រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បាននិយាយថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ប្រាប់យោធាអាមេរិកពីតម្រូវការបង្កើនល្បឿននៃយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
លោករដ្ឋមន្ត្រីការពារជាតិក៏បាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងស្វែងរកជំនួយបន្ថែមពីដៃគូក្នុងក្រុមចម្រុះដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
លោក Carter បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលដែលលោកធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសតួកគីដើម្បីចរចាអំពីការបង្កើនជំនួយនៅក្នុងយុទ្ធនាការប្រឆាំងក្រុមសមកម្មប្រយុទ្ធទាំងនោះថា៖ «ការដែលប្រទេសតួកគីព្រមទទួលយកក្រុមចម្រុះឲ្យឈរជើងនៅមូលដ្ឋានទ័ពអាកាស Incirlik របស់ប្រទេសនោះ គឺជាការរួមចំណែកដ៏សំខាន់ក្រៃលែងទៅហើយ ប៉ុន្តែមានអ្វីៗជាច្រើនទៀតដែលត្រូវធ្វើ ក្រៅពីការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កងកម្លាំងអាមេរិកនិងកងកម្លាំងក្រុមចម្រុះផ្សេងៗទៀតនោះ»។
លោក Carter បានថ្លែងថា៖ «អាមេរិកចង់ឲ្យកងកម្លាំងតួកគីចូលរួមនៅក្នុងការវាយប្រហារតាមអាកាសនិងដោយថ្មើរជើង តាមការគួរ»។
លោក Carter បាននិយាយថា មេបញ្ជាការអាមេរិកកំពុងបង្កើតបច្ចេកទេសនិងយុទ្ធសាស្ត្រថ្មីៗ ក៏ដូចជាមធ្យោបាយផ្សេងៗដើម្បីពង្រីកកិច្ចប្រឹងប្រែងរបស់ក្រុមចម្រុះ៕