ប.មាន​ការ​ព្រួយបារម្ភ​ថា ​ចំនួន​ការ​ចេញ​ទៅ​បោះ​ឆ្នោតនៅ​ថ្ងៃ​បោះឆ្នោត​អាច​នឹងមាន​កម្រិត​ទាប ទើប​ញ៉ាំង​ឲ្យ​ស្ថាប័ន​បោះឆ្នោត​ជាតិនេះ​ ធ្វើ​ការខ្លាំង​ជាង​អាណត្តិ​មុនៗ​ ដោយ​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ដំណើរ​ការ​បោះឆ្នោត​សភា​ក្នុង​អាណត្តិ​នេះ។​

«មិន​ត្រឹមតែ​រៀបចំ​សារ​អីចឹង​ទេ​ គាត់​ចុះ​ធ្វើ​កម្មវិធី​ផ្សព្វ​ផ្សាយ បញ្ជ្រាប​ទៅ​ដល់​សហគមន៍​ក៏​ច្រើន​ដែរ​ណ៎ា! ​ច្រើន​លើកដែរ​ ហើយខុសពី​ឆ្នាំ​២០១៧​ បោះ​ឆ្នោតឆ្នាំ​ទៅ​ ហើយ​និង​ការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ក៏ប្រើ​ ហើយ​និង​មាន​ call center ​ទៀត។​ ដូច្នេះ​ គាត់​ ​និយាយ​ឲ្យខ្លី​ទៅ​ ​គាត់​បារម្ភ​ រឿង​បញ្ហា​អ្នក​ចេញ​ទៅ​បោះឆ្នោត។​ អីចឹង​ហើយ​បាន​គាត់​ផ្ញើ​សារ​ផង​ បញ្ជ្រាប​ផង​ ហើយ​រៀបចំ​មជ្ឈមណ្ឌល​ផង​ណា៎ បាទ»។​

ក្រៅពី​ការ​ផ្ញើ​សារ​តាម​បណ្តាញ​ទូរស័ព្ទ​ចល័ត​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ ​គ.ជ.ប.​ក៏​បាន​ផ្ញើ​ជា​បន្តបន្ទាប់​នូវ​ព័ត៌មាន​ស្តី​បច្ចុប្បន្ន​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត ដោយ​ក្នុង​នោះ​មាន​សារ​និយាយ​ពី​គ.ជ.ប.ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​អំពី​ការ​បិទផ្សាយ​បញ្ជី​គណបក្ស​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​ និង​ការ​បោះពុម្ព​សន្លឹក​ឆ្នោត។​ សារ​ទាំង​នោះ​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​បណ្តាញ​ទូរស័ព្ទ​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ Smart​ ហើយ​សារ​ទាំងនោះ​ត្រូវ​បានផ្ញើ​ចេញ​តាំងពី​ដើម​ខែ​មិថុនា​នេះ។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​គ.ជ.ប. បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

នៅ​មុន​ការ​បោះឆ្នោត​នាថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ មានការ​រិះ​គន់​ជាច្រើន​បាន​ធ្វើឡើង​ពីស្ថាប័ន​អន្តរ​ជាតិ​ធំៗ​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ពាក់ព័ន្ធ​នឹង​បញ្ហា​ភាព​ស្របច្បាប់​សម្រាប់ការ​បោះឆ្នោត​ ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

ក្រុម​តំណាង​រាស្ត្រ​ក្នុង​តំបន់​អាស៊ាន​បានចាត់​ទុក​ថា ​ដំណើរឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​២៩​ ខែ​កក្កដា​នៅ​ប្រទេស​កម្ពុជា​ជា​ការ​ធ្វើ​ឲ្យ​ខូចខាត​កាន់​តែ​ខ្លំាង​ថែម​ទៀត​នៃ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ ហើយ​ថា​ ជម្រើស​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​ចូលរួម ​ឬ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​ ត្រូវតែ​ទទួល​បាន​ការ​គោរព។ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ដែលបាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​អំពាវ​នាវ​សារជា​ថ្មី​ឲ្យ​មាន​ការ​វិលវិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ ហើយបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នាក់​ក្នុងនោះ​មាន​លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។​

រី​ឯ​ក្រុម​មន្ត្រី​ និង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ទរ​តាម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​គឺ​អ្នក​ស្រី​ Rhona Smith​ ​ប្រេសិត​ពិសេស​របស់​អ.ស.ប.​ថា​ ការ​បោះឆ្នោត​ខាង​មុខ ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ នៅ​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

អ្នកស្រី​ ស្មីត​ ក៏​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បម្រាម​ដែល​ហាម​ក្រុម​មន្ត្រី​របស់​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប ​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។​

ទោះណាជា​មាន​ការរិះគន់​បែប​នេះក្តី​ ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា ​ការ​បោះ​ឆ្នោត​លើក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សេរី​ ព្រោះ​មាន​គណបក្ស​ជា​ច្រើន​ចូល​រួម​ ទោះបី​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ប្តឹង​រំលាយ​ចោល​ក៏​ដោយ។ សម្រាប់​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០​ឆ្នាំ​មក​នោះ បាន​ប្រកាស​ជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​ថា​ ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ឬ​គណបក្ស​ប្រឆាំង​ចូលរួម​ ឬ​ក៏​គ្មាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​នៅ​បស្ចិម​លោក​ក៏​ដោយ៕​