ឥស្សរជន​​ខែ្មរ​សរសើរ​កេរតំណែល​​លោក​ជា ស៊ីម​ក្រោយ​ឆ្នាំ​១៩៧៩

លោក ជា ស៊ីម (ស្តាំ) ប្រធាន​ព្រឹទ្ធសភាព ចូលរូមពិធីបុណ្យ​អ៊ុំទូកនៅ​រាជធានីភ្នំពេញ ​កាលពីថ្ងៃសៅរ៍ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១០​។

ដោយ​មិន​គិត​ពី​អតីត​កាល​របស់​លោក​ ជា ស៊ីម​ ឥស្សរ​ជន​មក​ពី​គណបក្ស​នយោបាយ​ចម្រុះ​បាន​កោត​សរសើរ​ពី​កេរដំណែលលោក ​ជា ស៊ីម​ ក្រោយ​ឆ្នាំ​១៩៧៩។​

ក្រុម​អ្នក​នយោបាយ​ជា​ច្រើន​បាន​ចងចាំ​អំពី​ការ​តស៊ូ​នយោបាយ​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក​ប្រជែង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និងអំពី​កិច្ចការ​រដ្ឋ។​

ដោយ​ទុក​ចោល​ការ​ប្រឡាក់​ប្រឡូស​របស់​លោក​ ជា ស៊ីម​ កាលពី​អតីត​កាល​ក្នុង​របប​ខ្មែរក្រហម​ ក្រុម​អ្នក​នយោបាយ​ចម្រុះ​គណបក្ស​បានកោត​សរសើរ​កេរដំណែលរបស់​លោក​ ​ជា ស៊ីម ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​ ក្រោយ​ពេល​ដែល​លោក​បាន​ទទួល​មរណភាព។ ​បញ្ហា​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ដែល​លោក​តតាំង​ជាមួយ​នឹង​គូប្រជែង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ហើយនឹង​ការ​បំពេញ​កិច្ចការ​រដ្ឋ​ផង​ដែរ។​

ក្រុម​ឥស្សរជន​នយោបាយ​កម្ពុជា​បាន​ថ្លែង​ថា​ លោក​ ជា ស៊ីម​ បាន​ធ្វើការ​សម្រប​សម្រួល​នយោបាយ​ សម្រួល​កិច្ច​ការ​អនុម័ត​ច្បាប់​ជាច្រើន ​ដោយ​គ្មាន​ការ​រើសអើង​គណបក្ស ​ហើយ​មាន​កិច្ច​សហការ​ល្អ​ក្នុង​កិច្ចការ​ ហើយនឹង​បាន​ជំទាស់​មិន​ចុះ​ហត្ថលេខា​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្តីទី​លើ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​កញ្ចប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី ​ក្រោយ​ពី​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​នោះ។​ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា ​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។​

លោក សឺន ស៊ូប៊ែរ​ ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ហើយ​ជា​អតីត​អនុ​ប្រធាន​ទី​២​នៃ​រដ្ឋ​សភា និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ថ្លែង​ថា៖

«អញ្ចឹង​មែន​ ព្រោះ​កាល​ហ្នឹង​អ្វីៗ​លោក​ធ្វើ​តាម​រដ្ឋ​ធម្មនុញ្ញ ​តាម​នីតិវិធី​នៃ​រដ្ឋ​ធម្មនុញ្ញ​ រួច​ដល់​អញ្ចឹង​ទៅ ​គេ​បង្ខំ​ឲ្យ​លោក​ដើរ​ចេញ​ពី​ស្រុក​ហ្នឹង​ ដើម្បី​ឲ្យ​នរណា​ម្នាក់​ទៀត​ជំនួស​ ចុះ​ហត្ថលេខា​លើ​ហ្នឹង។​ កាល​ខ្ញុំ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ខ្ញុំ​បាន​ ជម្រាប​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​ ​ខ្ញុំ​ថា ​អ្វីៗ​បាន​ធ្វើ​ហ្នឹង​ វា​ខុស​នីតិវិធី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ ហើយ​ខុស​រដ្ឋ​ធម្មនុញ្ញ​ទៅ​ទៀត។ ​តែ​កាល​ហ្នឹង​សម្តេច​ក្រុម​ព្រះ​ លោក​ជួយ​ឲ្យ​លោក ​ញ៉ឹក ប៊ុនឆៃ​ ចុះ​ហត្ថលេខា​ដោយ​ខុស​ច្បាប់​ទៅ​ទៀត ​ព្រោះ​ព្រះ​ករុណា​នរោត្តម ​សីហនុ​ បាន​ប្រគល់​រាជ​សិទ្ធិ​របស់​ព្រះអង្គ​ជូន​ទៅ​សម្តេច​ ជា ស៊ីម​ រួច​ដល់​គេនាំ​សម្តេច​ ជា ស៊ីម​ ​ទៅ​ថៃ ​ហើយ​យក​លេស​ថា ​មើល​សុខភាព​លោក ប៉ុន្តែ​មែន​ទែន​ទៅ​ដូច​ជា​រដ្ឋ​ប្រហារ​មួយ​ដែរ​ហ្នឹង»។​

លោក ​សឺន ស៊ូប៊ែរ​ ថ្លែង​ដូច្នេះ​ ដោយ​សារ​ថា​ តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ គេ​ត្រូវ​បោះឆ្នោត​រើសស្ថាប័ន​រដ្ឋ​សភា​សិន​ រួច​ទើប​រើស​សមាជិក​រដ្ឋាភិបាល​ ឬ​នាយក​រដ្ឋមន្ត្រី ​តែ​នេះ​ត្រូវបោះ​ឆ្នោត​ព្រមរួម​តែម្តង​ ដើម្បី​រៀបចំ​សភា​ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ និង​រដ្ឋាភិបាល​ដែល​ជា​ស្ថានប័ន​នីតិប្រតិបត្តិ ​និង​ជា​ស្ថាប័ន​ដាច់​ពីគ្នា​ ហើយ​ប្រមុខ​រដ្ឋ​គឺ​សម្តេចឳ​ ព្រះ​មហា​វីរ​ក្សត្រ ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ដែលពេល​នោះ​នៅ​គង់​ជា​ប្រមុខ​រដ្ឋ​ បាន​ផ្ទេរ​ព្រះ​រាជ​សិទ្ធិតាម​ព្រះរាជ​សារ​ ផ្ញើ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​លោក​ ​ជា ស៊ីម​ ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ជា​អ្នក​សម្រេច​ជ្រើសរើស​យក​ការ​ចុះ​ហត្ថ​លេខា​តាម​សតិ​សម្បជញ្ញៈ។​

តែ​លោក​ ជា ស៊ីម​ ត្រូវ​គេ​ដឹង​ថា ​មិន​ព្រម​ចុះ​ហត្ថលេខា​ទេ ​ហើយ​លោក​ត្រូវ​បាន​លោក​ ​ហុក ឡងឌី​ ដែល​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​ពេល​នោះ ​បង្ខំ​ឲ្យ​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ថៃ ​ក្រោមអ្វី​មួយ​ដែល​គេ​បញ្ជាក់​ថា ​ដើម្បី​ព្យាបាល​ជំងឺ។​ហើយ​ក្នុង​អំឡុង​ពេល​នោះ​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​នៅ​ក្នុង​ប្រទេស​សល់​តែ​លោក ​ញ៉ឹក ប៊ុនឆៃ​ ប៉ុណ្ណោះ​ដែល​ជា​អនុ​ប្រធាន​ទី២​នៃ​ព្រឹទ្ធ​សភា​ ​ដែលត្រូវ​ចុះ​ហត្ថលេខា​លើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០០៤​នោះ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​មិន​គ្រប់​សំឡេង​២ភាគ៣​ ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ត្រូវ​ការ​សំឡេង​ពី​គណបក្ស​សម្ព័ន្ធ​ភាព​ គឺ​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណ​ឫទ្ធិ ​និង​ត្រូវការ​សំឡេង​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​សភា​ ដោយ​ការ​បោះឆ្នោត​កញ្ចប់​លើក​ដៃ​តែ​ម្តង​ ដើម្បី​បោះឆ្នោត​បង្កើត​ស្ថាប័ន​សភា ​និង​រដ្ឋាភិបាល​ ហើយនឹង​ចែក​អំណាច​គ្នា។​

