ក្បួនដើរ​របស់​​ជនចំណាក​ស្រុក​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​សហរដ្ឋអាមេរិក

រូបឯកសារ៖ ក្បួនដើរ​របស់​ពួក​ជនចំណាកស្រុក​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​

លោក Trump បាន​រិះគន់​ដោយនិយាយ​ទាំង​គ្មាន​អំណះអំណាង​ថា​ ក្រុម​​ឧក្រិដ្ឋជន និង​ជនអន្តោប្រវេសន៍​មក​ពី​តំបន់​មជ្ឈិមបូព៌ាកំពុង​​នៅ​លាយឡំ​ជាមួយ​នឹង​ពួកជនចំណាកស្រុក​មក​ពី​តំបន់​អាមេរិក​កណ្តាល​ទាំងនេះ​ដែល​មាន​បំណង់​ចូល​ក្នុងសហរដ្ឋអាមេរិក។

ក្បួនដើរ​របស់​ពួក​ជនចំណាកស្រុក​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​បាន​បន្ត​ដំណើរ​ដ៏​គ្រោះថ្នាក់​របស់​ពួកគេ​ឆ្ពោះ​ទៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ ​បន្ទាប់​ពី​បាន​ឈប់សំចត​កាល​ពី​ថ្ងៃអង្គារ​ ដើម្បី​កាន់ទុក្ខ​អ្នករួម​ដំណើរ​ម្នាក់ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ ​និង​ឧបសគ្គ​ជាច្រើន​ទៀត​នៅ​អំឡុងពេល​នៃ​ការ​ធ្វើដំណើរ​របស់​ពួកគេ។

ក្បួនដើរ​របស់​ជនចំណាកស្រុក​បែប​នេះ​បាន​ត្រូវ​ធ្វើឡើង​ជាច្រើន​ឆ្នាំ​ដោយ​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណៈ​ ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ប្រើប្រាស់​បញ្ហា​ជនចំណាកស្រុក​នេះ​ ដើម្បី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃទី៦​ខែវិច្ឆិកា​ខាង​មុខ​នេះ។

លោក Trumpបាន​សរសេរ​សារ​តាមTwitter កាល​ពី​ថ្ងៃពុធ​ថា​ រដ្ឋបាល​លោក​នឹង​មិនទទួល​យក​ជនចំណាកស្រុក​ចូល​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​ទាំង​នេះ​ទេ។ លោក​បាន​ស្នើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ធ្វើ​ការតស៊ូមតិ​ដើម្បី​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់នេះ​គួរ​ក្រលេក​មើល​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ទ្វីប​អឺរ៉ុប​ ដោយ​លោក​បាន​ពណ៌នា​ការណ៍​នេះ​ថា​ជា ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ។

លោក Trump បាន​រិះគន់​ចំពោះ​ភាពចម្រូងចម្រាស​នៃ​បញ្ហា​ជនចំណាកស្រុក​ទាំងនេះ​ចាប់តាំង​ពី​ថ្ងៃចន្ទ​មក​ ដោយ​លោក​បាន​និយាយ​ទាំង​គ្មាន​អំណះអំណាង​ថា​ ក្រុមឧក្រិដ្ឋជន និង​ជនអន្តោប្រវេសន៍​មក​ពី​តំបន់​មជ្ឈិមបូព៌ាកំពុងនៅ​លាយឡំ​ជាមួយ​នឹង​ពួកជនចំណាកស្រុក​មក​ពី​តំបន់​អាមេរិក​កណ្តាល​ទាំងនេះ​ដែល​មាន​បំណង់​ចូល​ក្នុងសហរដ្ឋអាមេរិក។

ទីប្រឹក្សា​ប្រធានាធិបតី​លោកស្រី Kellyanne Conway បាន​ថ្លែង​ការពារ​ការ​លើកឡើង​ទាំងនេះ​របស់​លោកប្រធានាធិបតី​ និង​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន​ថា​ ពួកគេ​មិន​បាន​ដឹង​ថា ​លោក​បាន​ទទួល​ព័ត៌មាន​អ្វីខ្លះ​នោះ​ទេ​ ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា«ខ្ញុំ​អាច​សន្យា​ចំពោះ​បានអ្នក​ថា​ លោក​ប្រធានាធិបតីដឹង​ច្រើន​ជាង​អ្វី​ដែល​អ្នក​ និង​ខ្ញុំ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ»៕