ចំនួនមនុស្ស​ស្លាប់ដោយសារ​វីរុស​កូរ៉ូណានៅតែ​កើនឡើង​ច្រើនថែមទៀត

មនុស្ស​ម្នាដើរ​ពាក់ម៉ាស​អំឡុងពេល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា

កាលពីថ្ងៃ​ព្រហស្បតិ៍ ចំនួនមនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណានៅតែ​កើនឡើង​ច្រើន​ថែមទៀតនៅក្នុងប្រទេស​ចិននៅ​ពេលគេ​រាយការណ៍​ថា​អាជ្ញាធរ​ក្រុង Wuhan បាន​ត្រូវបញ្ជា​ឱ្យប្រមែប្រមូលអ្នកស្រុក​ដែលមានផ្ទុកមេរោគនៅ​ក្រុង​នេះ។

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ថ្ងៃព្រហស្បតិ៍ថា​ មនុស្ស៥៦៣​នាក់​បាន​ស្លាប់​ដោយ​សារវីរុស​នេះ កើនឡើង​៧៣​នាក់​ពី​ចំនួនជិត៥០០នាក់​កាលពីមួយ​ថ្ងៃ​មុននោះ​ ហើយ​ថា​ចំនួនអ្នកមានផ្ទុកមេរោគ​នេះ​បានកើនឡើង​ដល់​២៨,០១៨​នាក់​ហើយ​។ ចំនួនមនុស្ស​ស្លាប់កាល​ពីថ្ងៃព្រហស្បតិ៍ជា​ចំនួន​មនុស្ស​បាត់បង់​ជីវិត​ច្រើនបំផុត​ក្នុង​ពេលមួយ​ថ្ងៃចាប់តាំង​ពី​មានការរាតត្បាត​ជំងឺ​នេះកាលពី​ខែ​ធ្នូមក។

មានករណី​មនុស្ស​ផ្ទុក​វីរុសនេះ​ប្រមាណ​១៥០​នាក់​នៅ​ក្នុង​ប្រទេស២៣ដោយ​មាន​អ្នកជំងឺ​ម្នាក់បាន​ស្លាប់នៅ​ក្នុងប្រទេសហ្វីលីពីន​ ដែលជា​អ្នកស្លាប់​ដំបូង​គេ​នៅខាងក្រៅ​ប្រទេស​ចិននិង​មានមនុស្ស​ម្នាក់​ទៀតបាន​បាត់បង់​ជីវិតនៅ​ហុងកុង។

បើតាម​រាយការណ៍​ជាច្រើននៅ​ក្នុង​បណ្តាញផ្សាយ​ព័ត៌មាន​របស់​រដ្ឋនៃប្រទេស​ចិន​ថា​វេជ្ជបណ្ឌិត​ចិន​ដែលបានព្រមា​នជាសាធារណៈអំពី​វីរុស​មួយកាល​ពីខែធ្នូ​បាន​ទទួល​អនិច្ចកម្ម​ហើយ​ដោយសារ​វីរុសកូរ៉ូណា។​ នៅ​ក្រោយ​ការព្រមាន​របស់លោក ប៉ូលិស​បានចោទ​ប្រកាន់លោក​វេជ្ជបណ្ឌិត Li Wenliang ថា​«ផ្សព្វផ្សាយ​ពាក្យ​ចចាមអារាមតាម​អ៊ីនធឺណិត» និង «បង្អាក់ធ្ងន់ធ្ងរដល់​របៀប​រៀប​រយ​សង្គម»។

បើ​តាមសារព័ត៌មាន The New York Times ថា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Sun Chunlan បាន​បញ្ជា​ដល់​អាជ្ញាធរក្រុង​ Wuhan ឱ្យ​ប្រមែប្រមូលអ្នកស្រុក​ដែល​មានជំងឺ​នេះទាំងអស់នៅ​ក្នុងក្រុង​នេះដែល​មានប្រជារាស្ត្រ១១លាននាក់ហើយ​ដាក់ពួកគេ​ឱ្យ​នៅ​ដាច់ពីគេឬ​ដាក់​ពួកអ្នកជំងឺទាំងនេះ​នៅក្នុងមន្ទីរ​ពេទ្យ​ពិសេស។

អាជ្ញាធរ​សុខាភិបាល​ជប៉ុននិយាយ​ថាមនុស្ស​១០​នាក់ថែមទៀត​នៅក្នុង​នាវា​ដឹក​អ្នកដំណើរ​កម្សាន្ត​ឆ្លងកាត់​សមុទ្រមួយ​គ្រឿង​បានត្រូវរក​ឃើញថា​មាន​ផ្ទុក​វីរុស​នេះ​ដែលបាន​បណ្តាល​ឱ្យមនុស្ស​រាប់រយ​នាក់ស្លាប់នៅក្នុងប្រទេស​ចិននិងនាំ​ឱ្យមាន​ការប្រកាស​ភាពអាសន្ន​ខាង​សុខភាព​សាកលផង​ដែរ៕