មេដឹកនាំប្រទេស អ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និង បារាំង បានចេញពីកិច្ចចរចា ដែលមានរយៈពេលយូរនៅក្នុងប្រទេសបេឡារុស នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានកិច្ចព្រមព្រៀងអំពីបទឈប់បាញ់គ្នាមួយ ដែលមានគោលបំណងបញ្ចប់ការវាយប្រយុទ្ធគ្នាជាច្រើនខែ ដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់ នៅភាគខាងកើតអ៊ុយក្រែន។
បទឈប់បាញ់គ្នា ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែកុម្ភៈ បានត្រូវគេប្រកាសឡើងនៅក្រោយកិច្ចចរចាគ្នាយ៉ាងស្វិតស្វាញពេញមួយយប់ អស់រយៈពេល ១៦ ម៉ោង នៅក្នុងរដ្ឋធានី Minsk នៃប្រទេសបេឡារុស។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែងថា ភាគីទាំងអស់«បានយល់ព្រមគ្នាលើបញ្ហាសំខាន់» រួមទាំងការដកគ្រឿងអាវុធធុនធ្ងន់ចេញពីតំបន់មានជម្លោះ។
សេចក្តីរាយការណ៍និយាយថា ក្រុមឧទ្ទាមដែលគាំទ្រប្រទេសរុស្ស៊ីក៏បានទទួលយកកិច្ចព្រមព្រៀងនេះដែរ។ តែនៅក្នុងសន្និសីទសារព័ត៌មានដាច់ពីគ្នា ភាគីទាំងអស់បានបញ្ជាក់ថា នៅមានការមិនយល់ស្របគ្នាលើបញ្ហាជាច្រើនទៀត៕