លោក​ ​ស៊ូប៊ែរ ​បាន​ហៅ​លោក​ ​ជា ស៊ីម​ ថា​ ជា​វីរជន​ម្នាក់ ​ហើយ​ការ​ស្លាប់​នេះ​នាំ​ឲ្យ​បាត់​បង់​មេ​ដឹកនាំ​ម្នាក់​នៃ​គណបក្ស​កាន់​អំណាច។​

«សម្តេច​ជា ស៊ីម​បាត់​បង់​ជីវិត​ហ្នឹង​ គឺ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជាង​គេ​ ព្រោះ​ពេល​ដែល​លោក​នៅ​ទីនេះ ​លោក​ជា​មនុស្ស​អាជ្ញា​កណ្តាល​ មិន​ឲ្យ​គេ​ធ្វើ​ផ្តេសផ្តាស់​ ឬ​មិន​ឲ្យ​គេ​ធ្វើ​អំពើ​ជ្រុល​និយម​ដូច​ជំនាន់​សង្គ្រាម។​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​ជា​មួយ​លោក​ហ្នឹង​ ហើយ​លោក​បាន​ផ្តល់​ព័ត៌មាន​ច្រើន​ពី​រឿង​ជំនាន់​ខ្មែរក្រហម​ ជា​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។​ នេះ​គ្រាន់តែ​ខ្ញុំ​បានដឹង​ប្រវត្តិ​សាស្ត្រ​ខ្លះ​ពី​រឿងអស់​ហ្នឹង។ ​ក្រៅពី​ហ្នឹង​វា​ជា​ការ​សោកស្តាយ​មួយ​ដែរ ​ដោយសារ​គាត់​ស្លាប់​ អស់​មាន​មនុស្ស​ចាស់ទុំ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។​ ខ្ញុំ​មិន​ដឹង​ថា ​គណបក្ស​នេះ​ទៅ​ជា​យ៉ាងណា​ ហើយ​នយោបាយ​គេ​នៅ​ដដែល ​ឬ​មាន​ការ​ផ្លាស់ប្តូរ​ទេ។ ​នេះ​ជា​សំណួរ​មួយ​ដែល​ទាក់ទង​នឹង​ការ​បាត់បង់​ជីវិត​សម្តេច​ ជា ស៊ីម»។​

លោក ស៊ូប៊ែរ​ បាន​បន្ថែម​ថា​ លោក​បាន​ផ្សះផ្សារ​មិន​ឲ្យ​មាន​ភាព​ជ្រុល​និយម​ និង​មនុស្ស​ជ្រុល​និយម​ទេ ​នៅពេល​ដែល​កម្ពុជា​មាន​ភាព​វឹកវរ​នយោបាយ​ច្រើន​ ក្រោយ​ការ​បោះឆ្នោត​ដំបូង​ ដែល​លោក​ទំនង​ជា​សំដៅ​ទៅ​លើ​គណបក្ស​នីមួយៗ​ ដែល​មាន​កម្លាំង​កង​ទ័ព​រៀងៗ​ខ្លួន​នោះ។​

លោក ​ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​ទទួល​មរណភាព ​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី៨ ​ខែមិថុនា​ឆ្នាំ​២០១៥ ​ដែល​បើក​ផ្លូវ​ឲ្យ​លោក​ ​ហ៊ុន សែន​ ក្លាយ​ជា​ប្រធាន​គណបក្ស​ពេញ​ច្បាប់​ បន្ថែម​លើ​អំណាច​ដ៏​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា។​

លោក​ ញ៉ឹក ប៊ុនឆៃ ​អនុ​ប្រធាន​ទី២​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រដ្ឋធម្មនុញ្ញ​បន្ថែម​នោះ​ទេ។​

លោក​ថ្លែង​ថា ​លោក​បាន​ចងចាំ​ថា ​លោក​ ​ជា ស៊ីម​ បាន​ចូលរួម​ដឹកនាំ​តស៊ូ​ប្រឆាំង​នឹង​ខ្មែរ​ក្រហម​ ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ខ្មែរក្រហម​សម្លាប់​ច្រើន​លាន​នាក់។ ​ហើយ​គាត់​ជា​អ្នក​ដឹកនាំ​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​មាន​របប​រាជានិយម​ឡើង​វិញ​ និង​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការ​រួបរួម ការ​សាមគ្គី​គ្នា​ក្នុង​ប្រទេស​កម្ពុជា។​

