សមាជបក្ស​ភ្លើងទៀន នឹង​សម្រេច​ថា​នឹង​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់ ឬ​អត់

រូបឯកសារ៖ អ្នក​​​ភូមិ​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​លើ ​​​ឃុំ​​​តាសៀម​​​ កំពុង​​​ស្វែង​​​រក​​​ឈ្មោះ ​​​និង​​​លេខរៀង​ ដើម្បី​​​ចូល​​​បោះឆ្នោត​​​ជ្រើសរើស​​​អ្នក​​​ដឹក​​​នាំ​​​ឃុំ​​​ នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ឃុំ​​​សង្កាត់​​​អាណត្តិ​​​ទី​​​បួន។ (ផន បុប្ផា/វីអូអេ)

គណបក្ស​ភ្លើងទៀន​ដែល​ពី​អតីតកាល​មាន​ឈ្មោះ​ថា «គណបក្ស​សម រង្ស៊ី» បាន​ប្រកាស​ថា ​ខ្លួន​នឹង​រៀបចំ​សមាជបក្ស​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដែល​នឹង​សម្រេច​លើ​លទ្ធភាព​ថា​ ត្រូវ​ចូល​រួម​ការ​បោះ​ឆ្នោតឃុំសង្កាត់​នៅ​ឆ្នាំ២០២២ ​ឬ​ក៏​មិន​ចូល​នោះ​។

សមាជ​ថ្ងៃទី២៧ ​ខែវិច្ឆិកា ​ឆ្នាំ២០២១​របស់​គណបក្ស​ភ្លើងទៀន នឹង​ជ្រើសតាំងមេ​ដឹកនាំបក្សក្នុង​ដំណាក់​កាល​ថ្មី និង​កំណត់​ទិស​ដៅ​យុទ្ធ​សាស្ត្រ​ទៅ​ថ្ងៃ​ខាង​មុខ​របស់​បក្ស​មួយ​នេះ។​ នេះ​បើ​តាម​លោក យូ ស៊ាងហេង ​អគ្គលេខាធិការ​គណបក្ស​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា ​គណបក្ស​ភ្លើង​ទៀន​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ខែមិថុនា​ឆ្នាំ២០២២​ ខាង​មុខ ​ឬ​ទេ លោក ​យូ ស៊ាងហេង ​បាន​ប្រាប់​វីអូអេ​ថា​ គណបក្ស​នឹង​ធ្វើការ​ពិចារណា​យក​មក​ពិភាក្សា​នៅ​ពេល​ធ្វើសមាជ​នៅ​ពេលខាង​មុខ៖

«បើ​សិន​ជា​ វា​មាន​លម្ហប្រជាធិបតេយ្យ​បើក​ទូលំ​ទូលាយ ដូច​ថា​ យើង​អាច​ចុះ​មូល​ដ្ឋាន​ជួប​ជុំ​អីបាន លម្ហ​ដូច​កាល​លើក​មុន អា​ហ្នឹង​ប្រ​ហែល តែ​បើ​អត់​ទេ យើង​អត់​ដែរ។ បើ​យើង​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការអង្គប្រជុំ​ថ្នាក់​ដឹកនាំ​យើង​បាន​ទូលំទូលាយ ដូចអ្វីដែលយើង​ធ្វើ​ពី​មុន​មក​ កាល​នៅ​សង្គ្រោះ​ជាតិ​អីចឹង​ណា៎ អា​ហ្នឹង​យើង​នឹង​ចូល​រួម តែ​បើ​អត់​ទេ យើង​អត់​ចូល​រួម​ទេ​ណា»។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​បាន​កត់​សម្គាល់​ថា សភាព​ការណ៍​នយោបាយ​នៅ​តែមាន​សភាព​«តាន​តឹង»​ជាមួយ​នឹង​ការ​ចាប់​ចង និង​«បំបិទ»​សិទ្ធិ​សេរីភាព​«ច្រើន»​ទៅ​លើ​ពលរដ្ឋ និងអ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋា​ភិបាល។

ការ​ថ្លែង​របស់​លោក ​យូ ស៊ាងហេង បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ មុត ចន្ថា ​អតីតនាយ​ខុទ្ទ​កាល័យ​លោក ​កឹម សុខា កាល​ពី​ថ្ងៃ​អង្គារ ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រិះ​គន់​ការ​ធ្វើសមាជ​បក្ស​ភ្លើង​ទៀនថា​ ជា​«ការ​ដើរចេញ​ពី​សម្ព័ន្ធភាព​នយោបាយ​អតីត​គណបក្ស​សង្គ្រោះជាតិ»។

កាល​ពី​ឆ្នាំ២០១២ ​គណបក្ស​ភ្លើងទៀន​ ដែល​កាល​គ្រា​នោះ​ ជា​គណបក្ស​សម រង្ស៊ី បាន​រួប​រួមគ្នា​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក មុត ចន្ថា ថែម​ទាំង​បាន​បន្តចោទទៀត​ថា ការឈាន​ទៅ​ធ្វើសមាជបក្ស​ភ្លើងទៀន ក្នុ​ង​ពេលដែល​គណបក្ស​សិទ្ធិ​មនុស្ស​ មិន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​អនុញ្ញាតឲ្យ​រំលាយ​ខ្លួនឯង​នោះ ជា​ជំហាន​របស់​ក្រុម​អ្នក​នយោបាយ​ដែលមាន​ទំនាក់​ទំនង​ជាមួយ​នឹង​លោក​ សម រង្ស៊ី ​ឈាន​ទៅរក​ការ​ចូលរួម​ការ​បោះ​ឆ្នោត។

ត្រង់​ចំណុច​នេះ​ លោក ​យូ ស៊ាងហេង​ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​បាន​បកស្រាយថា៖

«អត់​ទេ អត់​មាន​ដើរ​ចេញ​ពី​សង្គ្រោះ​ជាតិ​ឯណា។ សង្គ្រោះ​ជាតិ​ជា​រឿង​មួយ​ដោយ​ឡែក​ផ្សេង​មួយទៀត។ យើង​មើល​ច្បាប់​គណបក្ស​នយោបាយ​ទៅ។ រឿង​ឯកឧត្ដម​ណា រឿង​លោក​ណា គាត់​មាន​មតិ​យ៉ាង​ម៉េច ជា​រឿង​សិទ្ធិ​របស់​គាត់ ព្រោះ​គាត់​មិនមែន​ជា​ភ្លើងទៀន»។​

លោក​ មុត ចន្ថា ខ្លួន​ឯង​ទើប​បាន​រួច​បម្រាម​ធ្វើ​នយោបាយ​ ក្រោយ​ពី​បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាលរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដំណាល​គ្នា​នឹង​លោក​ យ៉ែម បុញ្ញឫទ្ធិ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែលជាជំនិត​នឹង​លោក​ កឹម​ សុខា ផង​ដែរ។

លោក ​យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​រួចផុត​ពី​បម្រាមធ្វើនយោ​បាយ​នោះ​ ក៏​ទើប​នឹងបានទៅជួយ​បង្កើត​គណបក្ស​កម្ពុជា​និយម ​កាល​ពី​ខែ​កក្កដា។

តបនឹង​សំណួរ​អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិថា ការ​បង្កើត​គណបក្ស​កម្ពុជា​និយម មាន​ការ​គាំទ្រ​ពី​លោក​ កឹម សុខា ឬ​អត់ ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ពោល​កាល​ពីខែកក្កដា​ថា៖ «ខ្ញុំ​គិត​ថា ទាំង​អស់​ហ្នឹង​ប្រជាពលរដ្ឋ​ខ្មែរ​លោកយល់ លោក​ដឹង ហើយ​អង្កេត​តាម​ដាន​តទៅ​ទៀត​ចុះ​បាទ»។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី និង​ដែលកំពុង​រស់​នៅ​ក្រៅ​ប្រទេស​គេច​ពី​ការ​តាម​ចាប់​ចង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​បន្ត​គាំទ្រ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន ​ឬទេ ​លោក ​យូ ស៊ាងហេង បាន​ត​ប​ថា៖

