គណបក្ស​ភ្លើងទៀន​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​ និង​សតិ​សម្បជញ្ញៈ ពាក់ព័ន្ធ​ការ​បោះឆ្នោត​នៅ​ខែកក្កដា​​​​​​​​​​​

រូប​ឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)

គណបក្ស​ភ្លើងទៀន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជាម្ចាស់​សន្លឹកឆ្នោត​ ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ខែកក្កដា​នេះ ព្រោះ​ការ​ចេញ​ទៅ​បោះឆ្នោត​គឺជា​ការ​ប្រើ​សិទ្ធិ​ និង​គ្មាន​នរណា​ម្នាក់​មក​ចាប់​បង្ខំ​បាន​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ។

គណបក្ស​ភ្លើងទៀន​នឹង​ខកខាន​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នេះ ក្រោយ​មាន​សេចក្តី​សម្រេច​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប)និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​ជំទាស់​នេះ ចូល​រួម​ការបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ខែ​កក្កដា​ ដោយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​១៨ចូលរួម។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​បាន​បញ្ជាក់​ថា​៖«បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញ​លេញ​ស្រប​តាម​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​ឆន្ទៈ​ និង​សតិ​សម្បជញ្ញៈ​ពិត​ប្រាកដ​របស់​ខ្លួន​ ក្នុង​ការចូល​រួម​ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ​នេះ​ ដោយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់ ការ​បង្ខិត​បង្ខំ​ ការ​គំរាមកំហែង​ ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល​ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ​»។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ គណបក្ស​ភ្លើងទៀន​ បាន​សម្តែង​ការកោត​សរសើរ​និង​អំណរ​គុណ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​តែ​បន្ត​គាំទ្រ​គណបក្ស​ភ្លើងទៀន​ បើ​ទោះ​បី​ជា​គណបក្សមិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ក៏​ដោយ។

បើតាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បាន​សម្តែង​នូវការ​មិនពេញ​ចិត្ត​ចំពោះ​អវត្តមាន​របស់​គណ​បក្ស​ភ្លើងទៀន​ ដោយសារ​តែការ​សម្រេច​របស់​គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ​

គណបក្ស​ជំទាស់​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​នៅ​តែ​រក្សា​គោល​ជំហរ​ក្នុង​ការធ្វើ​សកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ជា​ធរមាន​នានា​ជា​ពិសេស​ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​ និង​រក្សា​ឆន្ទៈ​ក្នុង​ការចូល​រួម​បោះ​ឆ្នោត​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​ស្តីពី​សិទ្ធិពលរដ្ឋ​ និងការ​បោះឆ្នោត​ខាង​លើ ធ្វើឡើង បន្ទាប់​ពីគ.ជ.ប ប្រកាស​ចាត់​វិធាន​ការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​ជន​ណា​ដែល​ប៉ុនប៉ង​បង្ក​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ តាម​រយៈ​ការ​ចេញ​ផ្សាយ​ខិត្តបណ្ណ ​ឬ​ស៉្បត​ឃោសនា​ផ្សេងៗតាម​បណ្តាញ​ព័ត៌មាន​សង្គម​ អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ឱ្យ​ខូច​សន្លឹក​ឆ្នោត និង​កុំទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​ ខណៈ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក​ គីមសួរ​ ភិរិទ្ធ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​ ដែលបាន​ចេញ​កាល​ពី​ម្សិល​មិញ​គឺ​ គ្រប់​គ្រាន់​ហើយ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ការលើក​ឡើង​ស្តី​អំពី​ការរារាំង​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។

លោក​បន្ថែម​ថា​៖«ហើយ​រឿង​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ធម្មតា​យើង​ជា​ គណបក្ស​ស្រប​ច្បាប់​ទេ​ គ្រាន់តែ​ថា​យើង​ទៅ​ធ្វើ​សកម្មភាព​លើក​ទឹក​ចិត្ត​សកម្មជន​ ថ្នាក់​ដឹក​នាំ​យើង​ នៅ​ទី​កន្លែង​នៅ​ហ្នឹង​ ទី​ស្នាក់​ការ​របស់​យើង​ជា​ធម្មតា​ទេ​ អត់​មាន​ទៅ​ធ្វើ​អី​ដូច​យើង​កន្លង​មក​មាន​យុទ្ធនាការ​ជួបជុំ​មហាជន​អី​ទេ។អាហ្នឹង​ធ្វើ​ម៉េច​យើង​មិន​បាន​ចូល​រួម​ប្រកួត​ប្រជែង​ យើង​បាន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ ជា​ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ យើង​នៅ​ទី​ស្នាក់ការ​ទេ​»។

លោក​យ៉ិត​ យុត​យូ អាយុ​ ២៣ឆ្នាំ​ អតីត​និស្សិត​ទស្សនវិជ្ជា​ បាន​ថ្លែងក្នុង​បទសម្ភាសន៍​ជាមួយវីអូអេ​ថា​ លោក​មាន​ការ​សោកស្ដាយ​ចំពោះ​អវត្តមាន​នៃ​គណបក្ស​ភ្លើងទៀន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ក៏​ប៉ុន្តែ​លោក​នៅ​តែ​ទៅ​បោះ​ឆ្នោត​ក្នុង​ការជ្រើស​រើស​តំណាង​រាស្ត្រនៅ​នាពេល​ខាង​មុខ​នេះ​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិបោះឆ្នោត​។

លោក​ថ្លែងថា​៖ «ខ្ញុំ​បាន​ឃើញ​សារ​នយោបាយ​ទាំង​ឡាយ​ដែល​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​ការរៀបចំ​ការបោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​ខ្ញុំ​គិត​ថា​សារ​នយោបាយ​នោះ​គឺ​ ជា​ការប្រើ​ប្រាស់​សិទ្ធិ​នៅ​ក្នុង​ការបង្ហាញ​អំពី​ការមិន​ពេញ​ចិត្តចំពោះ​ការមិន​អនុញ្ញាត​ឱ្យគណបក្ស​ភ្លើងទៀន​ចូល​រួម​ការបោះ​ឆ្នោត។ដូច្នេះ​ការ​មិន​ពេញ​ចិត្ត​នេះ​គឺ​ បង្ហាញ​តាម​រយៈ​ការបង្ហោះ​សារ​ដើម្បី​នាំ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​មិន​ឱ្យ​ទៅ​ចូល​រួម​ការបោះ​ឆ្នោត។​ប៉ុន្តែ​ចង់​មិន​ចង់​ចូល​មិន​ចូល​គឺ​ វា​ជា​ការ​ប្រើ​ប្រាស់​សិទ្ធ​របស់​ប្រជា​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជំពូក​ទី​៣ មាត្រា​៣៤ បាទ»។

លោក​បន្ថែម​ទៀត​ថា​ អ្នក​នយោបាយ​ជើង​ចាស់​ក៏​ដូច​ជា​អ្នក​នយោបាយ​ផ្សេង​ទៀត​គួរតែ​មាន​ការពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី​ដើម្បី​គិត​គូរ​ពី​ផល​ប្រយោជន៍​ជាតិ​និង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ជា​ ពិសេស​គឺ​ ប្រជា​ពលរដ្ឋ​ជំនាន់​ក្រោយ​ទើប​ជា​ការ ប្រសើរ​ជាង​ការ​បង្ក​ជម្លោះ​ឈ្លោះ​ទាស់​ទែង​គ្នា​ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​សង្គម​ជាតិ​ទាំង​មូល។

ជា​មួយ​គ្នា​នេះ​ដែរ​ យុវតី​ឈៀង​ ឆេង​ហៀង អាយុ​ ២១ឆ្នាំ​ និស្សិត​ឆ្នាំ​ ៣ ជំនាញ​ភាសា​អង់គ្លេស​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កញ្ញា​នឹង​ទៅ​ចូល​រួម​ការបោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ​ បើទោះ​បី​មិន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ចូល​រួម​ក៏​ដោយ។

កញ្ញា​យល់​ថា​ ក្នុង​ដំណើរ​ការបោះ​ឆ្នោត​ខាង​មុខ​គប្បី​មាន​វត្តមាន​នៃ​គណបក្ស​ភ្លើងទៀន​ចូល​រួម​ ដោយ​ថា​ មាន​តែ​គណបក្ស​ភ្លើងទៀន​ទេ​ ដែល​ជា​គូ​ប្រកួត​ប្រជែង​ដ៏​សាក​សម​នឹងការ​ប្រកួត​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា។

យុវតី​រូប​នេះ​លើក​ឡើង​ថា​៖«ខ្ញុំ​នឹង​ទៅ​ចូល​រួម​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ហ្នឹង​ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ ព្រោះ​សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​គឺ​ ជា​ជោគ​វាសនា​របស់​ប្រទេស​ជាតិ»។

កញ្ញា​បន្ថែម​ទៀត​ថា​គណបក្ស​ដែល​ជាប់​ឆ្នោត​ហើយ​គួរតែ​មាន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យមាន​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ​ ជា​ពិសេស​គឺ​គោរព​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​និង​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​វា​បាន​ត្រឹម​ត្រូវ។

ដោយ​ឡែក ​លោក​ ម៉ឹង សំអាត អាយុ​៣៥ឆ្នាំ​ដែល​មាន​សិទិ្ធ​បោះឆ្នោត​ ថ្លែង​ថា​ លោក​នឹង​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​នេះ​ឡើយ​ ដោយ​លើក​ហេតុផល​នៃការ​គ្មាន​វត្តមានគណបក្ស​ជំទាស់​ ដែល​លោក​ចាត់​ទុក​ថា​ ជា​គូប្រជែង​សំខាន់​មួយ​ជា​មួយ​គណបក្ស​កាន់​អំណាច​ក្នុងការ​ទាញ​ការ​គាំទ្រ​ពីអ្នក​បោះឆ្នោត។

លោក​បញ្ជាក់​ថា​៖«បើ​គណបក្ស​មួយ​គាត់​មាន​កម្លាំង​ប្រហាក់​ប្រហែល​ដែរ​ ប៉ុន្តែ​អត់​មាន​ការចូល​រួម​ការ​បោះ​ឆ្នោត​ វា​ដូច​មិន​មាន​ការប្រកួត​ប្រជែង​ដោយ​សេរី​ តម្លាភាព​ យុត្តិធម៌។ អ៊ីចឹង​ដល់​ពេល​អ៊ីចឹង​ខ្ញុំ​មិន​អាច​ទៅ​ចូល​រួម​ការបោះ​ឆ្នោត​បាន​ទេ​ ។បើ​និយាយ​រួម​វា​ស្មើ​នឹង​ការ​ទទួល​ស្គាល់​នៃ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ ដោយ​មិន​មាន​តម្លាភាព​ យុត្តិធម៌​ និង​ដោយ​សុក្រឹត»។

លោក​បន្ថែមថា​ ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ គួរ​មាន​វត្តមាន​បេក្ខជន​មកពី​គណបក្ស​ប្រឆាំង​ក្នុង​ការឈរ​ឈ្មោះជា​តំណាងរាស្រ្ត ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត៕