ប្រវត្តិសាស្រ្ត គឺជាសមរភូមិនៃការទាមទារឯករាជ្យដ៏ចម្រូងចម្រាសដែលមិនទាន់ដោះស្រាយរួចនៅឡើយរវាងប្រទេសអេស្ប៉ាញ និងក្រុមអបគមន៍ជនជាតិ Catalan ហើយការណ៍នេះធ្វើឲ្យភាគីម្ខាងៗបង្គាប់បញ្ជាគ្នាទៅវិញទៅមក និងនាំឲ្យមានស្ថានភាពដូចជាអាវុធ និងបង្កឲ្យមានពាក្យសម្តីបង្កហេតុដាក់គ្នា និងឲ្យបោះបង់ចោលការទាមទារឯករាជ្យនោះ។
ភាគីជម្លោះទាំងពីរ ដែលប្រឈមមុខដាក់គ្នា និងកំពុងគំរាមកំហែងដល់បូរណភាពដែនដីនៃប្រទេសអេស្ប៉ាញនោះ បាននឹងបង្កើនកម្តៅនយោបាយដោយការស្រង់ផ្នែកខ្លះនៃខ្លឹមសារប្រវត្តិសាស្រ្តដ៏ខ្មៅងងឹងនៃប្រទេសអេស្ប៉ាញ និងតំបន់ Catalonia មកបង្កហេតុ ឬប្រមូលទឡ្ហីករណ៍គាំទ្ររៀងៗខ្លួន។
ភាពមិនទាន់ដាច់ស្រេចក្នុងបេះដូង និងចិត្តរបស់ភាគីទាំងពីរនោះគឺជម្លោះពាក់ព័ន្ធនឹងរឿងថា តើនរណាបានធ្វើអ្វីលើនរណានៃព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីឆ្នាំ១៧១៤ ដែលក៏ជាឆ្នាំនិមិត្តរូបសម្រាប់ជនជាតិ Catalan នៅពេលរាជធានី Barcelona របស់ក្រុមជនជាតិ Catalan ដែលស្មោះត្រង់នឹងរាជវង្ស Habsburg ត្រូវបានឡោមព័ន្ធយ៉ាងយូរនោះ មុនធ្លាក់ចូលក្នុងដៃទាហាននៃរាជរង្ស Bourbon គឺសម្តេច Felipe ទី៥។
ព្រះមហាក្សត្រដែលទទួលជ័យជម្នះក្នុងសង្រ្គាមពេលនោះ បានរុះរើរដ្ឋសភាថ្នាក់តំបន់ Catalonia និងបានបិទសាកលវិទ្យាល័យនានាក្នុងទីក្រុង និងហាមប្រាមការប្រើប្រាស់ភាសា Catalan ជាភាសាផ្លូវការ។
ចាប់តាំងពីពេលនោះមក ក្រុមជនជាតិ Catalan បានពុះពារតស៊ូអស់រយៈពេល៣សតវត្ស ក្រោមការគាបសង្កត់ ការមិនការគិតគូរខ្វាយខ្វល់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ដោយពួកគេធ្លាប់រីករាយនឹងស្វ័យភាព និងការទទួលស្គាល់រយៈពេលខ្លីតែប៉ុណ្ណោះ ហើយក្រោយមកត្រូវរងការបង្ខិតបង្ខំឲ្យរំលាយវប្បធម៌ចូលគ្នាតែមួយដែលជាការបញ្ជាពីក្រុមជាតិភាគច្រើននៃជនជាតិ Castilian របស់ប្រទេសអេស្ប៉ាញ។
ព្រះមហាក្សត្របច្ចុប្បន្នរបស់ប្រទេសអេស្ប៉ាញគឺសម្តេច Felipe ទី៦ កាលពីដើមខែនេះបានចេញព្រះរាជសារតាមកញ្ចក់ទូរទស្សន៍ដែលមិនធ្លាប់មានពីមុនមក ដោយថ្កោលទោសក្រុមទាមទារបំបែករដ្ឋជនជាតិ Catalan ថា «ខ្វះភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលអេស្ប៉ាញ» និងបានចាត់ទុកថា ការបោះឆ្នោតទាមទារឯករាជ្យកាលពីថ្ងៃទី១ ខែតុលាគឺខុសច្បាប់ និងគ្មានលក្ខណៈប្រជាធិបតេយ្យ។ ក្រុមអបគមន៍ជនជាតិ Catalan បានប្រតិកម្មតបវិញដោយបានរំឭកឡើងវិញពីការគាបសង្កត់ក្នុងសតវត្សទី១៨ ក្នុងរជ្ជកាលព្រះមហាក្សត្រដែលជារាជ្យវង្សជំនាន់ដើមរបស់ព្រះអង្គ។
