បន្ទាប់ពីការកើតមានអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សបីនាក់ស្លាប់មកនោះ ពលរដ្ឋមួយចំនួនកំពុងសញ្ជឹងគិតពីបែបផែននៃការជជែកជាសាធារណៈអំពីសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ហើយប្រហែលសំខាន់ជាងនេះទៅទៀតគឺ រឿងរ៉ាវកាលពីអតីតកាល។
គ្រឿងឧបការៈរំឭកវិញ្ញាណក្ខន្ធ ដែលមានជា បាច់ផ្កា និងបដា ត្រូវបានដាក់បន្តបន្ទាប់ តាមបណ្តោយដងផ្លូវមួយក្នុងក្រុង Charlottesville ទីដែល ស្ត្រីម្នាក់បានបាត់បង់ជីវិត ហើយមនុស្ស ១៩នាក់ទៀតបានរងរបួស ក្នុងអំឡុងពេលការដើរហែក្បួនបាតុកម្មមួយដោយក្រុមជនស្បែកស ដែលគិតថាខ្លួនអស្ចារ្យជាងគេ។
បាច់ផ្កា និងបដាទាំងនេះ ត្រូវបានដាក់ឡើង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធនាង Heather Heyer វ័យ ៣២ឆ្នាំ ដែលមានមុខរបរជាជំនួយការមេធាវី ដែលត្រូវបានរថយន្តបោះពួយយ៉ាងលឿនមួយបុកស្លាប់ អំឡុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។
បដារំឭកវិញ្ញាណក្ខន្ធដូចនេះ ត្រូវបានគេដាក់ នៅជិតរូបសំណាកមួយ ដែលបំផុសឲ្យមានក្បួនបាតកុម្មនោះ ដែលជារូបសំណាក ឧត្ដមសេនីយ៍ លោក Robert E. Lee។
លោកឧត្ដមសេនីយ៍ Lee បានដឹកនាំកងទាហាន Confederate (ដែលជាកងទាហាននៃអតីតរដ្ឋខាងត្បូង ដែលគាំទ្រការប្រើប្រាស់ទាសករ) នៅក្នុងជម្លោះក្នុងអំឡុងពេលពាក់កណ្តាលសតវត្សរ៍ឆ្នាំ ១៨០០ ដែលជម្លោះនេះ មួយភាគធំ ត្រូវបានបង្កឡើងដោយពលរដ្ឋអាមេរិកនៅបណ្តារដ្ឋខាងត្បូង ដែលទទូចរក្សាសិទ្ធកាន់កាប់ទាសករ។
ក្រុមជនស្បែកស ដែលគិតថាខ្លួនអស្ចារ្យជាងគេ ដែលបានមកក្រុង Charlottesville បានតវ៉ាប្រឆាំងនឹងការដកចេញរូបសំណាកលោកឧត្តមសេនីយ Lee។
ស្របពេលដែលពលរដ្ឋខ្លះយល់ថា ក្រុមជនស្បែកទាំងនោះមានហេតុផលរបស់ពួកគេ ពលរដ្ឋអាមេរិកាំងដទៃទៀតអះអាងថា រូបសំណាកដូចនេះតំណាងឲ្យសម័យកាលដ៏អាក្រក់មួយក្នុងប្រវត្តិសាស្ត្រអាមេរិក។
បុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖
«យើងត្រូវទម្លាក់អ្វីៗទាំងនេះចុះ ទាំងទង់ជាតិ និងរូបសំណាកជាដើម។ រាល់វត្ថុតាងរំឭកវិញ្ញាណក្ខន្ធណា ដែលជំរុញឲ្យមាន ការបំបែកបំបាក់ ឬការប្រឆាំងណាមួយ យើងត្រូវតែបំបាត់វា។ យើងត្រូវការអ្វីមួយ ដែលនាំឲ្យប្រជាពលរដ្ឋសហការគ្នា និងបង្ហាញសាមគ្គីភាពរវាងគ្នា»។
បុរសទីពីរ ដែលសុំមិនបញ្ចេញឈ្មោះ ក៏បាននិយាយថា៖
«នេះជារឿងសោកនាដកម្មមួយ។ វាជារឿង ដែលមិនគួរកើតឡើងនោះទេ។ ហើយគ្មាននរណាម្នាក់ត្រូវបាត់បង់ជីវិតដូចនេះឡើយ។ គេមិនគួរបំផ្លាញរូបសំណាកទាំងនោះទេ។ រូបសំណាកទាំងនោះគួរតែជាការវាស់វែងមួយ ដើម្បីបង្ហាញពីរឿងរ៉ាវ ដែលយើងធ្លាប់បានឆ្លងកាត់ ហើយសម្រាប់ឲ្យពួកយើងស្វែងរក និងសញ្ជឹងគិតពីអតីតកាល ដើម្បីឲ្យយើងនៅតែមើលឃើញភាពជាមនុស្សជាតិរបស់យើង»។
បុរសមួយរូបទៀតបានមករស់នៅក្រុង Charlottesville ពីប្រទេសតួកគី កាលពី ១០ឆ្នាំមុន និងជាម្ចាស់ភោជនីយដ្ឋានអាហារតួកគីមួយនៅក្នុងក្រុងនេះនាពេលបច្ចុប្បន្ន។ លោកនិយាយថា លោកមានជំនឿជាក់លើសេចក្តីអត់ធ្មត់។
លោកបាននិយាយថា៖
«ជាមនុស្សម្នាក់មកពីប្រទេសក្រៅ ខ្ញុំពិតជា មានអារម្មណ៍ថា មិនមានសុវត្ថិភាពសោះឡើយនាពេលឥឡូវនេះ ប៉ុន្តែខ្ញុំមិនចង់គិតថា ការណ៍នេះជារឿងពិតទេ។ ខ្ញុំពិតជាជឿជាក់ថា ពលរដ្ឋរស់នៅក្រុងនេះ ជាមនុស្សល្អ ហើយពួកគេមិនឲ្យក្រុមជនស្បែកសទាំងនោះទទួលបានជ័យជម្នះឡើយ»។
ក្រុមមនុស្សមួយចំនួនបានធ្វើញ្ញតិតាមប្រព័ន្ធអ៊ិនធឺណិត ដើម្បីស្នើឲ្យសាលាក្រុង Charlotteville ដាក់វត្ថុតាងរំឭកវិញ្ញាណក្ខន្ធដល់នាង Heather Heyer ជំនួសឲ្យរូបសំណាកលោកឧត្ដមសេនីយ៍ Lee៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា