របាយ​ការណ៍​ស្ទង់​មតិ​មួយ​បង្ហាញ​ថា ​សេរីភាព​សារព័ត៌មាន​​​នៅ​កម្ពុជា​បាន​អន្តរាយ 

លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថ្លែង​ទៅ​កាន់​​​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់​ វិច្ឆិកា/VOA)

កាល​ពី​ថ្ងៃ​ពុធ​ ​មជ្ឈមណ្ឌល​​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)​ ​បាន​បង្ហាញ​របាយ​ការណ៍​មួយ​ស្តីពី​ការ​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ឆ្នាំ​២០១៧​ ​ដោយ​រក​ឃើញ​ថា​ ​សេរីភាព​សារ​ព័ត៌មាន​​​នៅ​កម្ពុជា​ត្រូវ​បាន​ដួល​រលំ​ ​បន្ទាប់​ពី​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​​ ត្រូវ​បាន​បង្ខំ​ចិត្ត​​បិទទ្វារ​ ​និង​ឈប់​ផ្សាយ។​ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ច្រាន​ចោល​ការ​រក​ឃើញ​នេះ​ថា ​មិន​បាន​បង្ហាញ​ពី​ការ​ពិត។

សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​កម្ពុជា​បាន«ដួលរលំ»ចាប់​តាំង​ពីឆ្នាំ​២០១៧​ ​បន្ទាប់​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ ​ដែល​ផ្សាយ​ចំណុច​អវិជ្ជមាន​និង​រិះគន់​រដ្ឋាភិបាល​ ​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទទ្វារ​និង​ឈប់​ផ្សាយ​ ហើយ​ការ​គំរាមកំហែងនិង​ការ​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារនៅ​តែ​បន្ត​កើត​មាន។​ ​នេះ​បើ​តាម​របាយ​ការណ៍​មួយ​ចេញ​ដោយ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)។​

នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ បាន​ឲ្យដឹង​ថា​ របាយ​ការណ៍​របស់​ខ្លួន​បាន​មក​ពី​ការធ្វើ​ការ​ស្ទង់​មតិ​របស់​អ្នក​ធ្វើ​ការ​លើ​វិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជាចំនួន៧៥​នាក់​ ​ចាប់​ពី​ចុង​ឆ្នាំ​២០១៧​ ក្រោយ​ពី​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរលើ​អ្នកសារ​ព័ត៌​មាន​នៅ​កម្ពុជា។​ ​៨៣​ភាគរយ​នៃ​អ្នក​សារ​ព័ត៌មាន​ទាំង​៧៥​នាក់​ដែល​ត្រូវ​បាន​ស្ទង់មតិ​នោះ​ បានលើក​ឡើង​ថា​ ​សេរីភាព​សារ​ព័ត៌មានបានធ្លាក់ចុះ​ ​ចំណែក១១​ភាគ​រយ​ទៀត​និយាយ​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើរ​តាម​ផ្លូវ​ត្រូវ។​

របាយ​ការណ៍​នោះ​បាន​រក​ឃើញថា​ ​អ្នក​សារ​ព័ត៌មាន​៦៧​ភាគ​រយ​មាន​អារម្មណ៍​ថា​ ​ពួកគេ​មិន​មានសេរីភាព​ពេញ​លេញ​ក្នុង​ការ​រាយ​ការណ៍​ដោយ​សេរីទេ​ ​ហើយថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​កំពុងប្រឈម​នឹង​ការ​គំរាម​កំហែង​ ​ការ​ចាប់​ដាក់​ពន្ធនាគារ​ ​ការ​បង្រ្កាប​ ​និង​វិបត្តិ​ផ្លូវ​ចិត្ត​ជា​ដើម។​