«ហើយ​ឆ្នាំ​១៩៩៣​ ពេល​ហ៊្វុនស៊ីនប៉ិច​ឈ្នះ​ឆ្នោត​ សម្តេច ​ជា ស៊ីម ​ក៏​លោក​បានចូល​រួម ​ជាពិសេស​ពេល​នោះ​សម្តេច​តេជោ​ ហ៊ុន សែន​ តែ​សម្តេច​ ជា ស៊ីម​ ក៏​លោកចូល​រួម​គាំទ្រ​ឲ្យ​មាន​របប​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឡើង​វិញ។ ហើយ​លោក​ក៏​ជា​អ្នក​ចូលរួម​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ ដែលតែង​តែ​កើត​ឡើង​ពេល​បោះឆ្នោត​អីហ្នឹង។​ គាត់​តែង​តែជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ជា​បន្ត​បន្ទាប់​ដែរ​ ជាពិសេស​សន្តិភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ»។​

លោក ញ៉ឹក ប៊ុនឆៃ ​អតីត​មេ​បញ្ជាការ​ទ័ព​ចលនា​តស៊ូ​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ដែល​ធ្លាប់​តស៊ូ​ប្រឆាំង​នឹង​កងទ័ព​ស្មោះត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រោយ​អំពើ​រដ្ឋ​ប្រហារ​កាលពីខែ​កក្កដា​ ឆ្នាំ១៩៩៧​ បាន​អះអាង​បន្ថែម​ថា​ មរណភាព​របស់​លោក​ ជា ស៊ីម​ នឹង​មិនធ្វើឲ្យ​មាន​ការ​ប្រែប្រួល​ទេ។​

«ខ្ញុំ​ដូច​ជា​មាន​ជំនឿ​ថា ​មិនមាន​អី​ប្រែប្រួល​ធំ​ដុំ​ទេ។​ ស្ថាន​ការណ៍​ដូចជា​នៅ​ដដែល​ទេ​ ខ្ញុំមើល​ទៅ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ រយៈកាល​កន្លង​មក ​សម្តេច ​ជា ស៊ីម​ នៅ​ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធ​សភា ​ហើយ​ម្តងម្កាល​ក៏​ជាប្រមុខ​រដ្ឋស្តីទី​ ហើយ​បញ្ហា​នៅ​កម្ពុជា​យើង​សំខាន់​គឺ​នីតិប្រតិបត្តិ។ ​ហើយ​នីតិប្រតិបត្តិ​ សម្តេច​តេជោ​ហ៊ុន សែន ​លោក​គ្រប់គ្រង​ការងារ​នីតិប្រតិបត្តិ។​ អញ្ចឹង​មិន​មាន​អី ​ដែល​ផ្លាស់ប្តូរ​ធំដុំ​ទេ ​ព្រោះ​សម្តេច​ជា ស៊ីម​លោក​គ្រប់​គ្រងស្ថាប័ន​នីតិ​បញ្ញតិ​ ឬ​ព្រឹទ្ធសភា»។​

លោក​ ​សុន ឆៃ​ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ បាន​អះអាង​ស្របគ្នា​ដែរ​ថា​ មរណ​ភាព​របស់​លោក​ ជា ស៊ីម ​មិន​អាច​នាំ​ឲ្យកើត​ហេតុ​ការណ៍​អ្វី​នោះ​ទេ​ ដោយ​សារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​ហាក់​ដូចជា​លោក ​ហ៊ុន សែន ដែលជា​នាយក​រដ្ឋមន្ត្រី​ជា​អ្នកគ្រប់គ្រង​ទាំងស្រុង ​ហើយ​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស។​

លោក​ សុន ឆៃ​ បាន​កោត​សរសើរ​លោក​ ជា ស៊ីម ​ថា ​ជា​មេ​ដឹកនាំ​មាន​លក្ខណៈ​ទទួល​ខុស​ត្រូវ​ មិនមាន​លក្ខណៈ​រើសអើង​គណបក្ស​នយោបាយ ​ហើយ​គាត់​ហាក់​ដូចជា​មាន​ការ​សម្រប​សម្រួល​ការងារ​សភា​បាន​ច្រើន។​

