ទិន្នន័យមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បង្ហាញថា យុវវ័យជនជាតិភាគតិចអាមេរិកាំងអាយុក្រោម ២១ឆ្នាំ មានអត្រាឆ្លងជំងឺកូវីដ១៩ ច្រើនជាងពលរដ្ឋអាមេរិកស្បែកសដែលស្ថិតក្នុងក្រុមអាយុដូចគ្នា។
ចន្លោះថ្ងៃទី២១ ខែកុម្ភៈ និង ៣១ខែកក្កដា មនុស្ស ១២១ នាក់ដែលមានអាយុក្រោម ២១ ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩ បើយោងតាមទិន្នន័យចងក្រងពីរដ្ឋចំនួន២៧។ យុវជនជាង ៧៥% ក្នុងចំណោមនោះ មានដើមកំណើត Hispanic ដើមកំណើតអាហ្វ្រិកអាមេរិក ជនជាតិដើមអាមេរិក (American Indian) និងដើមកំណើតអាឡាស្កា ទោះបីជាពួកគេសរុបតំណាងឲ្យត្រឹម ៤១% នៃចំនួនប្រជាជនអាមេរិកសរុបក៏ដោយ។
របាយការណ៍របស់មជ្ឈមណ្ឌល CDC ក៏បានរកឃើញថា ៧៥% នៃចំនួនអ្នកស្លាប់ សុទ្ធតែមានជំងឺប្រចាំកាយស្រាប់ ដូចជា ជំងឺហឺត ធាត់ជ្រុល ជំងឺទាក់ទងនឹងសរសៃប្រសាទ ឬ បញ្ហាបេះដូងជាដើម។ អ្នកស្រាវជ្រាវក៏បានចង្អុលបង្ហាញថាលក្ខខណ្ឌសង្គមជាក់ស្ដែងមួយចំនួនរួមមានការរស់នៅច្រើនគ្នា កង្វះស្បៀងអាហារ និងកន្លែងស្នាក់នៅ គម្លាតទ្រព្យសម្បត្តិ និងការអប់រំ អាចជាកត្ដាដែលជះឥទ្ធិពលលើអត្រានៃការស្លាប់ខ្ពស់ ក្នុងចំណោមកុមារជនជាតិភាគតិចទាំងនេះ។
មជ្ឈមណ្ឌល CDC កាលពីថ្ងៃពុធ បានបញ្ចេញផែនការលម្អិត ដើម្បីចាប់ផ្ដើមចែកចាយវ៉ាក់សាំងកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការអនុម័តជាផ្លូវការ។
ក្រោមផែនការនេះ ថ្នាំនឹងត្រូវបានគេចែកចាយសម្រាប់ករណីប្រើប្រាស់បន្ទាន់ និងទំនងឲ្យអាទិភាពផ្តល់វ៉ាក់សាំងនេះ ទៅបុគ្គលិកអ្នកបម្រើសេវាជួរមុខ ដូចជាបុគ្គលិកសុខាភិបាលជាដើម មុននឹងចែកចាយទូទៅដោយឥតគិតថ្លៃដល់ពលរដ្ឋអាមេរិកាំងទាំងអស់៕