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ​និង​ជាភាសាខ្មែរ​ចំនួន​២៧​ទំព័រ​នោះ​បន្ថែម​ថា ​សារ​ព័ត៌មាន​ធំៗ​ចម្រុះ​ចំនួន​៣៣​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បានរៀបរាប់​ក្នុង​របាយ​ការណ៍​នោះ ​មាន​តែ​ស្ថាប័ន​ចំនួន​៨​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ប៉ុន្តែ​ស្ថាប័ន​ចំនួន​៤​នៃ​ស្ថាប័នឯករាជ្យ​ទាំង​៨​នោះត្រូវ​បាន​បិទ​មិន​ឲ្យ​ផ្សព្វផ្សាយ​ ​មាន​ដូចជា​ ​កាសែត ​ឌឹ ឃែមបូឌា ដេលី ​សំឡេង​សហរដ្ឋ​អាមេរិក​ ​(VOA)​ ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ (VOD) ​និង​វិទ្យុ​អាស៊ីសេរី ​(RFA)។​

លោក​ ណុប វី​ ​នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​ ​CCIM​ ​លើក​ឡើង​ថា ​របាយការណ៍​ស្តីពី​ការ​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧​នេះ​ ​ធ្វើ​ឡើង​ដោយ​អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ និង​ធ្វើ​ទៅ​តាមវិទ្យាសាស្រ្តពិតៗ។​ លោក​បន្ថែម​ថា ​សេរីភាព​សារ​ព័ត៌មាន​នៅ​ម្ពុជា​កំពុង​ស្ថិត​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ ដោយ​សារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយដែល​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល ​មិន​អាច​ប្រកប​ការងារ​របស់​ខ្លួន​ដោយ​សេរី​ទេ។​

លោក​បញ្ជាក់​ថា៖​

«ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ភាព​ហ្នឹង​គឺ​មាន​ទាំង​គ្រប់​និន្នាការ​ឯករាជ្យ ​មិន​ឯករាជ្យ​ ​ បក្ស​ប្រឆាំង​ បក្ស​ស្រប​អី​អីចឹង​ទៅគឺ​ធ្វើ​ម៉េច​ធានា​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់​ហ្នឹង​អាច​ប្រកប​តួនាទី​ដោយ​សេរី។​ ​អាហ្នឹងបាន​ជា​ចំណុច​មួយ​ដែល​យើង​ចង់​បាន។ ​ប៉ុន្តែ​ដល់​យើង​មើលមែន​ទែន​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បិទ​ យើង​ឃើញ​ហើយ​គឺ​មាន​វិទ្យុ ​និង​សារ​ព័ត៌មាន។ ​ហើយក្នុង​ការ​សិក្សា​នេះ​ ឌឹ ឃែមបូឌា ដេលី​ស្ថិត​នៅ​ចំណុច​លើ​គេ​ ដែល​អ្នក​សារ​ព័ត៌មាន​ឆ្លើយ​ហ្នឹង​គឺថា​ គឺ​មាន​ឯករាជ្យ​ភាព​ ​ប៉ុន្តែ​មែនទែន​ដល់​បិទ​ ​បិទ​ឌឹ ឃែមបូឌា ដេលី»។​

ដោយ​លើក​យក​ករណី​ទូរទស្សន៍​ក្នុង​ស្រុក​មក​ប្រៀបធៀប​ ​លោក​ណុប វី​ បន្ថែម​ថា៖

«ប៉ុន្តែ​បើ​យើង​មើល​ទៅ​ ​TV​ ​វិញ​ ​តើ​TV​មាន​បិទ​អត់?​ ​ខណៈ​ពេល​ដែល​គម្រោង​ ​Ownership ​Monitoring​ ​ហ្នឹង​ ​គឺ​គេ​សិក្សា​ឃើញ​ថា​ ទូរទស្សន៍​៨៥​ភាគរយ​ហ្នឹង​គឺ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋា​ភិបាល​ ​ប៉ុន្តែ​ទូរទស្សន៍​ទាំងអស់​ហ្នឹង​មាន​មួយ​ណាបិទ?​ ​អត់​មាន​ទេ។​ ​អីចឹងអា​ទាំង​អស់​ហ្នឹង​ វា​ឆ្លុះ​បញ្ចាំង​អំពី​រឿង​សេរី​ភាព​ ​ក៏​ដូចជា​ឯករាជ្យ​ភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅ​ស្រុក​យើង​ហ្នឹង​ ថា​មាន​ចំណុច​គួរ​ឲ្យ​ព្រួយ​បារម្ភ​មែន​ទែន»។​