ក្រុមអ្នកអត្ថាធិប្បាយជនជាតិ Catalan ក្នុងនោះរួមទាំងក្រុមដែលមាននិន្នាការគាំទ្រការរួមរួមគ្នាផងដែរ បាននិយាយថា ព្រះមហាក្សត្រមិនមែនជាបុគ្គលដែលត្រូវចេញព្រះរាជតម្រិះរិះគន់លើរឿងដែលជំរុញឲ្យមានការទាមទារឯករាជ្យភាពដោយក្រុមអបគមន៍ជនជាតិ Catalan នោះទេ ហើយត្រូវរកអ្នកផ្សេងនិយាយវិញទើបវាល្អជាង។ ក្រុមអ្នកអត្ថាធិប្បាយទាំងនេះបានរិះគន់ថា ការថ្លែងរបស់ទ្រង់គឺកាន់តែធ្វើឲ្យអ្នកបំបែកខ្លួនកាន់តែបញ្ចេញមតិប្រឆាំងការមាក់ងាយជាយូរណាស់របស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដទៅលើអ្នកជាតិនិយមនៅក្រោមអេស្ប៉ាញ ដូចជាជនជាតិ Catalan ជនជាតិ Basque និងជនជាតិ Galicianនិងការគាបសង្កត់ពីក្រុមជនជាតិ Castilian នៅតំបន់ Catalonia តាំងពីឆ្នាំ១៧១៤។
ទោះជាយ៉ាងណាក្តីអំណះអំណាងដែលកើតឡើងនៅអតីតកាល ហើយដែលភាគីទាំងសងខាងប្រើប្រាស់ញឹកញាប់ៗបំផុតទាក់ទងនឹងការទាមទារឯករាជ្យពីប្រទេសអេស្ប៉ាញមិនចេះចប់មិនចេះហើយនោះ គឺសង្គ្រាមស៊ីវិល និងរបបដឹកនាំបែបផ្តាច់ការរបស់នាយឧត្តមសេនីយ៍ Francisco Franco។
ស្វ័យភាពតំបន់គឺជាកត្តាបណ្តាលឲ្យមានសង្គ្រាមស៊ីវិលអេស្ប៉ាញ ដូចជាករណីឧត្តមសេនីយ៍ Franco និងកងទ័ពជាតិនិយមប្រឆាំងនឹងការរីករាលដាលនៃចលនាទាមទារស្វ័យភាពសម្រាប់តំបន់ Catalonia និង Basque របស់រដ្ឋាភិបាលសាធារណៈរដ្ឋឆ្វេងនិយម។
បើតាមសម្តីរបស់ក្រុមទាមទារបំបែករដ្ឋជនជាតិ Catalan មួយចំនួន លោកនាយករដ្ឋមន្រ្តីប្រទេសអេស្ប៉ាញ Mariano Rajoy ត្រូវបានគេចាត់ទុកជាបុគ្គលទី២បន្ទាប់ពីនាយឧត្តមសេនីយ៍ Franco ហើយអ្វីដែលអាចប្រៀបធៀបបាននោះគឺការបោសម្អាតជនជាតិ Catalan ក្រោយសង្គ្រាមស៊ីវិលដែលរបបរបស់ឧត្តមសេនីយ៍ Franco បានប្រហារជីវិតជនជាតិ Catalan ប្រមាណពី៣.០០០ ទៅ៤.០០០នាក់។
ការណ៍នេះគឺជាសំរែកស្រែកឈឺចាប់ខ្លាំងជាងការប៉ះទង្គិចហិង្សានៅតាមមណ្ឌលបោះឆ្នោតកាលពីថ្ងៃទី១ ខែតុលាទៅទៀត ដែលនៅពេលនោះមានមនុស្ស៨០០នាក់បានរងរបួស ខណៈពេលដែលក្រុមប៉ូលិសបានព្យាយាមបិទមណ្ឌលបោះឆ្នោតក្នុងទីក្រុង Barcelona តាមបញ្ជាពីរដ្ឋាភិបាលក្រុងMadrid ប្រទេសអេស្ប៉ាញ។
