ចិន​មិន​អើពើ​នឹង​ពាក្យ​បណ្តឹង​របស់​ហ្វីលីពីន​អំពី​សមុទ្រ​ចិន​ខាងត្បូង

  • Simone Orendain

នាវា​ចិន​ដេញ​តាម​នាវា​វៀតណាម​ដែល​មិន​បាន​បង្ហាញ​ក្នុង​រូបភាព​នេះ ក្រោយពី​នាវា​ចិន​បាន​ឈាន​ដល់​រយៈ​ចម្ងាយ​ជាង​១០គ.ម​នៃ​ចម្ងាយ​ក្នុង​សមុទ្រ​ពី​ការដ្ឋាន​បូម​ប្រេង​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៤។

ថ្ងៃច័ន្ទ​គឺជាថ្ងៃ​ឱសានវាទ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ជំទាស់​របស់ខ្លួន​ក្នុង​សំណុំរឿង​ប្តឹង​ផ្តល់​ដោយ​ប្រទេស​ហ្វីលីពីន​ទៅ​កាន់​តុលាការ​វិនិច្ឆ័យ​ក្តី​មួយ​ ដែល​ត្រូវ​សួរ​នាំ​ចំពោះ​ការ​ទាមទាររបស់​ចិន​យក​ដែន​សមុទ្រ​ចិន​ខាងត្បូង​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ។​ តែ​ចិន​មិន​បាន​ដាក់ពាក្យ​ទៅ​កាន់​តុលាការ​វិនិច្ឆ័យ​នោះ​ទេ​ ហើយ​ក៏មិន​ឆ្លើយតប​ដែរ​ នៅ​ខណៈ​ពេល​ដែល​ការ​ប្រទាញ​ប្រទង់​បន្ត​កើន​ឡើង​ប្រឆាំង​នឹង​ជំហរ​ចិន​នោះ។​

មួយ​ថ្ងៃ​មុន​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃ​ទី​១៥​ខែធ្នូ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ប្រទេស​វៀតណាម​ Le Hai Bin ​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ប្រាប់​តុលាការ​វិនិច្ឆ័យ​ក្តី​អន្តរជាតិ​មួយ​ (The Permanent ​Court ​of Arbitration​ ឬ PCA)​ ថា ​ វៀតណាម​បានច្រាន​ចោល​ពេញ​ទំហឹង​ចំពោះការ​ទាមទារ​របស់​ចិន​លើ​ប្រជុំ កោះ​ ហុងស្សា​ (Hoang Sa) ​ហៅ​កោះ​ប៉ារ៉ាស្ស៊ែល​ (Paracel)​ និង​ប្រជុំ​កោះ​ Truong Sa ​ឬ ស្ព្រាតលី ​( Spratly) ​និង​ដែនទឹក​ជាប់​គ្នា​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប្រទេស​ហ្វីលីពីន​បាន​ហៅ​ថា ​ជំហរ​ប្រទេស​ វៀតណាម​ជា​ការ​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ការ​អនុវត្ត​ច្បាប់​ និង​ការ​ ស្វែង​រក​ដំណោះ​ស្រាយ​ ដោយ​សន្តិវិធី​ និង​អហិង្សា​ចំពោះ​ការ​ទាមទារ​ដែន​ទឹកសមុទ្រ​ចិន​ខាង​ត្បូង។​

តែ​ក្រសួង​ការបរទេស​ចិន​បាន​ជំរុញ​ដល់​វៀតណាម​ឲ្យ​គោរព​បូរណភាព​ដែន​ អធិបតេយ្យ​របស់​ចិន​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​សិទ្ធិ​នាវា​ចរណ៍​ ហើយ​នឹង​ផល​ ប្រយោជន៍​ចិន​នានា។​ ក្រសួង​ការ​បរទេស​ចិន​បាន​បញ្ជាក់​ពី​ជំហរ​ចិន​ទៀត​ថា​ សាលាក្តី​វិនិច្ឆ័យ​នេះ​គ្មាន​យុត្តាធិការ​ចំពោះ​សំណុំ​រឿង​នេះ​ទេ។​

ក្នុង​ឯកសារ​មួយ​ដែល​ប្រទេសចិន​បាន​បញ្ចេញ​កាលពី​សប្តាហ៍​កន្លង​ទៅ​ ប្រទេស ​ចិន​បាន​តវ៉ា​ថា ​ប្រទេស​ហ្វីលីពីននាំ​វិវាទ​អំពី​ដែន​អធិបតេយ្យ​ដ៏មាន​សារៈ​សំខាន់​នេះ​ទៅ​កាន់​តុលាការ​ តែ​បញ្ហា​បូរណភាព​ដែន​អធិប​តេយ្យ​មិនមែន​ជាអ្វី​ដែល​ត្រូវ​ដោះស្រាយ​ដោយ​សន្និបាត​របស់​អ.ស.ប.ស្តីពី​ច្បាប់​សមុទ្រ​ទេ។​

លោក Charles Jose ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន​ និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​កត់​សម្គាល់​អំពី​គោល​ជំហរ​របស់​ចិន​ក្នុង​ឯកសារ​នោះ​ហើយ។​

«ជាការណ៍​ពិត ​ទទ្ស្ហីករណ៍​នានា​ដែល​លើក​ឡើង​ដោយ​ប្រទេស​ចិន​មិនមែន​ ជា​រឿង​ថ្មី​នោះ​ទេ។​ យើង​ដឹង​អំពី​រឿង​ទាំង​នោះ​ហើយ​ ហើយ​យើង​បាន​ឆ្លើយ​តប​ចំពោះ​ទឡ្ហីករណ៍​ទាំង​នោះ​ក្នុង​កំណត់​ហេតុ​ដែល​យើង​បានដាក់​ទៅ​តុលាការ​នោះ​ហើយ​ដែរ»។​

ចិន​និយាយ​ថា សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គឺ​ជា​របស់​ចិន​តាំងពី​២០០០​ឆ្នាំ​កន្លង​ទៅ ​ហើយ​ថា​ ចិន​ជា​អ្នក​រក​ឃើញ​មុន​គេ​និង​ដាក់​ឈ្មោះ​និង​ស្រាវជ្រាវ​ទីប្រជុំ​កោះ​ទាំង​នោះ ​ដែល​ទាមទារ​ដោយ​ប្រទេស​ប៊្រុយនេ ​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​ហ្វីលីពីន ​កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាម។​ ក្រុង​ប៉េកាំង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ខ្លួន​មាន​សិទ្ធិ​មិនចាំបាច់​ចូលរួម​ការ​កាត់​សេចក្តីរបស់​តុលាការ​អាជ្ញា​កណ្តាល​ ស្តីពី​បញ្ហា​ទាក់ទង​នឹង​ព្រំដែន​សមុទ្រ​នេះ។

ឯកសារ​ចិន​ក៏​បាន​សង្កត់ធ្ងន់​លើ​ឧទាហរណ៍​ជា​ច្រើន​ទាក់ទង​នឹង​រយៈ​ពេល​ជា​ ច្រើន​ឆ្នាំ​ ដែល​ចិន​និង​ហ្វីលីពីន​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ដោះស្រាយ​ការ​ទាម​ទារ​ដ៏ ចម្រូង​ចម្រាស​របស់​ខ្លួន​តាម​រយៈ​ការ​ចរចា​ទ្វេភាគី។​ ហើយ​ចិន​និយាយ​ថា ​ ហ្វីលីពីន​បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​ច្បាប់​អន្តរជាតិ ​ដោយសារ​តែការ ដែល​ហ្វីលីពីន​បាន​ប្តឹង​ជំទាស់​ទៅកាន់​តុលាការ​វិនិច្ឆ័យក្តី​អន្តរជាតិ​ក្នុង​ប្រទេស​ហូឡង់​នោះ។​

ប្រទេស​ហ្វីលីពីន​បានដាក់​ពាក្យ​ប្តឹង​របស់​ខ្លួនដែលមាន​ឯកសារ​ដោយ​សង្ខេប​ចំនួន​៤ពាន់​សន្លឹក​អំពី​វត្ថុតាង​គាំទ្រ​សំណុំ​រឿង​របស់​ខ្លួន ​ដែល​ចោទ​សួរ​អំពី​មូលដ្ឋាន​ច្បាប់​ចំពោះការ​ទាមទារ​ដែន​អធិបតេយ្យតាម​ផែនទី​របស់​ប្រទេស​ចិន ​ដែល​មាន​ខ្សែ​បន្ទាត់​៩​ ហើយ​មាន​រាង​ដូចជា​អណ្តាត ​ដោយ​គ្រប​ដណ្តប់​លើផ្ទៃ​សមុទ្រ​ប្រមាណ​៨០​ភាគរយ។​ កំណត់​ហេតុ​ហ្វីលីពីន​បាន​ស្នើសុំ​ផង​ដែរ​ដល់​តុលាការ​ឲ្យ​ធានា​ថា ​អ្វី​ដែល​ហ្វីលីពីន​កំពុង​ទាមទារ​ជាផ្នែក​មួយ​នៃ​ខ្ពង់រាប​បាតុ​សមុទ្រ​របស់​ខ្លួន ​ហើយ​ថា ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​៣៧០​គីឡូ​ម៉ែត្ររបស់​ខ្លួន។​

លោក​ Carl Thayer​ អ្នកវិភាគ​សន្តិសុខ​អាស៊ី​នៃ​បណ្ឌិត​សភា​កងទ័ព​អូស្ត្រាលី​ បាន​ថ្លែង​ថា​ ខណៈ​ដែល​ចិន​កំពុង​គេច​វេស​ពី​តុលាការ​នោះ​ ​ចិន​បាន​អំពាវនាវ​ទៅ​តុលាការ​ ដោយ​បញ្ចេញ​ឯកសារ​គោល​ជំហរ​របស់​ខ្លួន។​

«យ៉ាងហោច​ណាស់ជំហរ​ចិន​មួយ​ផ្នែក​នឹង​ត្រូវ​ស្វាគមន៍​ដោយ​ចៅក្រម​ខ្លះ​ ព្រោះ​យ៉ាងហោច​ណាស់​ពួក​គេ​មានព័ត៌មាន​ ពួក​គេ​ឥឡូវ​ដឹង​បន្តិចបន្តួច​ថែម​ទៀត​ អំពី​អ្វី​ដែល​ចិន​ទាមទារ»។​

លោក ​Carl Thayer ​បាន​ថ្លែង​ថា ​ក្រុម​ចៅក្រម​នឹង​ពិនិត្យ​មើល​អំពី​ការ​សិក្សា​ ស្រាវជ្រាវ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា. ដែល​បាន​បញ្ចេញ​ពីរបី​ថ្ងៃ​មុន​ឯកសារ​គោល​ជំហរ​ចិន។​ ខណៈ​ដែល​ស.រ.អា.នៅ​បន្ត​រក្សា​អព្យាក្រិត្យ​ភាព​របស់​ខ្លួន​ចំពោះ​បញ្ហា​ជម្លោះ​នេះ​ ការស្រាវ​ជ្រាវ​នេះ​បាន​ព្យាយាម​ដៅ​ចំណាំ​អ្វីទៅ​ដែល​គេ​ហៅ​ថា ​ជា​មូលដ្ឋាន​មិន​ច្បាស់​លាស់​នៃ​ផែន​ទីរបស់​ចិន​ដែល​មាន​ខ្សែ​បន្ទាត់​៩​នោះ។​ ដោយ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​បកស្រាយ​ ដែល​ទំនង​ជា​មាន​បី​ចំណុច​អំពីការ​ទាមទារ​របស់​ចិននោះ​ ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​របស់​ស.រ.អា.បាន​សន្និដ្ឋាន​បញ្ចប់​ថា ​ឯកសារ​គោល​ជំហរ​របស់​ចិន​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ទេ៕​

ប្រែសម្រួល​ដោយ​ សុខ ខេមរា