របាយ​ការណ៍​ដដែល​នោះ​បន្ថែម​ថា​ ​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន​៣២​ ​ដែល​ផ្សាយ​ព័ត៌មាន​គណបក្ស​ប្រឆាំង​ ព័ត៌មាន​ដែល​ផ្តល់​មូលនិធិ​ដោយ​សហ​រដ្ឋ​អាមេរិក​ ​ឬ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យ​ ​និង​ការ​ដែលរដ្ឋាភិបាល​ប្រើ​ប្រាស់​ការស៊ើប​អង្កេត​លើ​ការ​បង់​ពន្ធ​ និង​បាន​បិទ​សារ​ព័ត៌មាន​ទាំង​នោះ​ ​រួម​ទាំង​គំរាម​កំហែង​ និង​ចាប់​អ្នក​កាសែត​ពី​បទ​ញុះ​ញង់​ និងផ្តល់ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​បង្ក​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិជា​ដើម​នោះ​ គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យការ​វាយ​តម្លៃសេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ​បែប​នេះ។

របាយ​ការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សា​យ​ក្នុង​កិច្ច​ប្រជុំ​មួយ​ ​ដែលរៀបចំ​ដោយ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​ដែល​មាន​កា​រគាំទ្រ​ពី​សហគមន៍​អឺរ៉ុប​ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​ប្រធាន​សហ​ភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​តំណាង​មកពី​សម្ព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​អាគ្នេយ៍ ​រួមទាំង​អ្នក​ធ្វើការ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​រូប​ទៀត។​ ​ទោះ​ជា​យ៉ាង​ណា​ ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ​គេ​មិន​ឃើញ​មាន​វត្តមាន​របស់​តំណាង​មកពី​ក្រសួង​ព័ត៌មាន​កម្ពុជា​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ ​បាន​បដិសេធ​របាយ​ការណ៍​ដែលចេញ​ដោយ​ ​CCIM​ ដោយ​លោក​និយាយ​ថា​ ​វា​ជាការ​រក​ឃើញដែល​មិន​បាន​បង្ហាញ​ពី​ការណ៍​ពិត។​ ​លោក​បន្ត​ថា​ ​CCIM​ ​ដែលមាន​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ ​(VOD)​ ​ដែល​កំពុង​បន្ត​ការ​រាយ​ការណ៍​ព័ត៌មាន​ ត្រូវ​យោង​លើ​ផ្លូវ​ច្បាប់​ដើម្បីចេញ​ជា​របាយ​ការណ៍​ណាមួយ។​

លោក​បញ្ជាក់​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទថា​ ​ក្រសួង​ព័ត៌មាន​នឹង​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​នោះ​ក្នុង​ពេល​ឆាប់ៗ។

«របាយ​ការណ៍​នេះ​យើង​ទើប​តែ​ដឹង​ថ្ងៃ​នេះ​ដែរ​ ​ហើយ​យើង​នឹង​សិក្សា​មើល​ ថា​តើក្រសួងព័ត៌មាន​នឹង​ឆ្លើយ​តប​របៀប​ណា​នោះ។​ មិន​យូរ​ទេ! ក្នុង​សប្តាហ៍​ហ្នឹង!»​

លោក​ ​George Edgar​ ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ថ្លែង​ថា​ ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារៈ​សំខាន់​ណាស់​សម្រាប់ប្រជា​ពល​រដ្ឋ​ ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ ​និង​ពង្រឹងលទ្ធិប្រជា​ធិបតេយ្យ។​ ​លោក​បន្ថែម​ថា​ ​សម្រាប់​សេរីភាព​សារ​ព័ត៌មាន​គឺ​មាន​សារៈ​សំខាន់​ខ្លាំងក្នុង​ការ​នាំ​យក​សំឡេង​របស់ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទៅ​ដល់រដ្ឋាភិបាល។​

