មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ គ្រោងដាក់របាយការណ៍គណនីធនាគារទៅតាមការតម្រូវរបស់ក្រសួងមហាផ្ទៃ នៅមុនរយៈពេល ៣០ ថ្ងៃ នៃការកំណត់របស់ក្រសួង។
ការគ្រោងដាក់របាយការណ៍គណនីធនាគាររបស់អង្គការសង់ត្រាល់ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៨ ខែមិថុនា បានចេញលិខិតមួយច្បាប់ជូនប្រធានអង្គការនេះ អំពីពាក្យបណ្តឹងរបស់បណ្តាសហជីពគាំទ្ររដ្ឋាភិបាលដែលរិះគន់របាយការណ៍របស់អង្គការសង់ត្រាល់ដែលរកឃើញពីការរឹតត្បិត និងគំរាមកំហែងសហជីពក្នុងរោងចក្រមួយចំនួន ថាមានលក្ខណៈលម្អៀង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទាំងមូល។
ក្នុងលិខិតនោះ ក្រសួងមហាផ្ទៃក៏បានរំឭកឱ្យអង្គការសង់ត្រាល់អនុវត្តតាមលក្ខន្តិកៈរបស់អង្គការដែលតម្កល់នៅក្រសួងមហាផ្ទៃឱ្យបានត្រឹមត្រូវ និងព្រមានចាត់វិធានការផ្លូវច្បាប់លើអង្គការនេះ ប្រសិនបើមិនផ្តល់ព័ត៌មានរាល់គណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជារៀងរាល់ឆ្នាំ សង់ត្រាល់បានដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ រួមទាំងក្រសួងហិរញ្ញវត្ថុ ក្រោមស្ថាប័នសវនករ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។ លោកបន្ថែមថា ថ្នាក់ដឹកនាំរបស់សង់ត្រាល់នឹងផ្តល់ជូនព័ត៌មានបន្ថែមដែលបានស្នើទ្បើងដោយក្រសួងមហាផ្ទៃមុនការផុតកំណត់។
លោកបន្ថែមថា៖ «យើងរីករាយនឹងសហការក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ ដៃគូសង្គមនានា មិនថាពាក់ព័ន្ធទៅនឹងរបាយការណ៍ដែលចេញផ្សាយដោយសង់ត្រាល់ ស៊ីខៅឌូ និងកាទូ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នោះទេ យើងនឹងសហការក្នុងការផ្តល់នូវព័ត៌មានទាំងឡាយណា ដែលជាសេចក្តីត្រូវការទៅនឹងការអនុលោមទៅតាមការអនុវត្តនូវលក្ខន្តិកៈរបស់អង្គការសង់ត្រាល់ ស្របតាមលក្ខន្តិកៈរបស់យើងដែលបានតម្កល់នៅក្រសួងមហាផ្ទៃ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វីអូអេថា អង្គការសង់ត្រាល់មិនបានដាក់ព័ត៌មានអំពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃឱ្យស្របតាមមាត្រា ១០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកថា ក្នុងករណីមិនជូនដំណឹងក្នុងរយៈពេល ៣០ ថ្ងៃដែលកំណត់ដោយក្រសួង នោះក្រសួងនឹងអនុវត្តមាត្រា ៣០ នៃច្បាប់ដដែល ដែលចែងអំពីការជូនដំណឹងឱ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នរយៈពេល ៩០ ថ្ងៃ។
ឆ្លើយតបនឹងសំណួររបស់វីអូអេដែលបានសួរថា តើនឹងមានការសម្រេចបែបណានៅពេលទទួលបានរបាយការណ៍អំពីព័ត៌មានធនាគារពីអង្គការសង់ត្រាល់ លោក ទូច សុឃៈ ប្រាប់ថា ក្រសួងនឹងត្រួតពិនិត្យទៅតាមសភាពជាក់ស្តែង។
កាលពីថ្ងៃទី ៤ ខែមិថុនា អង្គការសង់ត្រាល់បានចេញរបាយការណ៍មួយបង្ហាញថា ក្នុងចំណោមសហជីពនៅរោងចក្រចំនួន១៤ មានសហជីពចំនួន១០រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ ក្នុងរបាយការណ៍នោះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
ក្រោយការចេញរបាយការណ៍នោះ ក្រុមសហជីពមាននិន្នាការគាំទ្ររដ្ឋាភិបាលដូចជាសហភាពសិទ្ធិកម្មករកម្ពុជា និងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាជាដើម បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខការិយាល័យអង្គការសង់ត្រាល់ ប្រឆាំងនឹងរបាយការណ៍ដែលអង្គការនេះបានលើកឡើងពីស្ថានភាពកម្មករ និងសហជីពក្នុងវិស័យកាត់ដេរ។ ពួកគេក៏បានដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើឱ្យពិនិត្យមើលសកម្មភាព និងប្រភពថវិការរបស់អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិរបស់កម្មករមួយនេះ។
អង្គការសង់ត្រាល់បានការពាររបាយការណ៍នោះថា ធ្វើឡើងតាមរយៈការអង្កេត ការសម្ភាសកម្មករ និងថ្នាក់ដឹកនាំសហជីពមូលដ្ឋានរបស់សហព័ន្ធដៃគូ ដូចជា CATU និង C.CAWDU ក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងក្នុងរោងចក្រដែលពួកគេបានសម្ភាសន៍ និងអង្កេត មិនមែនតំណាងឱ្យរោងចក្រទាំងអស់នៅទូទាំងប្រទេសឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់ VOA ថា ប្រសិនបើមានចំណាត់ការណាមួយលើអង្គការសង់ត្រាល់ដោយសារតែការចេញរបាយការណ៍ និងសកម្មភាពការងាររបស់ពួកគេ នោះនឹងបង្ហាញអំពីការគំរាមកំហែង និងការបំភិតបំភ័យលើអង្គការ សមាគមក្នុងការធ្វើការងាររបស់ពួកគេ។ លោកថា ក្នុងករណីដែលមានការមិនយល់ស្របចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ នោះគួរតែមានសិក្សា និងស្រាវជ្រាវដើម្បីធៀបជាមួយរបាយការណ៍របស់អង្គការមួយនេះ។
លោកបញ្ជាក់ថា៖ «ចំពោះរបាយការណ៍ដែលសង់ត្រាល់ចេញ ដូចខ្ញុំលើកឡើងអ៊ីចឹងថាវាគួរតែមានការសិក្សាស្រាវជ្រាវណាមួយឡើងវិញដើម្បីបញ្ជាក់ថា របាយកាណ៍សង់ត្រាល់វាមិនមែនការពិត ឬវាមិនគ្រប់ជ្រុងជ្រោយ។ អាហ្នឹងបានយើងអាចគិតថា តើរបាយការណ៍មួយណាដែលត្រឹមត្រូវ»។
ក្រៅពីការតវ៉ារបស់សហជីពគាំទ្ររដ្ឋាភិបាល និងការដាក់កំហិតរបស់ក្រសួងមហាផ្ទៃ លោក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ត្រូវបានតំណាងសហជីពមួយក្នុងចំណោមសហជីពផ្សេងទៀតដែលប្រឆាំងនឹងរបាយការណ៍នោះ ប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកជាមួយវិទ្យុអាស៊ីសេរី កាលពីកន្លងទៅ អំពីការតវ៉ារបស់សហជីពមួយចំនួនលើរបាយការណ៍របស់អង្គការសង់ត្រាល់៕