ការប្រុងប្រយ័ត្ន​ ការលុបចោល​ និង​ការតវ៉ា​គឺ​ជា ​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​គម្រោង​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ​របស់​ចិន

រូបឯកសារ៖ ផែនទីបង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់ និងផ្លូវ​ របស់ចិន ដែលមានចាប់ពីអាស៊ី ដល់អាហ្រ្វិក និងមជ្ឈិមបូព៌ា។

ការ​ប្រឆាំង​ពី​សំណាក់​សាធារណជន​កំពុង​សាកល្បង​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​ក្រុម​អាជ្ញាធរ​កាន់​អំណាច​នានា​ចាប់​ពី​រដ្ឋធានី​ហាណូយ​ ប្រទេស​វៀតណាម​ រហូត​ដល់​រដ្ឋធានី Lusaka ប្រទេស​ហ្សំប៊ី​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​អំពី​ការ​វិនិយោគ​សាងសង់​របស់​ចិន។

ក្តី​បារម្ភ​នានា​ពាក់ព័ន្ធ​នឹង​បំណុល​ការទូត​ចំពោះ​ការពង្រីក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធដ៏​មហិមា​គឺ ​គម្រោង​ខ្សែក្រវ៉ាត់ ​និង​ផ្លូវ​របស់​ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​កាន់​តែ​ខ្លាំងឡើង​ពី​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​តំបន់អាស៊ី​ អាហ្វ្រិក​ និង​តំបន់​មជ្ឈិមបូព៌ា។ នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​គម្រោង​នានា ​ដែល​មាន​តម្លៃ​ជាង​៣០ពាន់លានដុល្លារ​ ត្រូវ​បាន​លុបចោល​ ហើយ​កម្ចី​ និង​វិនិយោគទុន​ផ្សេងៗ​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​វាយតម្លៃ​ឡើងវិញ។

ការ​ប្រឆាំង​ពី​សំណាក់​សាធារណជន​កំពុង​សាកល្បង​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​ក្រុម​អាជ្ញាធរ​កាន់​អំណាច​នានា​ចាប់​ពី​រដ្ឋធានី​ហាណូយ​ ប្រទេស​វៀតណាម​ រហូត​ដល់​រដ្ឋធានី Lusaka ប្រទេស​ហ្សំប៊ី​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​អំពី​ការ​វិនិយោគ​សាងសង់​របស់​ចិន។

កាល​ពី​ចុង​ខែ​សីហា​ នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ ដែល​ទើប​ជាប់​ឆ្នោត ​លោក Mahathir​ Mohamad ​បាន​លុបចោល​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​បំពង់​បង្ហូរ​ប្រេង ​ដែល​មាន​តម្លៃ២០ពាន់លានដុល្លារ​នៃ​គម្រោង​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​របស់​ចិន​ ហើយ​ប្រទេស​ប៉ាគីស្ថាន​បាន​ដក​គម្រោង​សង់​ផ្លូវ​រថភ្លើង​មួយ​ផ្សេង​ទៀត​ដែល​មាន​តម្លៃ២ពាន់លានដុល្លារ​ បន្ទាប់​ពី​បាន​សម្រេចចិត្ត​លុបចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​តម្លៃ១៤ពាន់លានដុល្លារ​កាល​ពី​ចុង​ឆ្នាំ​មុន​ ដោយសារ​បារម្ភ​អំពី​បញ្ហា​ហិរញ្ញវត្ថុ។

ប្រទេស​នេប៉ាល់​បាន​លុបចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​កាល​ពី​ខែមុន​ ហើយ​ប្រទេស​សេរ៉ាឡេអូន​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​លុបចោល​គម្រោង​សាងសង់​អាកាសយានដ្ឋានមួយ​ដោយសារ​បារម្ភ​ពី​បញ្ហា​បំណុល។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​វៀតណាម​ទស្សនៈ​ប្រឆាំង​នឹង​ការ​វិនិយោគ​លើ​គម្រោង​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ​របស់​ចិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ។

បន្ទាប់​ពី​មាន​ការ​តវ៉ា​ជាច្រើន​ដង​ពី​សាធារណៈ​ប្រទេស​វៀតណាម​នា​ពេល​ថ្មីៗ​នេះ​បាន​ពន្យារ​ពេល​អនុវត្ត​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ក្នុង​ប្រទេស។​ សេដ្ឋវិទូ​លោក Christopher Baldingបាន​ថ្លែង​ថា ​គម្រោង​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​ជាច្រើន​បាន​ត្រូវ​លុបចោល​ក្នុង​ប្រទេស​នានា ​ដោយសារ​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​បំណុល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ និង​ការ​ប្តូរ​អំណាច​ក្នុង​ប្រទេស​ឧទាហរណ៍​ដូចជា​ប៉ាគីសា្ថន ម៉ាឡេស៊ី​ ឬ​កោះ​ម៉ាឌីវ​ជា​ដើម។

លោក Balding បាន​ថ្លែង​បន្ត​ថា៖ «ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​ទាំងនេះ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ចំនួន​ប្រាក់បំណុល​ ដែល​ប្រទេស​ទាំងនេះ​បាន​ខ្ចី​ពី​ប្រទេសចិន​ ហើយ​ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ផ្តោត​លើ​បញ្ហា​នេះ។

មិនមែន​មាន​តែ​ក្រុម​ប្រឆាំង​នឹង​ចិន​ប៉ុណ្ណោះ​ទេ​ ដែល​លើកឡើង​ពី​ក្តី​បារម្ភ​ទាំងនេះ ​ប៉ុន្តែ​ក៏​មាន​ការ​បារម្ភ​ជាច្រើន​ពី​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ផង​ដែរ»។

ប្រទេស​ចិន​បាន​ប្រកាស​ថា​ ការ​វិនិយោគ ​និង​កម្ចី​របស់​ខ្លួន​មិន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​នោះ​ទេ។ ចិន​ក៏​បាន​លើកឡើង​ផង​ដែ​រថា ​ខ្លួន​នឹង​ផ្តល់​មូលនិធិ​ដល់​ប្រទេស​ណា​ដែល​គេ​មិន​ផ្តល់មូលនិធិ​ឲ្យ។ ប៉ុន្តែ​ការ​កាន់កាប់​របស់​ចិន​ទៅ​លើ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ស្រីលង្កា​កាល​ពី​ឆ្នាំមុន​ និង​ការ​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​របស់​ចិន​ទៅ​លើ​គម្រោង​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ​បាន​ជួយ​បន្ធូរបន្ថយ​តិចតួច​ចំពោះ​កង្វល់​ទាំងនេះ។

ការ​ដោះដូរ​កំពង់ផែ

កាល​ពី​ចុង​ឆ្នាំមុន​យោង​តាម​កាសែត The New York Times ចិនបាន​យល់ព្រម ដោះដូរ​បំណុល​របស់​ស្រីលង្កា​ជា​ថ្នូរ​នឹង​ការ​ជួល​កំពង់ផែ Hambanthota និង​ដី​នៅ​ជុំវិញ​កំពង់ផែ ​ទំហំ៦០៧០ហិចតា​រយៈពេល​៩៩ឆ្នាំ។ រដ្ឋាភិបាល​ស្រីលង្កា​បាន​បដិសេធ​មិនព្រម​ជួល​ដី​ទំនេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​គេ​ជឿ​ថា​ ចិន​បាន​រៀបចំ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ជា​អន្ទាក់​នៅ​ក្នុង​កិច្ចសន្យា​កម្ចី​ដើម្បី​កាន់កាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន។

កំពង់ផែ Hambanthotaគឺ​គ្រាន់​តែ​ជា​កំពង់ផែ​មួយ​ក្នុង​ចំណោម​កំពង់ផែ ​៤២ទៀត ​ដែល​ចិន​បាន​ចូលរួម​សាងសង់​ និង​ធ្វើ​ប្រតិបត្តិការ។

ចិន​នឹង​គ្រប់គ្រង​ប្រតិបត្តិការ​លើ​កំពង់ផែ Haifaដែល​ជា ​កំពង់ផែ​ធំ​បំផុត​មួយ​របស់​អ៊ីស្រាអែល​នៅ​ឆ្នាំ២០២១។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​គេ​សម្លឹង​ឃើញ​ថា ​នឹង​ក្លាយ​ជា​អ្នក​បង្កើត​គម្រោង​អភិវឌ្ឍ​កំពង់ផែChabaharរបស់​អ៊ីរ៉ង់​ ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​រវាង​អ៊ីរ៉ង់​ និង​ប៉ាគីស្ថាន។ សំណើ​អភិវឌ្ឍន៍​កំពង់ផែ​នេះ​នៅ​ជាប់​គាំង​នៅ​ឡើយ ​ដោយ​សារ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​មិនមែន​មាន​ឧបសគ្គ​តែមួយ​នេះ​នោះ​ទេ។ នេះ​បើ​យោង​តាម​

លោកDavid Kellyនាយក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​សិក្សា​ពី​គោល​នយោបាយ​របស់​ចិន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង។ លោក Kellyបាន​ថ្លែង​ថា«កំពង់ផែ​នោះ​ស្ថិត​នៅ​តំបន់​ស្ងួត​ខ្លាំង​បំផុត ​និង​នៅ​ឆ្ងាយ​ដាច់ស្រយាល​ក្នុង​ប្រទេស​អ៊ីរ៉ង់។ វា​មើល​ទៅ​ហាក់​ដូចជា​មិនសម​ជា​តំបន់​ពាណិជ្ជកម្ម​ទេ ​លុះត្រា​តែ​វា​ជា​តំបន់​មាន​ធនធាន​ប្រេង​ច្រើន»។ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​ចំណូល​ច្រើន​ដោយ​សារ​ធនធាន​ប្រេង​នោះ​អាច​មាន​គ្រោះថ្នាក់​តិចតួច​ចំពោះ​អន្ទាក់​បំណុល​របស់​ចិន។

យ៉ាងណាក្តី​កំពង់ផែ​ដែល​ទំនង​ជា​នឹង​ដើរ​តាម​គន្លង​របស់​កំពង់ផែ​ស្រីលង្ការ​គឺ​កំពង់ផែក្នុង​ប្រទេសឌីប៊ូជី​ ដែល​ជា​ប្រទេស​មាន​យុទ្ធសាស្រ្ត​សំខាន់​នៅ​តំបន់​អាហ្រិ្វក​ភាគឦសាន​និង​ជា​កន្លែង​ដែល​ចិន​បាន​សង់​មូលដ្ឋាន​យោធា​នៅក្រៅប្រទេស​លើក​ទីមួយ​នា​ពេល​ថ្មីៗ​នេះ។
ពួកអ្នកវិភាគ​បាន​គូរបញ្ជាក់​ថា​ យោង​តាម​តួរលេខ​ផ្លូវការ​ បំណុល​របស់​ប្រទេសឌីប៊ូជី​មាន​ចំនួន៨៨ភាគរយ​ឬ​ច្រើន​ជាង​នេះ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ហើយ​ក្នុង​នោះ​ចិន​គឺ​ជា​ម្ចាស់​បំណុល​លើ​កម្ចីចំនួន១,៤ពាន់លាន​ដុល្លារ។ ទំហំ​នៃ​បំណុល​នេះ​អាច​បណ្តាល​ឲ្យ​មាន​កិច្ចព្រមព្រៀង​សម្បទាន​ដូចគ្នា​នឹង​ស្រីលង្ការ​ដែរ។

អន្ទាក់បំណុល

របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើមឆ្នាំ​នេះ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​សកលលោក​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​បាន​បង្ហាញ​ថា​ ប្រទេស២៣​ក្នុង​ចំណោម៦៨ប្រទេស​ដែល​ចិន​កំពុង​វិនិយោគ​លើ​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិបំណុល។ ហើយ​ប្រទេស៨ទៀត​ដែល​រួម​ទាំងឌីប៊ូជី​ផងដែរ​នោះ​គឺ​ជា​ប្រទេស​ងាយរងគ្រោះ​ក្នុង​វិបត្តិបំណុល​ដែល​ជាប់ទាក់ទង​នឹង​គម្រោង​នានា​នៅ​ថ្ងៃអនាគត។
ប្រទេសចិន​បាន​អះអាង​ថា​ការវិនិយោគ​របស់​ខ្លួន​គឺ​មាន​បំណង​លើក​កម្ពស់​វិស័យ