លោក​ ​George Edgar ​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ​អ្នក​បកប្រែ​ថា៖

«តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ការ​លើក​អំពី​កង្វល់​ ​និង​បញ្ហា​ទាំងអស់​នេះ។ ដូច្នេះ​វិជ្ជាជីវៈ​និយម​របស់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យគួរតែ​ត្រូវ​បាន​ការពារ»។​

កាលពី​សប្តាហ៍​មុន​ ​របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders)​ ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា ​បាន​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ហើយ​ព្យាយាម​បំបិទសំឡេង​ប្រឆាំង​ទាំង​អស់​ ​ដោយ​ធ្វើ​ការ​យាយី ​និង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ស្ថាប័ន ​និង​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់ ​និង​មិន​ព្រម​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​គេ​គូស​ឲ្យ​ដើរ។​

លោក​ ​ប៉ែន បូណា​ ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ និង​ជានិពន្ធ​នាយក​នៃ​ទូរទស្សន៍​ ​PNN​ ​របស់​ឧកញ៉ា​ លី យ៉ុងផាត់​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​ ​លើក​ឡើង​ថា​ ​លោក​គាំទ្រ​ការ​បង្ហាញ​របស់​របាយ​ការណ៍​ដែលថា​ ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ទទួល​បាន​វគ្គបណ្តុះ​បណ្តាល​ច្រើន​ក្នុងឆ្នាំ​២០១៧​ ​ក៏​ប៉ុន្តែ​លោកប៉ែន បូណាមិន​បាន​បង្ហាញ​ការ​យល់​ស្រប​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​ថា​ ​សេរីភាពប្រព័ន្ធ​ផ្សព្វផ្សាយនៅ​កម្ពុជា​ត្រូវ​បាន​ដួល​រលំ​ ចាប់តាំង​ពី​ឆ្នាំ​២០១៧​ ​ដូច​សរសេរ​ក្នុង​របាយ​ការណ៍​នោះ​ទេ។​

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង​ជានិពន្ធនាយក​នៃ​ទូរទស្សន៍​ PNN ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

​លោក​ ប៉ែន បូណា ថ្លែង​ការពារ​ចំណាត់​ការណ៍​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ៖

«សម្រាប់​ខ្ញុំ​ ចំពោះ​ការ​បាត់​បង់​កាសែត​២-៣ ​ដែល​បិទ​ទៅ​ហ្នឹង​ ក្នុង​នាម​ជា​អ្នក​សារ​ព័ត៌មាន​ យើង​មាន​ការ​សោកស្តាយ​ ​យើង​មិន​ចង់​ឃើញ​ថា ​មាន​សារ​ព័ត៌មាន​ណាត្រូវ​បិទ​ ​ត្រូវ​អី​អីចឹងទេ។​ ​ប៉ុន្តែ​ការ​បាត់​បង់​ ​បិទ​ទ្វារ​ទាំងអស់​ហ្នឹង ​ខ្ញុំ​គិត​ថា​ ​វា​មិនមែន​ជា​មហន្តរាយ​ដូច​ដែល​គេ​លើក​ឡើង​ក្នុង​របាយ​ការណ៍​អំពី​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ។ ​ខ្ញុំ​មិន​គិត​ថា ​អីចឹងទេ​ ​ព្រោះ​អី​សារ​ព័ត៌មាន​វា​មាន​ច្រើន​ ​ទោះ​បី​អត់​មាន​អានេះ​ ​អ្នក​អាន​ អ្នក​ស្តាប់​គាត់​ចង់​បាន​ព័ត៌មាន​ គាត់​មាន​ប្រភព​ផ្សេងៗ​ទៀត​ដែល​ត្រូវ​រក»។​