«ហើយ​ក្នុង​ពេល​ដែល​គាត់គ្រប់គ្រង​នោះ ​យើង​ឃើញ​ហើយសកម្ម​ភាព​ការងារ​របស់​សភា​បាន​ប្រព្រឹត្ត​ទៅ​មាន​សកម្មភាព​ច្រើន​ ហើយ​មាន​កិច្ច​សហការ​គ្នា​ល្អ។​ នេះ​ជាអ្វី​ដែល​ខ្ញុំ​នឹក​ចាំ​គាត់ ​ហើយ​ក្រោយ​មក​គាត់​ចេញ​ទៅ​ព្រឹទ្ធសភា​ មិនមាន​ទំនាក់​ទំនង​អី​ជាមួយ​គាត់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​ថា ​ប្រហែល​ជាដូច​រូប​ខ្ញុំ​ដែរ​ អ្នក​ដែល​ធ្លាប់​ធ្វើ​តំណាង​រាស្ត្រ​ក្នុង​រយៈកាល​ ដែល​គាត់​ធ្លាប់គ្រប់​គ្រង​រដ្ឋ​សភា​ គឺ​យើង​វា​ហាក់​ដូចជា​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ ​ហើយ​គាត់​មាន​ចិត្ត​ទូលំ​ទូលាយ​ក្នុង​ការងារ​ដែល​យើង​ជា​តំណាង​រាស្ត្រ​ត្រូវ​ធ្វើ ​ដូចជា​ការងារ​តាក់តែង​ច្បាប់​ក្តី​គឺ​ថា ​វា​ជា​និច្ចកាល​តែងតែ​មាន​ការ​បង្កើត​គណៈ​កម្មការ​ពិសេស​ដើម្បី​ពិនិត្យ​លើការ​កែ​ខ្លឹមសារ ឬ​ក៏​មាត្រា​ជា​សេចក្តី​ព្រាងច្បាប់​ដែល​រដ្ឋាភិបាល​ផ្ញើរ​មក​គឺ​មិន​ចង្អៀត​ចង្អល់»។

លោក​ ​ជា ស៊ីម ​ដែលជា​មេ​ដឹកនាំ​ម្នាក់​ដែល​ត្រូវ​បាន​លើក​បន្ទុប​ជាមួយ​នឹង​ឥស្សរជន​ខ្មែរ​ដទៃ​ទៀត ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​កាលពី​ឆ្នាំ១៩៧៩​ ពេល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា ​ដើម្បី​បណ្តេញ​ក្រុម​ខ្មែរក្រហម​ចេញ​ពី​អំណាច​នោះ ​បាន​ថម​ថយ​អំណាច​នា​ទសវត្ស​ចុង​ក្រោយ​នេះ។​ ការ​ចុះ​ថយ​អំណាច​របស់​លោក​ ជា ស៊ីម ​រាប់​ទាំង​ពី​ការ​ដែល​លោក​ត្រូវគេ​ឆ្គក​ចេញ​ពី​ប្រទេស​ ការ​ហ៊ុំព័ទ្ធ​ផ្ទះ​របស់​លោក ការ​ដក​អគ្គ​មេ​បញ្ជាការ​ទ័ព​ដែល​ស្មោះត្រង់​នឹង​លោក គឺ​លោក​ឧត្តម​សេនីយ៍ ​កែ គីមយ៉ាន ​ការ​ចាប់​ខ្លួន​មេ​បញ្ជាការ​អង្គ​រក្ស​ផ្ទាល់​របស់​លោក​ និង​ចាប់​ខ្លួន​ជំនួយ​ការ​ជាបន្ត​បន្ទាប់​ក្នុងរយៈ​ពេល​ជាង​១០ឆ្នាំ​នេះ​ គឺ​កើត​ឡើង​ចាប់​តាំងពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ត្រូវ​គេ​ដឹង​ថា ​ងាក​បែរ​គោល​នយោបាយ​របស់​លោក​ជា​សំខាន់​ទៅ​រក​មហា​អំណាច​អាស៊ី​ គឺ​ប្រទេស​ចិន​កុំម្មុយនីស​ ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​គាំទ្រ​ដ៏ធំ​សម្រាប់​កម្ពុជា៕