ការ​ផ្លាស់ប្តូរ​ទម្លាប់​ពុករលួយ​នៅ​កម្ពុជា​ទាមទារ​ភាព​ក្លាហាន​របស់​ពលរដ្ឋ

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​នៅ​ក្នុង​កម្មវិធី ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

Your browser doesn’t support HTML5

ការ​រួម​ចំណែក​របស់​បញ្ញាវ័ន្ត​ក្នុង​ការ​គាស់​រំលើង​ឫស​គល់​នៃ​អំពើ​ពុករលួយ

ភ្នំពេញ៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ និយាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន​ជាងមុន​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​អំពើ​ពុករលួយ ប្រសិន​បើ​ពួក​គេ​មិន​ចង់​ក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុករលួយ​នេះ​តទៅ​ទៀត។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី ហេឡូវីអូអេ កាល​ពី​សប្តាហ៍​មុន​យ៉ាង​ដូច្នេះ​ថា៖

«ប្រសិន​បើ​គេ​ទារ​ យើង​ឲ្យ​សូកលុយ យើង​ត្រូវ​តែ​ប្តឹង យើង​ត្រូវ​តែ​រាយការណ៍​ ដើម្បី​តវ៉ា​កុំ​ឲ្យ​គេ​ប្រើ​ទម្លាប់​បែប​ហ្នឹង​ទៀត។ ពេល​ហ្នឹង យើង​មិន​មែន​គ្រាន់​តែ​រំដោះ​ខ្លួន​យើង​ពី​អំពើ​ពុករលួយ​ទេ យើង​ថែម​ទាំង​ជួយ​កែប្រែ​សង្គម​យើង និង​ជួយ​ការពារ​អ្នក​ក្រោយ​ទៀត​ កុំ​ឲ្យ​គាត់​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​ពុករលួយ។»

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​បង្អស់​មួយ​នៅ​លើ​ពិភពលោក។ ​របាយការណ៍​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ប្រាក់​ប្រមាណ​១.០០៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​អំពើ​ពុករលួយ។

ទោះ​ជាយ៉ាង​នេះក្តី គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​មាន​ការ​អនុគ្រោះ​ដល់​អំពើ​ពុករលួយ។ គេ​កម្រ​ឃើញ​ពួកគេ​មាន​ប្រតិកម្ម​ឬ​ហ៊ាន​ប្រឈម​ជាមួយ​អាជ្ញាធរ​ណាស់ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ប្រឈម​មុន​នឹង​អំពើ​ពុករលួយ​ដូចជា​ការ​បង់ថ្លៃ​សេវាកម្ម​លើស​តម្លៃ​កំណត់ ឬ​ការ​ទារ​ប្រាក់​រត់ការ​ក្រៅ​ផ្លូវការ​ជាដើម។

ជាញឹកញាប់ ប្រជាពលរដ្ឋ​ទាំង​នោះ លើក​ឡើង​ថា ពួកគេ​មិន​ចង់​មាន​រឿងរ៉ាវ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ទាំង​នោះ​ឡើយ ដោយ​ពួកគេ​បារម្ភ​ចំពោះ​ផលវិបាក​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។

លោក​ ព្រាប កុល​ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ត្រូវតែ​ចាប់​ផ្តើម​បង្ហាញ​ភាព​ក្លាហាន​ខ្លះ ដោយ​សារ​ពួកគេក៏មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​នេះ​ដែរ។

«ខ្ញុំ​ទទួល​ស្គាល់​ថា វា​មិនមែន​ងាយស្រួល​ទេ ប៉ុន្តែ​បើ​យើង​មាន​គោលការណ៍​ច្បាស់លាស់ យើង​នៅ​តែ​អាច​ជៀស​ផុត​ពី​ការ​សូកលុយ។»

ប៉ុន្តែ​អ្នក​ខ្លួះ​និយាយ​ថា ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ជា​កិច្ច​ការ​ពិបាក ដោយសារ​អំពើ​នេះ បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់ខ្មែរ​រួច​ទៅហើយ។

លោក ចន ដែល​ជា​អ្នក​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ម្នាក់​ ពី​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ថា៖ «ពេល​ខ្ញុំ​នៅ​ធ្វើការ​ស្រុក​ខ្មែរ ខ្ញុំ​ត្រូវ​តែ​យក​សំណូក​ ពីព្រោះ​ខ្ញុំ​ត្រូវ​សូក​មេៗ​ខាង​លើ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្ថិត​នៅ​ក្នុង​តំណែង​របស់​ខ្ញុំ​បាន។»

លោក ចន​ អះអាង​បន្ថែម​ថា ជួនកាល​ កូន​អ្នក​ធូរធារ​ខ្លះ ត្រូវ​សូក​ប្រាក់​ពី​១ម៉ឺន​ទៅ​២ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បាន​តំណែង​ធ្វើការជា​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏ដោយ លោក ព្រាប កុល មាន​ប្រសាសន៍​ថា ពលរដ្ឋ​ជាពិសេស​បញ្ញវន្ត​ដែល​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ហើយ គួរ​តែ​រស់​នៅ​ដោយ​ភាព​ថ្លៃថ្នូរ ដោយ​មិន​ត្រូវ​សូក​ឬ​ទទួល​សំណូក​ នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​ឲ្យ​តម្លៃ​ខ្លួន​យើង​ឲ្យ​ខ្ពស់​ជាង​លុយ​និង​សម្ភារៈ។»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ហ៊ាន​ទាមទារ​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ពុករលួយ​ដែល​រីករាល​ដាល​សុះសាយ​ពេញ​ប្រទេស​នេះ​ឲ្យ​បាន។ លោក​ថា​បើ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​ទេ ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​រដ្ឋាភិបាល​ដែល​មាន​សមត្ថភាព​ជាងនេះ។

«ពលរដ្ឋ​គឺ​ជា​អ្នក​ដាក់​ពិន្ទុ​ឲ្យ​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន និង​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន។»