មេបញ្ជាការដែលត្រួតត្រាប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ាបានឲ្យដឹងថាសេចក្តីរាយការណ៍ដែលថាប្រទេសអ៊ីរ៉ង់ចង់ទិញប្រព័ន្ធផ្កាយរណបជឿនលឿនរបស់រុស្ស៊ីនោះមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភដល់សន្តិសុខសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA លោកឧត្តមសេនីយ៍ Frank McKenzie អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបាននិយាយថា ប្រព័ន្ធផ្កាយរណប Kanopus-V របស់រុស្ស៊ីមិនមានប្រសិទ្ធភាពកំណត់គោលដៅឡើយ។
លោកបាននិយាយថា៖ «អ្នកមិនអាចប្រើវាបានច្រើនទេ។វាប្រហែលជាអាចអនុញ្ញាតឲ្យពួកគេមើលឃើញវត្ថុដែលមានទំហំប៉ុនរថយន្តក្រុងដែលមិនមែនជារឿងយើងគួរបារម្ភឡើយ»។
កាលពីដើមខែនេះមន្រ្តីសហរដ្ឋអាមេរិកនិងមន្រ្តីមជ្ឈិមបូព៌ាបានប្រាប់កាសែត The Washington Post ថាមន្រ្តីយោធាអ៊ីរ៉ង់បានចូលរួមយ៉ាងសកម្មនៅក្នុងការទិញផ្កាយរណបនេះនិងបានធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៨ដើម្បីធ្វើកិច្ចព្រមព្រៀងទិញប្រព័ន្ធនេះ។ខណៈពេលដែលប្រព័ន្ធKanopus-Vត្រូវបានដាក់លក់សម្រាប់ការប្រើប្រាស់ជាស៊ីវិលនោះ មន្ត្រី យោធាអ៊ីរ៉ង់ជាប់ទាក់ទងក្នុងការទិញប្រព័ន្ធនេះហើយមេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានទៅប្រទេសរុស្ស៊ីជាច្រើនលើកតាំងពីឆ្នាំ២០១៨មក។
លោក McKenzie បាននិយាយថារូបភាពពីក្រុមហ៊ុនឯកជនមួយចំនួនច្បាស់ជាងរូបភាពពីផ្កាយរណបនេះទៅទៀត៕