អ្នកផលិតខ្សែភាពយន្តជនជាតិ Catalan ម្នាក់ឈ្មោះ Irene Baque បានរិះគន់ថា៖ «ការគាបសង្កត់លើក្រុមជនជាតិ Catalan ដែលរស់នៅក្នុងរបបដឹកនាំបែបផ្តាច់ការរបស់នាយឧត្តមសេនីយ៍ Franco បានដក់ជាប់ក្នុងបេះដូងរបស់មនុស្សម្នាគ្រប់គ្នា ហើយវាបានដក់ជាប់រហូតដល់មនុស្សជំនាន់ខ្ញុំទៀត»។
មនុស្សមួយចំនួន ដែលរិះគន់ក្រុមទាមទារបំបែករដ្ឋ បាននិយាយថា ក្រុមជនជាតិ Catalan ភាគច្រើនទំនងជាត្រូវសម្លាប់ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ដោយរដ្ឋាភិបាលសាធារណៈរដ្ឋ ដែលក្តោបក្តាប់ដោយក្រុមកុម្មុយនិស្ត ខណៈពេលរដ្ឋាភិបាលនោះព្យាយាមបោសសម្អាតក្រុមអាណាធិបតេយ្យដែលក្នុងនោះមានក្រុមអ្នកគាំទ្រនយោបាយមនោគមវិជ្ជា Trotsky និងក្រុមនយោបាយដែលមិនពេញចិត្តនឹងក្រុមក្នុងរដ្ឋាភិបាល ដែលព្រឹត្តិការណ៍នោះគឺជាសកម្មភាពកម្ទេចក្រុមឆ្វេងនិយម ខណៈពេលដែលរដ្ឋាភិបាលសម័យនោះព្យាយាមការពារការងើបឡើងនៃចលនាហ្វាស៊ីសនិយមរបស់នាយឧត្តមសេនីយ៍ Franco។
ការណ៍ដែលគួរឲ្យកត់សម្គាល់នោះគឺចម្លោះឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៧៥នៃរបបផ្តាច់ការរបស់នាយឧត្តមសេនីយ៍ Franco មានក្រុមជនជាតិ Catalan ដែលមានជីវភាពមធ្យម និងក្រុមប្រជាជនដែលមានដីធ្លីច្រើន មើលឃើញថា គុណតម្លៃអភិរក្សនិយម ច្បាប់ទម្លាប់ និងបទបញ្ជាផ្សេងៗគឺមានតម្លៃជាអាទិភាពជាងជាតិនិយមរបស់ជនជាតិ Catalan។ ក្រុមមនុស្សទាំងអស់នោះបានគាំទ្ររបបនោះ និងខិតខំពុះពារតស៊ូរស់នៅក្នុងរបបនោះ។
ក្រុមជាតិនិយមអេស្ប៉ាញប្រកាន់តឹងមួយចំនួនរីករាយសាទរនឹងភ្លើងកម្តៅនៃជម្លោះកាលនៃអតីតកាលនេះ។
កាលពីដើមខែនេះ អ្នកតំណាងរាស្ត្រម្នាក់ឈ្មោះ Pablo Casado មកពីគណបក្សដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្រ្តី Rajoy បានព្រមានថ្នាក់ដឹកនាំក្រុមជនជាតិ CatalanគឺលោកCarles Puigdemont ដោយនិយាយថា ប្រវត្តិសាស្រ្តអាចនឹងកើតឡើងសារជាថ្មី។ អ្នកតំណាងរាស្រ្ត Casado បាននិយាយថា ព្រេងសំណាងរបស់លោក Puigdemont អាចនឹងដូចគ្នាទៅនឹងក្រុមមនុស្សមុនលោក តួយ៉ាងដូចជាលោក Lluis Companys ដែលត្រូវបានគេបាញ់សម្លាប់ក្នុងឆ្នាំ១៩៤០ ក្នុងរបបនាយឧត្តមសេនីយ៍ Franco។
