រដ្ឋសភានឹងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលចូលរួមពិភាក្សានិងលើកពីក្តីកង្វល់របស់ពួកគេទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែបានមើលឃើញពីតម្រូវការជាចាំបាច់ដើម្បីកុំឱ្យអង្គការមួយចំនួនដែលយកជំនួយបរទេសហើយធ្វើការបម្រើបរទេសមកបង្កអស្ថិរភាពដល់ប្រទេសកម្ពុជា។
Your browser doesn’t support HTML5
លោក ឈាង វុន ប្រធានគណៈកម្មការការបរទេសនិងព័ត៌មាននៃសភាជាតិកម្ពុជាបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេពិសេសនៅថ្ងៃសុក្រថា៖
«យើងនឹងខំប្រឹងថាតើយើងអាចឱ្យអង្គការដែលចូលមកពិគ្រោះយោបល់ហ្នឹងដាក់ខ្លឹមសាររបស់គាត់យ៉ាងម៉េចខ្លះហើយយើងនឹងយកទៅជជែកគ្នានៅក្នុងគណៈកម្មការ»។
សេចក្តីព្រាងច្បាប់ចុងក្រោយឬជាសំណៅលើកទី៥ដែលមាន៣៩មាត្រាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនដល់សភាជាតិកាលពីថ្ងៃច័ន្ទហើយគណៈកម្មាធិការអចិន្ត្រយ៍សភាជាតិនឹងជួបប្រជុំនៅ ថ្ងៃអង្គារដើម្បីសម្រេចថានឹងត្រូវបញ្ជូនទៅគណៈកម្មការណាមួយទៀតធ្វើការសិក្សាលម្អិត។
អង្គការសង្គមស៊ីវិលយល់ថាសេចក្តីព្រាងច្បាប់លើកចុងក្រោយនេះ បង្កការព្រួយបារម្ភកាន់តែខ្លាំងដោយសារច្បាប់នេះប្រគល់«អំណាចដ៏ទូលំទូលាយដល់រដ្ឋាភិបាលដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៧ខែមិថុនាថា«អត្ថបទច្បាប់នេះមានបញ្ញត្តិគួរឱ្យព្រួយបារម្ភទាក់ទិននឹងការចុះបញ្ជីជាចាំបាច់ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេសដើម្បីធ្វើសកម្មភាពអមជាមួយនឹងតម្រូវការចុះបញ្ជីដ៏ច្រើនលើសលប់ កាតព្វកិច្ចផ្តល់របាយការណ៍និងមូលដ្ឋានក្នុងការបដិសេធការចុះបញ្ជី និងការលុបឈ្មោះចេញពីបញ្ជីដ៏ទូលាយនិងមិនច្បាស់លាស់»។
លោក ឈាង វុន បានពន្យល់ថា ផ្អែកតាមបទពិសោធន៍កាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដែលមានការជាប់គាំងនយោបាយជិតមួយឆ្នាំគឺកម្ពុជាត្រូវការច្បាប់នេះជាចាំបាច់ដើម្បីទប់ស្កាត់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលមួយចំនួន៖ «យើងមើលឃើញរួចហើយកន្លងមកនៅឆ្នាំ២០១៣ថាតើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលណាខ្លះដែលលូកដៃជ្រៅរួមចំណែកធ្វើឱ្យសភាពការណ៍ស្ថានភាពនយោបាយនៅ កម្ពុជាឬស្ថានភាពសន្តិសុខសង្គមរបស់យើងមានការក្រឡាប់ចាក់ហើយ? ហើយបើខ្ញុំវិនិច្ឆ័យទៅច្បាប់នេះត្រូវការចាំបាច់ ត្រូវការចាំបាច់ឱ្យម្នាក់ៗអង្គុយលើកៅអីខ្លួនឯងឱ្យបានត្រឹមត្រូវស្មោះត្រង់បម្រើផលប្រយោជន៍ប្រទេសជាតិពិតប្រាកដ»។
លោកឈាង វុន បានបញ្ជាក់ថាក្នុងចំណោមអង្គការជិត៤.០០០គឺ មានអង្គការតែចំនួនជាង២០ប៉ុណ្ណោះទេដែលធ្វើការមិនត្រូវគោលដៅ៖«អង្គការក្រៅរដ្ឋាភិបាលមួយចំនួនសុំឱ្យដឹងខ្លួន ថាខ្លួនកំពុងតែបម្រើបរទេស យកលុយបរទេសមកបង្កឱ្យមានអស្ថិរភាពសង្គមរបស់យើង។ អញ្ចឹងហើយយើងអ្នកតំណាងរាស្ត្រយើងខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពទាំងអស់ហ្នឹង»។
លោក ឈាង វុន បានលើកឡើងថាសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានច្បាប់ស្តីពីការចុះបញ្ជីភ្នាក់ងារបរទេស (FARA) ដែលមានលក្ខណៈតឹងរឹងលើប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល។
ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងខិតបណ្ណព័ត៌មានរបស់ខ្លួនថាមានរដ្ឋាភិបាលបរទេសខ្លះបានបកស្រាយខុសលើខ្លឹមសារនៃច្បាប់ FARA នេះ ថាជាការកំហិតលទ្ធភាពរបស់អង្គការសង្គមស៊ីវិលក្នុងការចុះបញ្ជីនិងធ្វើប្រតិបត្តិការ។
«ផ្ទុយទៅវិញ ច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសមិនបានយកពន្ធ ឬ កំណត់ថវិកាលើជំនួយពីបរទេសដែលអង្គការនោះ ទទួលទេ...ច្បាប់ FARA នេះក៏លើកលែងមិនចាំបាច់ឱ្យចុះបញ្ជីសកម្មភាពអង្គការក្រៅរដ្ឋាភិបាលដែលមានដូចជាការស្វែងរកជំនួយ សម្រាប់ជំនួយផ្នែកពេទ្យឬសម្រាប់ស្បៀងអាហារ និងសម្លៀកបំពាក់ដើម្បីជួយដល់ការរងគ្រោះរបស់មនុស្សជាតិ»។
ខិតបណ្ណព័ត៌មានដដែលបានបញ្ជាក់ថាមានអង្គការក្នុងស្រុកប្រហែល១,៥លានដែលកំពុងធ្វើការនៅ សហរដ្ឋអាមេរិក។ រីឯនីតិវិធីនៃការចុះបញ្ជីគឺតែពីរបីថ្ងៃប៉ុណ្ណោះ។ ដំណើរការនៃការចុះបញ្ជីគឺមានការផ្តល់ការពណ៌នាខ្លីពីអង្គការនោះ បេសកកម្ម ឈ្មោះអង្គការ អាសយដ្ឋាន និងបង់ប្រាក់បន្តិចបន្តួច។ រដ្ឋភាគច្រើនមានបញ្ជូលចំណុចខ្លះដែលធានាមិនឱ្យមន្ត្រីរដ្ឋាភិបាលរំលោភសិទ្ធិអំណាចរបស់ខ្លួនហើយរើសអើងមិនចុះបញ្ជីអង្គការដែលខ្លួនមិនពេញចិត្ត៕