ពាណិជ្ជកម្ម​និង​ផ្តល់​ឲ្យ​ប្រទេស​ដែលកំពុង​អភិវឌ្ឍនានា​អាច​ពឹង​អាស្រ័យ​ខ្លួន​ឯង​បាន។
លោក Kellyដែល​ជា​នាយក​ក្រុមហ៊ុន​សិក្សា​គោលនយោបាយ​ចិន​បាន​ថ្លែង​ថា​ប្រទេស​ដែល​មាន​បញ្ហា​បំណុល​ខ្លាំង​គឺ​ជាប្រទេស​ដែល​គ្មាន​សមុទ្រ​និង​មាន​ភាពក្រីក្រខ្លាំង​ដូចជា​ប្រទេស​ហ្សំប៊ីជាដើម។ នៅ​ទីនោះ​ក្តីបារម្ភ​នានា​កំពុង​បង្ក​ឲ្យ​សាធារណជន​បង្ខំ​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​ឲ្យ​បើកចំហរ​អំពី​បំណុល​ដែល​ជំពាក់​ប្រទេសចិន។

លោក Kellyបាន​ថ្លែង​បន្ត​ថា៖ «ការខកចិត្ត​និង​ភាពចលាចល​នៅ​ប្រទេសហ្សំប៊ីនា​ពេល​ថ្មីៗនេះ​ធ្វើ​ឲ្យ​សង្គមស៊ីវិល​អាហ្វ្រិក​ដើរចេញ​តវ៉ា​អំពី​ករណី​បំណុល​នេះ។ វា​នឹង​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​នៅពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ចេញ​តវ៉ាអំពី​បញ្ហា​ក្នុង​តំបន់»។

ឧបសគ្គ​នៅក្នុង​គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ

លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​កិច្ចការអន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ការ​លុបចោល​បំណុល​និង​ការ​ផ្លាស់ប្តូរ​ទាំងនេះ​គឺ​ជា​អ្វី​ដែល​

លោក​ហៅ​ថា​ជា​ឧបសគ្គ​នៅក្នុង​គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន។ ក្តីបារម្ភ​នានា​អំពី​អន្ទាក់​បំណុល​និង​បំណុល​ការទូត​នឹង​មិន​ប៉ះពាល់​ចិន​នោះ​ទេ។ គម្រោង​នេះ​នឹង​បន្ត​ទៅ​មុខ​ ប៉ុន្តែ​ការបញ្ឈប់​ ការ​ចាប់ផ្តើម​និង​ការ​លុបចោល​នឹង​នៅ​តែ​បន្ត​កើតឡើង។

លោកOh និយាយ​បន្ត​ថា​យុទ្ធសាស្រ្ត​លើ​ការ​អភិវឌ្ឍ​របស់​ចិន​ដែល​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេដ្ឋកិច្ចរីកចម្រើន​របស់​ចិន​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​នៅក្នុង​ប្រទេស​ ប៉ុន្តែ​វា​មិនមែន​តែងតែ​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​នោះ​ទេ។ លោក Ohបាន​ថ្លែង​បន្ថែម​ថា«គម្រោង​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​នៅក្នុង​ប្រទេស​ជាច្រើន​ ប្រសិន​បើ​ដាក់​ចេញ​ហេដ្ឋរចនាសម្ព័ន្ធ​របស់​ប្រទេស​ទាំងនោះ​ អ្នក​នឹង​ដឹង​ថា​វា​មិន​សុទ្ធ​តែ​មាន​ន័យថា​គម្រោង​នេះ​នឹង​ជួយ​បង្កើន​វិស័យពាណិជ្ជកម្ម​និង​ការ​វិនិយោគទុន​នោះ​ទេ។ គម្រោង​នេះ​មួយ​ចំនួន​ត្រូវ​ការ​កែសម្រួល​ដើម្បី​សម្រប​តាម​តម្រូវការ​ក្នុង​តំបន់​នៃ​ប្រទេស​នីមួយៗ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា