ទីក្រុង Chicago ប្តឹង​អាមេរិក​ជុំវិញ​ការ​ដាក់​កំហិត​ថវិកា​លើ​បណ្តា​ទីក្រុង​ដែល​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​សហព័ន្ធ

រូបឯកសារ៖ អភិបាល​ក្រុង​ Chicago លោក Rahm Emanuel ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ ក្រោយ​ពេល​ជួប​ជាមួយ​លោក​ ដូណាល់ ត្រាំ នៅវិមាន​របស់​លោក​ត្រាំ ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ចន្ទ ទីក្រុង Chicago បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ប្តឹង​ក្រសួង​យុត្តិធម៌​អាមេរិក​ចំពោះបទបញ្ញត្តិ​ថ្មី​ទៅ​លើ​ថវិកា​សម្រាប់​សុវត្ថិភាព​សាធារណៈ។ ​

សម្រង់​ពី​ពាក្យ​បណ្តឹង​ដែល​មាន​៤៦​ទំព័រ​នោះ​សរសេរ​ថា៖ «លក្ខខណ្ឌ​ថ្មីៗ​ទាំង​នេះ ​មាន​លក្ខណៈ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ទីក្រុង​ដ៏​យូរ​អង្វែង​មួយ​នេះ ដែល​លើក​កម្ពស់​សហ​ប្រតិបត្តិការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ទីក្រុង​និង​សហគមន៍​អន្តោប្រវេសន៍‍»។ ​

អភិបាល​ក្រុង Chicago គឺ​លោក Rahm Emmanuel បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ទីក្រុង​នេះ​នឹង​ដាក់​ពាក្យ​បណ្តឹង​នេះ ដោយ​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ទីក្រុង Chicago នឹង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ប៉ូលិស​របស់​យើង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​នោះ​ទេ‍»។

ក្រសួង​យុត្តិធម៌​បាន​ប្រកាស​កាល​ពី​ចុង​ខែ​កក្កដា​អំពី​លក្ខខណ្ឌ​អន្តោប្រវេសន៍​ថ្មី​សម្រាប់​កម្មវិធី​ Edward Byrne Memorial Justice Assistance Grant ដែល​ហៅ​កាត់​ថា​ Byrne JAG​ ដែល​រួម​មាន​ទាំង​ការ​ចែក​រំលែក​ព័ត៌មាន​ក្នុង​ចំណោម​ប៉ូលិស​សហព័ន្ធ ប៉ូលិស​ថ្នាក់​រដ្ឋ និង​ប៉ូលិស​ក្នុង​តំបន់​ផង​ដែរ។

លោក ​Jeff Sessions ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​យុត្តិធម៌​ថា៖ «ចាប់​ពី​ពេល​នេះ​តទៅ ក្រសួង​នឹង​ផ្តល់​ថវិកា Byrne JAG ដល់​តែ​ទីក្រុង​និង​រដ្ឋ​ណា ដែល​អនុវត្ត​ទៅ​តាម​ច្បាប់​សហព័ន្ធ ដែល​អនុញ្ញាត​ឲ្យមន្ត្រី​អន្តោប្រវេសន៍​សហព័ន្ធ​អាច​ចូល​ទៅ​កន្លែង​ឃុំ​ខ្លួន​ និង​ផ្តល់​ព័ត៌មាន​ជូន​មុន​៤៨​ម៉ោង មុន​ពេល​ដោះ​លែង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ម្នាក់​ដែល​អាជ្ញាធរ​សហព័ន្ធ​ចង់​បាន‍»៕