លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Ash Carter បានស្ថិតនៅក្នុងរដ្ឋធានីម៉ានីលនៅពេលដែលមានការតានតឹងរវាងហ្វីលីពីននិងចិនលើបញ្ហាការប្រើប្រាស់សមុទ្រចិនខាងត្បូងដើម្បីប្រយោជន៍ខាងយោធារបស់ចិន។
ការអញ្ជើញទៅដល់របស់លោករដ្ឋមន្រ្តីការពារសហរដ្ឋអាមេរិក Carter កាលពីថ្ងៃពុធកើតមានឡើងបន្ទាប់ពីមានការយល់ព្រមដោយតុលាការកំពូលហ្វីលីពីនដល់កិច្ចព្រមព្រៀងថ្មីមួយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងម៉ានីលដើម្បីអនុញ្ញាតឲ្យកងកម្លាំងយោធាសហរដ្ឋអាមេរិកធ្វើការផ្លាស់វេនគ្នានៅទីតាំងនានារបស់ហ្វីលីពីននៅទូទាំងប្រជុំកោះទាំងនោះ។
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Carter បានប្រាប់អ្នកយកព័ត៌មាននៅពេលធ្វើដំណើរទៅកាន់រដ្ឋធានីម៉ានីលកាលពីថ្ងៃពុធថា «ខ្ញុំចង់មកទីនេះឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបានបន្ទាប់ពីបានផ្តល់សញ្ញាដ៏សំខាន់មួយដល់យើងហើយនិងសម្ព័ន្ធមិត្ត»។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Carter នឹងបំពេញទស្សនកិច្ចមូលដ្ឋានទ័ពអាកាស Antonio Batista ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក ដែលជាទីតាំងទ័ពអាកាសមួយនៃទីតាំងទ័ពអាកាសយ៉ាងហោចណាស់ក៏៥ដែលដែលកងទ័ពសហរដ្ឋអាមេរិក នឹងបោះទីតាំងនៅទីនោះ។ ទីតាំងទ័ពអាកាសនោះ ស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីប្រជុំកោះ Spratly មានជម្លោះ ដែលជាប្រជុំកោះ ផ្កាថ្មប៉ប្រះទឹកទាមទារដោយប្រទេសចិន ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ចិន បានបង្កើតប្រជុំកោះសិប្បនិមិ្មត្តដែលមានទំហំ១ពាន់២រយហិចតានៅលើថ្មប៉ប្រះទឹកនៅប្រជុំកោះ Spratlys។
យន្តហោះអាកាសស៊ីវិលចិនមួយគ្រឿង បានធ្វើការសាកល្បងចុះនៅលើផ្លូវនៅកោះ Fiery Cross Reef នៃប្រជុំកោះ Spratlys កាលពីខែមករា។ រូបភាពតាមផ្កាយរណបដោយក្រុមហ៊ុន ImageSat International (ISI) បានបង្ហាញថា យន្តហោះចម្បាំងចិន Shenyang J-11នៅលើកោះ Woody Islandsក្នុងប្រជុំកោះ Paracel បានបណ្តាលឲ្យមានការព្រួយកង្វល់ថា ចិន ប្រហែលបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រជុំកោះ Spratly បន្ទាប់ទៀត។
មន្រ្តីជាន់ខ្ពស់ការពារប្រទេសសហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន នឹងលើកតម្កើងនូវសមត្ថភាពខាងយោធាដើម្បីប្រតិបត្តិនៅក្នុងតំបន់ហើយនឹងពង្រឹងសារកំញ៉ើញរបស់យើងដែរ៕