«អត់​មាន​ពាក់ព័ន្ធ​ទេ​ណា។ ខ្ញុំ​សូម​ជម្រាប​ជូន​ប៉ុណ្ណឹង។ ព្រោះ​លោក​ណា​ដែល​ថា​ ​មាន​ពាក់​ព័ន្ធ​ហ្នឹង​ គឺ​មើល​ងាយ​ពួក​ខ្ញុំ​ពេក​ហើយ។ មាន​ន័យ​ថា ​ខ្ញុំ​អត់​ចេះ​ធ្វើការ​ ឬ​មិន​មែន? អ៊ីចឹង​អត់​មាន​ពាក់​ព័ន្ធ​ទេ​ណ៎ា។ យើង​សូម​ជម្រាប​ជូន​ប៉ុណ្ណឹង»។

គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​អនុប្រធាន​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី​ មូរ សុខហួរ ​និង​លោក ​អេង ឆៃអ៊ាង ​បាន​នៅឡើយទេ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​។

បណ្ឌិត​ សេង សារី អ្នក​វិភាគ​នយោបាយ ​បាន​លើក​ឡើង​ថា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី ​កំពុង​ស្វះ​ស្វែង​រក​ច្រក​ចេញ និង​ពិនិត្យ​លទ្ធភាពនៃ​ការ​ចូល​រួម​ការ​បោះ​ឆ្នោត។

«ជា​យុទ្ធសាស្ត្រ​ដែល​លោក​ សម រង្ស៊ី ចង់​រក្សា​ព្រលឹង​សង្គ្រោះ​ជាតិ ឬ​ក៏​ចង់​រក្សា​នូវ​ទ្រព្យនយោ​បាយ ហើយ​មិន​ចាំបាច់​ខ្លួន​ចូល​រួម​ទេ អាច​មាន​តំណាង​ ឬ​ក៏​អ្នក​ដែល​ទទួល​មរតក​បន្ត ដើម្បីអាច​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា»។​

បណ្ឌិត ​សេង សារី ​បាន​ប្រាប់​វីអូអេ​បន្ត​ថា៖ «ឥឡូវ​នេះ​វា​សញ្ញា​ហ្នឹង ពី​ខាងក្រោយ ពី​ខាង​មុខ​ វា​ជា​សញ្ញានៃ​ការ​បែក​បាក់​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា​ វា​មិន​ទាន់​ចេញ​ជា​រូប​រាង ហើយ​ណា​មួយ មេ​ដឹកនាំ​ទាំង​ពី​រ​ហ្នឹង មិន​ទាន់​បង្ហាញ​ច្បាស់ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​ថ្នាក់​ក្រោម​ហ្នឹង គឺ​សឹង​តែ​ដើរ​ចេញ​ពី​គ្នា​ហើយ»។

អ្នកវិភាគ​រូប​នេះ​បាន​បន្ថែម​ផង​ដែរ​ថា ​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​ដើរ​លើ​បន្ទាត់​នយោបាយ​ដ៏​ហានិភ័យ ត្បិត​មិន​ត្រូវ​បង្ហាញ​សញ្ញា​នៃ​ការ​គាំទ្រ​ពីក្រុម​លោក​ សម រង្ស៊ី​ ខណៈ​ដែល​ការ​ឃោសនា​រក​ការ​គាំទ្រ​សំខាន់​ គឺ​ស្ថិត​ក្នុង​ចំណោម​មូលដ្ឋាន​មហាជន​ដែល​គាំទ្រ​លោក សម រង្ស៊ី៕