មេរោគកូរ៉ូណាបានផ្តាច់ផ្តល់ជីវិតមនុស្ស៨៦នាក់ក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយថ្ងៃនៅពេលដែលមេរោគនេះ បានបន្តធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសចិនហើយនិងផ្នែកផ្សេងៗទៀតរបស់ពិភពលោក។
ក្នុងចំណោមមនុស្សដែលស្លាប់ថ្មីៗនេះ មានពលរដ្ឋអាមេរិកាំងម្នាក់នៅក្នុងទីក្រុងវូហាននៃប្រទេសចិន ដែលជាទីកន្លែងផ្ទុះឡើងនូវមេរោគនោះ។ នេះតាមការបញ្ជាក់របស់ពួកមន្រ្តីនៅឯស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ស្ថានទូតអាមេរិកប្រាប់ឲ្យដឹងថា ពលរដ្ឋអាមេរិកាំងអាយុ៦០ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃទី៦ ខែកុម្ភៈ។ ពលរដ្ឋជប៉ុនម្នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងទីក្រុងវូហានដោយសារជំងឺរលាកសួត ដូចជាបណ្តាលមកពីមេរោគកូរ៉ូណា ទោះជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់អំពីបញ្ហានេះទេ។
សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ខ្លួន បានផ្តល់ប្រាក់ចំនួន១រយលានដុល្លារដល់ប្រទេសចិននិងប្រទេសផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយមេរោគកូរ៉ូណាវីរុសដ៏ប្រល័យនេះដើម្បីប្រយុទ្ធប្រឆាំងការរាលដាល នៅពេលដែលចំនួនមនុស្សស្លាប់ បានកើនឡើងទៅដល់៧២២នាក់នៅក្នុងប្រទេសចិន។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើការប្រកាសកាលពីថ្ងៃសុក្រដោយនិយាយថា «ការសន្យារួមជាមួយជំនួយមនុស្សធម៌ដែលមានប្រាក់រាប់រយលានដុល្លារដោយផ្នែកឯកជនរបស់សហរដ្ឋអាមេរិកបង្ហាញពីការដឹកនាំដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងការឆ្លើយតបដល់ការផ្ទុះឡើងនូវមេរោគនេះ។
កាលពីព្រឹកថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានសរសើរការខំប្រឹងប្រែងរបស់ប្រធានាធិបតីចិនលោកស៊ី ជីងពីងប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណាវីរុសនៅពេលដែលលោកប្រធានាធិបតីស៊ី ប្រឈមការរឹះគន់ដ៏ខ្លាំងបន្ទាប់ពីការស្លាប់របស់វេជ្ជបណ្ឌិតម្នាក់ដែលទាក់ទិននឹងមេរោគនេះដែលបានចេញការព្រមានភ្លាមៗអំពីការផ្ទុះឡើងនូវមេរោគនេះ។
បន្ទាប់ពីការសន្ទនាទូរស័ព្ទកាលពីថ្ងៃសុក្រជាមួយប្រធានាធិបតីស៊ី លោកប្រធានាធិបតីត្រាំ បានសរសើរការឆ្លើយតបរបស់ចិនហើយបាននិយាយថា លោកស៊ី បានដឹកនាំអ្វីដែលនឹងក្លាយជាកិច្ចប្រតិបត្តិការជោគជ័យបំផុត»៕