ទីភ្នាក់ងារ​ CDC​ ថា​វីរុស​ដែលតា​មាន​ជាង​៩៣%​នៃ​ជំងឺ​កូវីដ​១៩​ថ្មី​នៅ​អាមេរិក​

រូប​ឯកសារ៖ ពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​​ការ​​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​វីរុស​បំប្លែង​ថ្មី​ដែលតា​បាន​នាំ​ឱ្យ​​ករណី​ឆ្លង​កើន​ឡើង។

ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃពុធថា​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា (Delta) មាន​ជាង​៩៣​ភាគរយ​នៃ​ករណី​ឆ្លង​ថ្មីនៃ​ជំងឺកូវីដ​១៩​ទាំងអស់​នៅ​ក្នុង​ប្រទេស។​

តួលេខ​ដែលត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កក្កដា​នេះ​បង្ហាញ​ថា ​វីរុស​ប្រភេទ​ដែលតា​រួមទាំង​សណ្តានរបស់​វា​សុទ្ធ​តែ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​វីរុស​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​មាន​ជាង​៩៣​ភាគរយ​នៃ​ករណី​ឆ្លង​ថ្មី​ទាំងអស់នៅ​អាមេរិកក្នុង​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​កក្កដា។​

វីរុស​ដែលតា​នេះ​មាន​ភាគ​រយ​កាន់តែ​ខ្ពស់​នៅ​ក្នុង​តំបន់​ខ្លះ។​នៅ​ប៉ែក​ខាង​លិច​ភាគ​កណ្តាល​ដូចជា​រដ្ឋ​Iowa, Kansas, Missouri ​និង​ Nebraska​មាន​ករណី​ឆ្លង​វីរុស​ដែលតា​ជាង​៩៨​ភាគរយ។​នៅ​ក្នុង​តំបន់​ដែល​រួមមាន​រដ្ឋ​ Dakota​ ខាង​ជើង​និង​ខាង​ត្បូង​ រដ្ឋ Colorado, Montana, Utah និងWyoming​ករណី​ឆ្លង​វីរុស​ដែលតា​មាន​ជាង​៩៥​ភាគរយ។​

តួលេខ​នេះ​បង្ហាញ​ពី​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​អត្រា​វីរុស​នេះ​ចាប់​តាំង​ពីចុង​ខែ​ឧសភា​នៅ​ពេល​ការឆ្លង​វីរុស​នេះ​មាន​ប្រហែល​៣​ភាគរយ។​

ទីភ្នាក់ងារ CDC អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ឆ្លង​ថ្មី​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ក្នុង​សប្តាហ៍​កន្លង​មក​នេះ​បាន​ឡើង​ពី​៤០.៥៩៧​ករណី​កាលពី​សប្តាហ៍​មុន​ដល់​៦៦.៦០៦​ករណី​ក្នុង​មួយ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​គឺ​ឡើង​ជាង​៦៤​ភាគរយ។​

តួលេខ​នេះ​ទាបជាង​កម្រិត​ឆ្លង​ខ្ពស់​បំផុតក្នុង​ខែ​មករាពេល​ដែល​សហរដ្ឋ​អាមេរិក​មាន​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជិត​៣០០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ។​កំណើន​ឆ្លង​ថ្មី​ចុងក្រោយ​គឺ​ខ្ពស់ជាង​តួលេខគួរ​ឱ្យ​កត់​សម្គាល់​កាលពី​ខែ​ឧសភា​នៅ​ពេល​ការ​ឆ្លង​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​ដល់​ជាង​៨.០០០​ករណី៕