ចំណែក​អ្នកស្រី​ ​Kulachada Chaipipat​ ​អ្នក​គ្រប់គ្រង​ការ​តស៊ូ​មតិនៃ​សម្ព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​ ​(SEAPA)​ ​ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ប្រជុំ​នោះ​ ​បានលើក​ឡើងថា ​អ្នកស្រី​គាំទ្រ​របាយ​ការណ៍​ដែល​បាន​ចេញ​ដោយ​ ​CCIM។​ ​អ្នកស្រី​បន្ថែម​ថា​ ​ជា​ការ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​សេរីភាព​សារ​ព័ត៌​មាន​ក្នុង​តំបន់​កំពុង​ធ្វើ​ដំណើរ​ថយ​ក្រោយ​ ​ហើយ​ថា​ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ ​សេរី​ភាព​សារ​ព័ត៌មាននៅ​កម្ពុជា​មិនមែន​អាក្រក់​ខ្លាំង​ទេ​ ​ប៉ុន្តែ​អ្នកស្រីបន្ត​ថា​ ​ការ​រឹតត្បិត​សេរីភាព​អ្នក​សារ​ព័ត៌មានមួយ​រយៈ​ចុង​ក្រោយ​នេះកំពុង​បន្ថែម​ពិន្ទុ​មិន​ល្អ​ដល់​កម្ពុជា។

បច្ចុប្បន្ន​ ​មាន​អ្នក​កាសែត​យ៉ាង​តិច​៣​នាក់​ រួម​ទាំង​អ្នក​ថត​ភាព​យន្ត​ឯកសារ​ឯករាជ្យ​ម្នាក់​ផង កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ រង់ចាំ​ការ​កាត់ទោស​ ​និង​២​នាក់​ទៀត​ ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ។​

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​យាង សុជា​មេត្តា ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ​ដោយ​ពួក​គេ​ត្រូវ​បាន​ចោទ​ថា​ បានធ្វើ​សកម្មភាព​លួច​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុអាស៊ី​សេរី​ ​ក្រោយ​ពី​វិទ្យុ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ​ដោយសារ​តែ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន។ ​អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៧ដល់​១៥​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា​ ​មាន​ទោស។​

រី​ឯ​អ្នក​ថត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​គឺ​លោក​ ​James Ricketson​ ​ក៏​កំពុង​ជាប់ឃុំ​បណ្តោះ​អាសន្ន​ ​រង់ចាំ​ការ​កាត់​ទោស​ដែរ​ ដោយ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម បន្ទាប់​ពី​លោក​បាន​បង្ហោះ​កូន​យន្តហោះ​ដ្រូន​ ​(drone)​ ​លើ​ហ្វូង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧។​ ​លោក​ក៏​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ប្រមាណ​១០​ឆ្នាំ​ដែរ ប្រសិន​បើ​តុលាការ​សម្រេច​ថា ​លោក​មាន​ទោស​មែន​នោះ។​

ចំណែក​ឯ​អតីត​អ្នក​កាសែត​ ឌឹ ឃែមបូឌា ​ពីរ​នាក់​ទៀត​គឺ​លោក​ ​អូន ភាព​ ​និង​លោក Zsombor Peter ​ដែល​មាន​សញ្ជាតិ​កាណាដា​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ នៅ​ពេល​ដែល​អ្នក​កាសែត​ទាំង​ពីរ​នាក់​ចុះ​ទៅយក​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខេត្ត​រតនគីរី​ កាល​ពី​ឆ្នាំ​មុន។ ​អ្នក​កាសែត​ទាំង​ពីរក៏​ត្រូវ​ប្រឈម​មុខ​ ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ប្រសិន​បើតុលាការ​សម្រេច​ថា​ ពួក​លោក​មាន​ទោស។

កាសែត​ ឌឹ ឃែមបូឌា ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ ​លែង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ឆ្នាំ​មុន​ ​ដោយសារ​តែ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ឲ្យ​បង់​ពន្ធ​៦,៣​លាន​ដុល្លារ​អាមេរិក៕