គណបក្សភ្លើងទៀនថា ខ្លួនគ្មានចេតនាបំភិតបំភ័យអង្គបោះឆ្នោត ក្រោយមានការព្រមានជាបន្តបន្ទាប់

រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

គណបក្ស​ភ្លើងទៀន​បាន​ប្រតិកម្ម​ទៅនឹង​ការ​ព្រមាន​នានា​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតជាតិ​ (​គ.ជ.ប) ​និង​ក្រសួង​មហាផ្ទៃ​ ដោយថា​ គណបក្ស​មិន​បាន​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត ​គាប​សង្កត់ ​គំរាម​កំហែង​ លួង​លោម ​ទិញដូរ​សន្លឹក​ឆ្នោត​ពី​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​នោះ​ទេ​ ដោយ​សារ​តែវាជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។​

គណបក្ស​ភ្លើង​ទៀន​ ដែលមានអង្គបោះឆ្នោត​ជាង ​២.០០០​នាក់ ​បាន​បាត់បង់​សិទ្ធិ​ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ដែលនឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ​ខែ​កុម្ភៈ ឆ្នាំ ​២០​២៤​ នេះ​ ព្រោះ​គណបក្សនៅ​មិន​អាច​បង្ហាញ​ឯកសារ​ដើម​បញ្ជាក់​អំពី​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ។​

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​គាប​សង្កត់អង្គ​បោះឆ្នោត អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ​លោក ​លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណ​បក្ស​គ្មាន​បំណង​ទុច្ចរិត​ទៅ​គាប​សង្កត់ ​គំរាម​កំហែង​ ឬ​លួងលោម​ទិញ​ដូរ​សន្លឹក​ឆ្នោត​នោះ​ទេ។​

កាល​ពី​ថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់​ខ្ពស់​គណបក្ស​ជំទាស់​រូប​នេះ​ក៏​អះអាងដូច​គ្នា​នេះ​ផង​ដែរ ​ទាក់​ទិន​ការ​ព្រមាន​របស់​ស្ថាប័ន​ គ.ជ.ប។ ​លោកថា​ គណបក្ស​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​អង្គ​បោះ​ឆ្នោត​ជាង​ ២​ ពាន់​នាក់ ​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២ ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​សន្លឹកឆ្នោត​ទៅ​តាម​ឆន្ទៈ​នយោបាយ​របស់​ពួក​គេ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ជា​ទូទៅ ​គណបក្ស​ភ្លើង​ទៀន​ ក៏​ដូច​ជាបេក្ខជន​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដែល​ជា​គណបក្ស​ដៃគូ​របស់​យើង​ តែងតែ​គោរព​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ហើយ​ច្បាប់​ផ្សេងៗ​ទៀត ​ដែល​កំពុង​[មាន]​ជាធរមាន​ នៅ​ក្នុង​កម្ពុជា​យើង។​ យើង​មិន​ដែល​ប្រើប្រាស់​មធ្យោបាយ​គំរាម​កំហែង​ ឬ​បំភិត​បំភ័យ​លើ​អង្គ​បោះ​ឆ្នោត​ ឬ​ក៏​ជំរុញ​ ឬ​ក៏​បង្ខំឲ្យ​អង្គ​បោះឆ្នោត​របស់​យើង​បោះឆ្នោត​ឲ្យ​គណ​បក្ស​នេះ ​ឬ​គណបក្ស​នោះ​ទេ»។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​គ.ជ.ប ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​ព្រមាន​ប្រើ ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​សកម្ម​ភាព​គំរាម និង​ទិញ​ទឹកចិត្តអង្គ​បោះឆ្នោត​ ដោយ​ហេតុថា​ សកម្ម​ភាព​ទាំង​នោះ​ជា​ការ​រំលោភ​សិទ្ធិ​សម្រេច​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​ និង​ប៉ះពាល់​ការ​សម្ងាត់​ក្នុង​ដំណើរ​ការ​បោះឆ្នោត។​

ក្រសួង​មហាផ្ទៃ​ក៏​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយផង​ដែរ ​កាលពី​ថ្ងៃទី​ ១៥ ​ខែ​កុម្ភៈ ​ដោយ​បាន​រៀប​រាប់​ថា​ ក្រសួង​សង្កេត​ឃើញ​ថា​ គណបក្ស​នយោបាយ​ខ្លះ​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​បង្ខិត​បង្ខំ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​ជា​អង្គ​បោះឆ្នោត ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​បាន​ជ្រើស​រើស។​

រូបឯកសារ៖ ទីស្នាក់ការ​កណ្តាល​គណបក្សភ្លើង​ទៀន​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី ភ្នំពេញ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​

ទាំង​ស្ថាប័ន ​គ.ជ.ប ​និង​ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​គណបក្ស​ណា​មួយ​នោះ​ទេ។​

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ គណបក្ស​ខ្លះបាន​គំរាមកំហែង​លើ​អ្នក​បោះឆ្នោត​ថា៖ ​«បើ​នរណា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ខ្លួន​ណែនាំ​នោះ​ទេ ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំង​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​សមាជិក​គណបក្ស​ និង​ដក​ហូត​តួនាទី​ក្រុម​ប្រឹក្សាឃុំ​សង្កាត់»។ ​

ក្រសួង​មហាផ្ទៃ​ថា​ រូបភាព​នេះ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​លើអ្នក​បោះឆ្នោត​ និង​ជា​អំពើ​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​តាម​មាត្រា​ ១៤២ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​ដែល​ចែង​កំណត់​ដោយ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ទូច សុខៈ​ និង​លោក ​ខៀវ សុភ័គ ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃបាន​នៅ​ឡើយ​ទេ។ ​

មាត្រា​ ១៤២ ​ថ្មីនៃ​«ច្បាប់​ស្តីពី​វិសោធន​កម្ម​បោះឆ្នោត» ​ដែល​ព្រះ​មហា​ក្សត្រ​ឡាយ​ព្រះ​ហស្ថកាលពី​ថ្ងៃ​ទី ៤ ​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ ចែង​ថា ​ចំពោះ​ជន​ណា ​ដែល​ធ្វើឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត ​ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារៈ ​ឬ​ដោយ​ប្រាក់​កាស​ ធ្វើ​ឲ្យ​ខូច​របៀប​រៀបរយ​ក្នុង​ពេល​បោះ​ឆ្នោត​ និង​ឲ្យ​អ្នក​គាំទ្រ ​ឬ​អ្នក​បោះ​ឆ្នោត​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ អំពើ​គំរាម​កំហែង​ អំពើ​ហិង្សា​ទៅ​លើ​បេក្ខជន​ ឬ​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ​ជា​ដើម​នោះ ​ជននោះ​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់ពី​ ៥ លាន​រៀល​ទៅ ​២០​ លានរៀល ​ដោយ​គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត ​និង​ពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។​

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​លោក ​កន សាវាង្ស​ ថ្លែង​ថា​ ការ​ឃោសនា​បោះឆ្នោត ​គឺ​សំដៅ​ដល់​ការ​បញ្ចុះ​បញ្ចូល ​អំពាវ​នាវ​ លើក​ទឹក​ចិត្ត​ និង​ពន្យល់​អំពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ឲ្យ​អង្គបោះឆ្នោត​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​នោះ។ ​លោក​បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ​ជាការ​អនុវត្ត​ស្រប​តាម​ច្បាប់ ​ប៉ុន្តែ​បើមានការ​ធ្វើ​សកម្ម​ភាពទិញ​សន្លឹក​ឆ្នោត ​ការ​ប្រើ​អំពើ​ហិង្សា ​និង​ការ​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោត​នោះ ​ទង្វើ​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុសច្បាប់។ ​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«កន្លង​មក​ គណបក្ស​នយោបាយ​មួយៗក៏ធ្លាប់​ដែរ ​មាន​ការ​បញ្ចុះ​បញ្ចូល ​មាន​ការ​អំពាវនាវ ​មាន​ការ​ឃោសនា​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ខ្លួន។ ​អាហ្នឹង​កន្លង​មក​គឺ​មាន។ ​ហើយ​វាមិន​មែន​ជា​រឿងខុស​ច្បាប់​ទេ។ ​អ្វីដែល​ចាត់​ទុក​ថា ខុសច្បាប់​គឺ​ជាការ​ទិញ​សន្លឹក​ឆ្នោត​ ការ​ប្រើ​អំពើ​ហិង្សា​ ការ​គំរាម​កំហែង ​ការ​បង្ខំអ្នក​បោះឆ្នោត ​ការ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ​អាហ្នឹង​បាន​ជា​អំពើ​មួយ ​ដែល​វា​ខុស​ជាមួយ​ច្បាប់»។​

ការបោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ឬហៅ​ថា​ ការ​បោះឆ្នោត​អសកល​ នា​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​នឹង​មាន​គណ​បក្ស​ចំនួន​៤​ចូល​ប្រកួត​ប្រជែង ​ដណ្តើម​អាសនៈ​ដែល​មាន​ចំនួន​៦២​នៅព្រឹទ្ធ​សភា។ ​គណបក្ស​កាន់​អំណាច​មាន​អង្គ​បោះឆ្នោត​ច្រើន​ជាង​គេ​ចំនួន​ជាង​៩០០០​នាក់។ ​ចំណែក​គណបក្ស​ភ្លើង​ទៀន​ដែល​គ្មាន​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​មានអង្គ​បោះ​ឆ្នោត​ជាង​ ២.០០០​នាក់។ ​ទោះបី​គណបក្ស​នេះ​មិន​អាច​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​បាន​នៅ​ពេល​នេះ​ក៏​ដោយ តែគណបក្ស​ប្រឆាំង​មួយនេះ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ខ្លួន​ឈរ​ឈ្មោះ​ជំនួស។​

គណបក្ស​ពីរ​ទៀត ​គឺ​រួមមាន​គណបក្សហ៊្វុនស៊ិនប៉ិច ដែលជា​គណ​បក្សចាស់​វស្សា​មួយ ​មាន​អង្គបោះ​ឆ្នោត​ជាង​ ២០ ​នាក់ ​ចំណែកគណបក្សថ្មី​ ដែលក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ជាផ្លូវ​ការ កាលពី​ថ្ងៃទី ​១២ ​ខែ​តុលា ​ឆ្នាំ ​២០២៣​ គឺ​គណបក្ស​កម្លាំង​ជាតិ មិនមាន​អង្គ​បោះឆ្នោត​របស់​ខ្លួន​នោះ​ទេ។ ​ដូច្នេះ ​អង្គ​បោះ​ឆ្នោត​សរុប ​មាន​ចំនួន ​១១.៧៤៧ ​នាក់ ដែល​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទាំង​អស់​ក្នុង​តំណែង ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​សកល​ចំនួន​ពីរលើក ​នៅ​ឆ្នាំ​ ២០២២ ​និង​ ២០២៣៕​