កាលពីខែមុន ក្រុមជាតិនិយមអេស្ប៉ាញក្នុងរាជធានីម៉ាឌ្រីដ បានរៀបចំការតវ៉ាប្រឆាំង ដោយមានអ្នកខ្លះស្រែកហ៊ោសាទរគាំទ្រអង្គភាពប៉ូលិសជាតិថា «ជយោ នាយឧត្តមសេនីយ៍ Franco» នៅពេលក្រុមប៉ូលិសជាតិដើរសំដៅទៅរកក្រុមជនជាតិ Catalan ដើម្បីរារាំងការបោះឆ្នោតទាមទារឯករាជ្យថ្ងៃទី១ខែតុលា។
លោក Josep Costa ដែលជាអ្នកវិទ្យាសាស្រ្តនយោបាយមួយរូបបាននិយាយថា៖«រឿងនេះជាជម្លោះនយោបាយដែលអូសបណ្លាយជាយូរណាស់មកហើយ។ មូលហេតុបញ្ហាគឺឋានៈរបស់ក្រុមជនជាតិ Catalan ក្នុងប្រទេសអេស្ប៉ាញ ដែលជាបញ្ហាកើតឡើងគ្រប់ពេល នៅពេលណាដែលមានការបើកចំហលទ្ធិប្រជាធិបតេយ្យក្នុងសង្គមអេស្ប៉ាញ»។
ភាគីទាំងសងខាងអាចត្រូវបានគេចោទប្រកាន់ពីការបំពុលបរិយាកាសឲ្យមានភាពស្មុគស្មាញនៃប្រវត្តិសាស្រ្តអេស្ប៉ាញ។ ជនជាតិអេស្ប៉ាញភាគច្រើននៅតែមិនទាន់ដឹងថា សៀវភៅដែលបោះពុម្ពមុនគេបង្អស់នៅប្រទេសអេស្ប៉ាញគឺបោះពុម្ពជាភាសា Catalan។ អ្នកប្រវត្តិសាស្រ្តជនជាតិ Catalan ដែលគាំទ្រការបង្រួមបង្រួម បានត្អូញត្អែរថា ពួកគេត្រូវវិទ្យាស្ថានវប្បធម៌ Cataloniaមាក់ងាយស្ថាប័នវប្បធម៌នេះមានគាំទ្រក្រុមអបគមន៍ភាគច្រើនលើសលប់។
អ្នកប្រវត្តិសាស្រ្តជនជាតិអេស្ប៉ាញ និងជនជាតិ Catalan មានកំហុសត្រង់ដោយសារការមិនយល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមក ហើយម្យ៉ាងគឺអ្នកប្រវត្តិសាស្រ្តជនជាតិអេស្ប៉ាញមិនឲ្យតម្លៃការចូលរួមមតិយោបល់របស់ជនជាតិ Catalan និងមិនឲ្យតម្លៃភាពរុងរឿងនៃប្រវត្តិសាស្រ្តរបស់ជនជាតិ Catalan ម្យ៉ាងទៀតគឺខាងក្រុមជនជាតិ Catalan ក៏ឆ្លើយតបធ្វើដូចហ្នឹងដែរ និងបានផ្សព្វផ្សាយប្រាប់គេឯងថា ប្រទេសអេស្ប៉ាញមិនល្អ។ នេះបើយោងតាមអ្នកសារព័ត៌មានជនជាតិស្វីសឈ្មោះ Raphael Minder។
ក្នុងសៀវភៅថ្មីរបស់លោកស្តីពីនយោបាយបះបោររបស់ជនជាតិ Catalan ដែលមានចំណងជើងថា ការតស៊ូដើម្បី Catalonia លោកបានសរសេរថា «អត្តសញ្ញាណជាតិបានចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត ហើយវាជារឿងមួយដ៏សំខាន់ណាស់ដែលពួកគេត្រូវប្រារព្ធពិធីមួយជាជាងពិធីផ្សេងទៀត»។
លោកបានបន្ថែមថា នៅពេលដែលមានការមិនត្រូវគ្នាខ្លាំងក្នុងរឿងអតីតកាល វាកាន់តែលំបាកក្នុងការយល់ស្របគ្នាលើរឿងបច្ចុប្បន្ន ហើយចុះទម្រាំតែរឿងអនាគតនោះ គឺកាន់តែពិបាកហើយ៕
ប្រែសម្រួលដោយ កោះ សុគន្ធី